លោក ឯម រៀម បានបង្ហាញអារម្មណ៍ហាក់ដូចជាអន់ចិត្តនៅពេលឃើញពលរដ្ឋខ្មែរមួយចំនួនបានសរសើរការស្លៀកពាក់របស់តារាល្បីៗចូលរួមកម្មវិធី Met Gala ប៉ុន្តែបែរជាចោទប្រកាន់រិះគន់លោកថាបំផ្លាញវប្បធម៌ខ្មែរមិនឱ្យតម្លៃស្រ្តី ទាំងម៉ូតសំលៀកបំពាក់នោះមានភាពស្រដៀងគ្នានឹងការរចនាម៉ូតរបស់ខ្លួន។
ប្រិយមិត្តមួយចំនួនដែលតាមដានសង្គមសិល្បៈប្រាកដជាជ្រាបមកហើយថាកម្មវិធី Met Gala 2026 ដែលប្រព្រឹត្តទៅសហរដ្ឋអាម៉េរិកមានភាពទាក់ទាញយ៉ាងខ្លាំងដោយសារតែកម្មវិធីនេះពោរពេញដោយតារាល្បីៗចូលរួមជាពិសេសគឺបានឃើញពួកគេស្លៀកឈុតប្លែកៗដើរលើកម្រាលព្រំក្រហម។ 
មិនត្រឹមតែល្បីនៅអឺរ៉ុបប៉ុណ្ណោះទេប៉ុន្តែកម្មវិធីនេះក៏ទទួលបានការចាប់អារម្មណ៍ពីប្រជាជនកម្ពុជាមួយចំនួនដូចគ្នាខណៈអ្នកខ្លះក៏បង្ហាញការស្រលាញ់ឱ្យពិន្ទុទៅលើឈុតណាមួយដែលពួកគេពេញចិត្តសម្រាប់កម្មវិធីម៉ូតមួយនេះ។ ស្របពេលទស្សនិកជនមានការចាប់អារម្មណ៍លើកម្មវិធីនេះគេបានឃើញបណ្ឌិតច្នៃម៉ូត ឯម រៀម បង្ហោះសារហាក់ដូចជាអន់ចិត្តនឹងមហាជន។
លោកបានបង្ហោះរូបភាពប៉ុន្មានសន្លឹកអមដោយពាក្យពេចន៍ថា «ឯម រៀម មានម៉ូតបែបនេះរួចហើយ ត្រូវបានបងប្អូនថា អាបំផ្លាញវប្បធម៌ មិនឱ្យតម្លៃស្ត្រី…ពេលម្សិលមិញនៅពិធី Met Gala 2026 ម៉ូតស្រដៀងគ្នា បងប្អូនបានចែករំលែកបន្ត ថាស្អាតណាស់»។ នៅក្នុងរូបភាពច្នៃម៉ូតដែលលោកបានយកមកបង្ហាញនេះមានដូចជាតារាល្បី Gigi Hadid , Hailey Bieber, Kylie Jenner និង Janelle Monáe ។
ការបង្ហោះសារក្នុងន័យអន់ចិត្តដែលប្រជាជនខ្មែរមួយចំនួនមិនទទួលស្គាល់ស្នាដៃរបស់ខ្លួនបែរជាសរសើរស្នាដៃជាតិសាសន៍ដទៃនេះ ក៏មានអ្នកគាំទ្រមួយចំនួនរបស់លោកបង្ហាញការលើកទឹកចិត្តនិងបង្ហាញថាពួកគេចូលចិត្តស្នាដៃរបស់លោក ឯម រៀម ផងដែរ៕










