បើទោះជាបច្ចេកវិទ្យាជឿនលឿនយ៉ាងណាក៏ដោយ ប៉ុន្តែការបំពេញការងារដោយកម្លាំងមនុស្សពិតនៅតែជាអទិភាពខ្ពស់! ថ្មីៗនេះតុលាការនៅទីក្រុងហាំងចូវ ប្រទេសចិន បានអនុម័តច្បាប់ថ្មីមួយដោយកំណត់ថា ការបញ្ឈប់បុគ្គលិកជាមនុស្សពិត រួចជំនួសតួនាទីវិញដោយបច្ចេកវិទ្យា AI ដើម្បីសន្សំសំចៃថ្លៃចំណាយលើបុគ្គលិក ត្រូវបានចាត់ទុកថាជារឿងខុសច្បាប់។

យោងតាមការចុះផ្សាយរបស់ The Business Times កាលពីថ្មីៗនេះបានឲ្យដឹងថា ប្រទេសចិនបានដាក់ចេញនូវច្បាប់ថ្មីដែលមានគោលបំណងការពារសិទ្ធិអ្នកធ្វើការ តាមរយៈការធ្វើឲ្យវាក្លាយជារឿងខុសច្បាប់សម្រាប់ក្រុមហ៊ុន ក្នុងការបញ្ឈប់បុគ្គលិកដែលជាមនុស្ស រួចជំនួសពួកគេវិញដោយបញ្ញាសិប្បនិម្មិត ឬ AI ដើម្បីកាត់បន្ថយថ្លៃដើមទៅលើប្រាក់ខែរបស់បុគ្គលិក។ 
សេចក្តីសម្រេចនេះធ្វើឡើងបន្ទាប់ពីមានករណីក្រុមហ៊ុនមួយបានព្យាយាមបញ្ឈប់បុគ្គលិកផ្នែកបច្ចេកវិទ្យាម្នាក់ដោយលើកឡើងថា AI អាចបំពេញការងារបានដោយមានមានប្រសិទ្ធភាព និងតម្លៃកម្លាំងពលកម្មទាបជាងការជួលមនុស្សពិតមកធ្វើការ។ បន្ទាប់ពីដាក់ពាក្យបណ្ដឹងតវ៉ាតាមផ្លូវច្បាប់ បុគ្គលិករូបនោះទទួលបានការកាតសេចក្ដីឲ្យឈ្នះ ដោយតុលាការបានគូសបញ្ជាក់ថា បច្ចេកវិទ្យា AI គឺជាឧបករណ៍ជំនួយដល់ផលិតភាពនៃការងាររបស់មនុស្ស ប៉ុន្តែមិនអាចយកវាមកធ្វើជាលេសដើម្បីលុបបំបាត់តួនាទីរបស់មនុស្សបានឡើយ។ បន្ថែមលើនោះ តុលាការក៏បានបង្ខំឱ្យក្រុមហ៊ុនដែលបញ្ឈប់បុគ្គលិកដោយខុសច្បាប់នោះ ត្រូវផ្តល់សំណង ឬទទួលបុគ្គលិកឱ្យចូលបម្រើការងារវិញផងដែរ។.jpg)
វិធានការនេះឆ្លុះបញ្ចាំងពីការព្រួយបារម្ភកាន់តែខ្លាំងឡើងនៅទូទាំងពិភពលោក អំពីស្វ័យប្រវត្តិកម្ម និងឥទ្ធិពលរបស់ AI ទៅលើការងាររបស់មនុស្ស។ ក្នុងនោះវាបានបង្ហាញឲ្យឃើញថា ក្រៅពីអាចជំរុញផលិតភាពការងារ AI ក៏បង្កើនការភ័យខ្លាចចំពោះភាពអត់ការងារធ្វើទ្រង់ទ្រាយធំផងដែរ ជាពិសេសនៅក្នុងវិស័យផលិតកម្ម សេវាកម្មអតិថិជន និងរដ្ឋបាល។
ទោះជាយ៉ាងណា ចំពោះវិធីសាស្រ្តអនុម័តច្បាប់ថ្មីរបស់ប្រទេសចិន បានក្លាយជាគំរូមួយសម្រាប់បណ្តាប្រទេសផ្សេងៗទៀត ដែលកំពុងប្រឈមមុខនឹងការរីកចម្រើនយ៉ាងរហ័សនៃ AI នៅក្នុងកន្លែងធ្វើការ។ វាសបញ្ជាក់ឱ្យឃើញថា ទោះបីជាបច្ចេកវិទ្យាអាចធ្វើការងារបានច្រើន និងថោកជាងក៏ដោយ ប៉ុន្តែតម្លៃនៃ ពលកម្មមនុស្ស និង កិច្ចសន្យាការងារ នៅតែមានទម្ងន់ផ្លូវច្បាប់ដែលត្រូវគោរព៕










