ឧស្សាហកម្មស្ករសថៃកំពុងតែជួបវិបត្តិធ្ងន់ធ្ងរហើយពេលនេះ បន្ទាប់ពីថៃបិទព្រំដែនជាឯកតោភាគីជាមួយកម្ពុជា បណ្តាលឱ្យការនាំចេញស្ករសមកកាន់កម្ពុជាកាលពីឆ្នាំ២០២៥ ធ្លាក់ចុះ រីឯការនាំចេញស្ករសទៅឥណ្ឌូណេស៊ី ក៏ធ្លាក់ចុះដែរ ដោយសារឥណ្ឌូណេស៊ីកាត់បន្ថយការនាំចូល ។ បន្ទាប់ពីអស់ទីផ្សារនាំចេញ មន្ត្រីក្រសួងពាណិជ្ជកម្មថៃណែនាំឱ្យប្រញាប់ស្វែងរកទីផ្សារថ្មីៗ ដើម្បីកាត់បន្ថយការពឹងផ្អែកខ្លាំងលើកម្ពុជា និងឥណ្ឌូណេស៊ី ខណៈកន្លងមក ថៃបាននាំចេញស្ករសច្រើនទៅកាន់ឥណ្ឌូណេស៊ី បន្ទាប់មក កម្ពុជា កូរ៉េខាងត្បូង និងហ្វីលីពីន ។
ក្រសួងពាណិជ្ជកម្មថៃកំពុងតែភ័យស្លន់ស្លោប្រញាប់ស្វែងរកទីផ្សារថ្មី បន្ទាប់ពីឥណ្ឌូណេស៊ីជាដៃគូពាណិជ្ជកម្មលំដាប់ទី១ ប្រកាសកាត់បន្ថយការនាំចូលស្ករសពីថៃ និងផ្តោតលើការផលិតក្នុងប្រទេសឥណ្ឌូណេស៊ីជំនួសវិញ ។ វាធ្វើឱ្យប៉ះពាល់ដល់ការនាំចេញស្ករសថៃ ហើយប្រសិនបើថ្ងៃអនាគត ឥណ្ឌូណេស៊ីបញ្ឈប់ការនាំចូលស្ករសទាំងស្រុង គឺថៃនឹងរងផលប៉ះពាល់កាន់តែខ្លាំងដូចជា ៖ ស្ករសនៅសេសសល់ពេញស្តុក, កសិករដាំអំពៅសម្រាប់ផលិតស្ករស បាត់បង់ប្រាក់ចំណូល ។
ប្រធានការិយាល័យគោលនយោបាយ និងយុទ្ធសាស្ត្រពាណិជ្ជកម្ម លោក ណាន់ថាក់ផុង ជិរ៉ាក់ឡឺតផុង កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ បាននិយាយពីការនាំចេញស្ករសរបស់ថៃប្រឈមនឹងបញ្ហាគ្មានទីផ្សារ ដោយសារឥណ្ឌូណេស៊ីប្រកាសកាត់បន្ថយការនាំចូលស្ករសថៃ ដើម្បីជំរុញគោលនយោបាយផលិតស្ករសបំពេញតម្រូវការនៅឥណ្ឌូណេស៊ី ដែលគោលនយោបាយនេះអនុវត្តតាំងពីថ្ងៃទី១ ខែមករា ។ បន្ទាប់ពីឥណ្ឌូណេស៊ីជាទីផ្សារនាំចេញស្ករសដ៏សំខាន់របស់ថៃ ប្រកាសកាត់បន្ថយការនាំចូល ថៃត្រូវតែស្វែងរកទីផ្សារថ្មីទៀតកុំឱ្យស្ករសនៅសេសសល់ច្រើន ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod ។
លោក ណាន់ថាក់ផុង ប្រធានការិយាល័យគោលនយោបាយ និងយុទ្ធសាស្ត្រពាណិជ្ជកម្ម បានណែនាំឱ្យក្រសួងពាណិជ្ជកម្មថៃប្រញាប់ស្វែងរកទីផ្សារថ្មីសម្រាប់នាំចេញស្ករស ដូចជា ៖ នាំចេញទៅអាស៊ីបូព៌ា និងអាស៊ីកណ្តាល ដែលនៅមានតម្រូវការ ដើម្បីកាត់បន្ថយការពឹងផ្អែកខ្លាំងលើឥណ្ឌូណេស៊ី ព្រមទាំងណែនាំឱ្យត្រួតពិនិត្យគុណភាពស្កររស្របតាមស្តង់ដារសម្រាប់ផ្តល់ទំនុកចិត្តដល់ប្រទេសនាំចូល ។
លោកសង្កត់ធ្ងន់ថា ស្ថានការណ៍ពាណិជ្ជកម្មលើពិភពលោកបច្ចុប្បន្នបានផ្លាស់ប្តូរគ្រប់ពេលវេលា ដែលទាមទារឱ្យតាមដានយ៉ាងយកចិត្តទុកដាក់ទៅលើតម្លៃផលិតផល និងគោលនយោបាយរបស់ប្រទេសជាដៃគូពាណិជ្ជកម្ម ដើម្បីឱ្យកសិករ និងអាជីវកម្មថៃ អាចកំណត់ផែនការសម្របខ្លួនរយៈពេលខ្លី រហូតដល់រយៈពេលវែង ។
ប្រសិនបើថៃមិនអាចនាំចេញស្ករសទៅក្រៅប្រទេសតាមគោលដៅទេនោះ នឹងធ្វើឱ្យថៃប្រឈមបញ្ហាស្ករសនៅសេសសល់យ៉ាងច្រើនពេញស្តុក ហើយត្រូវចំណាយដើមទុនខ្ពស់បន្ថែមទៀតក្នុងការរក្សាគុណភាពស្ករស រយៈពេលយូរ ។
សូមរំឭកថា កាលពីឆ្នាំ២០២៥ ថៃបាននាំចេញស្ករស ចំនួន៥លាន ៥សែនតោន ទៅកាន់ប្រទេសនានាលើពិភពលោក ស្មើទឹកប្រាក់ជាង២,៦០០លានដុល្លារ ក្នុងនោះថៃនាំចេញស្ករសទៅឥណ្ឌូណេស៊ី ស្មើ៧១៥លានដុល្លារ (ឬស្មើ២៧% នៃការនាំចេញសរុប) ។ បន្ទាប់មក គឺនាំចេញទៅកម្ពុជា ស្មើ៣៩៧លានដុល្លារ (ធ្លាក់ចុះ១៤.១%), កូរ៉េខាងត្បូង ស្មើ២៦៣លានដុល្លារ (កើនឡើង១០.៩%) និងនាំចេញទៅហ្វីលីពីន ស្មើ២១៦លានដុល្លារ (កើនឡើង៧៦.៨%) ៕










