ក្នុងពេលដំណើរទស្សនកិច្ចកាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ របស់ក្រុមអនុព័ន្ធយោធាបរទេស (MACPP) ប្រចាំប្រទេសកម្ពុជា ចុះសង្កេតការណ៍នៅច្រកអូរស្មាច់ ខេត្តឧត្តរមានជ័យ ក្រោយបទឈប់បា.ញ់ចូលជាធរមាន ដើម្បីសង្កេតការណ៍ និងត្រួតពិនិត្យនៅទីតាំងជាក់ស្តែង ស្រាប់តែកម្លាំងយោធាថៃផ្ទុះអាវុ.ធ ចំនួន៥លើក ចាប់ពីម៉ោង១០និង៣៥នាទីព្រឹក ដល់ម៉ោង១១និង០៩នាទី ដោយបានបា.ញ់កាំភ្លើងប្រភេទ M79 និងប្រភេទ M16 សរុប៩គ្រាប់ ។ ប៉ុន្តែអ្នកនាំពាក្យក្រសួងការពារជាតិថៃបែរជានិយាយលាងខ្លួនថា កម្លាំងយោធាថៃគ្រាន់តែដុតផាវព្រមានប៉ុណ្ណោះដើម្បីកុំឱ្យភាគីកម្ពុជាចូលកៀកទីតាំងរាយបន្លាលួស មិនមែនជាការផ្ទុះអាវុ.ធទេ ។
.jpg)
កាលពីថ្ងៃទី២៩ ខែមេសា ក្រុមអនុព័ន្ធយោធាបរទេស (MACPP) ប្រចាំប្រទេសកម្ពុជា បានចុះសង្កេតការណ៍នៅច្រកអូរស្មាច់ ខេត្តឧត្តរមានជ័យ ក្រោយបទឈប់បាញ់ចូលជាធរមាន ហើយមុនការចុះសង្កេតការណ៍នេះ ក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) នៃយោធភូមិភាគទី៤ កម្ពុជា ក៏បានចេញលិខិតជូនដំណឹងជាផ្លូវការទៅកាន់ក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) នៃកងទ័ពភូមិភាគទី២ ថៃ រួចរាល់ដែរ ។ ប៉ុន្តែក្នុងអំឡុងពេលកំពុងសង្កេតការណ៍ និងត្រួតពិនិត្យនៅទីតាំងជាក់ស្តែង បែរជាកម្លាំងយោធាថៃផ្ទុះអាវុធទៅវិញ ដែលជាសកម្មភាពផ្ទុយនឹងស្មារតីនៃបទឈប់បាញ់ និងកិច្ចព្រមព្រៀងទាំងឡាយដែលភាគីទាំងពីរបានឯកភាពគ្នាដើម្បីកាត់បន្ថយភាពតានតឹង និងលើកកម្ពស់សន្តិភាព សន្តិសុខ និងភាពស្ងប់ស្ងាត់តាមបណ្តោយព្រំដែន ។.jpg)
បន្ទាប់ពីកម្លាំងយោធាថៃផ្ទុះអាវុធនៅចំពោះមុខក្រុមអនុព័ន្ធយោធាបរទេសបរទេសរួចមក នៅថ្ងៃដដែល អ្នកនាំពាក្យក្រសួងការពារជាតិថៃ លោក ស៊ុរ៉ាសាន់ គង់ស៊ិរិ បាននិយាយលាងខ្លួនថា កម្លាំងយោធាថៃគ្រាន់តែដុតផាវដើម្បីព្រមានកុំឱ្យភាគីកម្ពុជាចូលកៀកទីតាំងរាយបន្លាលួស មិនមែនជាការផ្ទុះអាវុធអ្វីទេ ។ កម្លាំងយោធាថៃបានតាមដានស្ថានការណ៍យ៉ាងដិតដល់ កុំឱ្យមានការយល់ច្រឡំណាមួយ និងរក្សាស្ថិរភាពនៅព្រំដែន ។
គួរបញ្ជាក់ថា ហេតុការណ៍ផ្ទុះអាវុធនៅចំពោះមុខយោធាបរទេសដែលចុះសង្កេតការណ៍តាមរយៈការសម្របសម្រួលរបស់ក្រសួងការពារជាតិកម្ពុជា ក៏ធ្លាប់កើតឡើងនាពេលកន្លងមកដែរ ពោលគឺកាលពីខែវិច្ឆិកា ឆ្នាំ២០២៥ កម្លាំងយោធាថៃបានផ្ទុះអាវុធនៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ក្នុងពេលក្រុមអ្នកសង្កេតការណ៍អាស៊ានចុះទៅសង្កេតការណ៍ ។.jpg)
ការផ្ទុះអាវុធពីសំណាក់កម្លាំងយោធាថៃ កំពុងតែបង្ហាញឱ្យយោធាបរទេសមើលឃើញកាន់តែច្បាស់អំពីទង្វើឈ្លានពានប្រទេសជិតខាង និងបំពានកិច្ចព្រមព្រៀងនានាដែលថៃបានធ្វើជាមួយកម្ពុជា ។ ក្រុមអ្នកសង្កេតការណ៍មើលឃើញថា ហេតុការណ៍នេះអាចបង្កក្តីបារម្ភជាថ្មីចំពោះស្ថិរភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ បើទោះជាភាគីទាំង២បានប្តេជ្ញារក្សាបទឈប់បាញ់ និងស្វែងរកដំណោះស្រាយដោយសន្តិវិធីក៏ដោយ ។
ចំណែកកងកម្លាំងរបស់កម្ពុជាបាននិងកំពុងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ ។ កម្ពុជា ក្នុងនាមជារដ្ឋគោរពច្បាប់ និងមានការទទួលខុសត្រូវខ្ពស់ កម្ពុជាប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះដោយសន្តិវិធី ហើយការសម្រេចបាននូវសន្តិភាពយូរអង្វែងរវាងប្រទេសទាំងពីរ ដែលរួមចំណែកដល់សន្តិភាព ស្ថិរភាព និងឯកភាពក្នុងអាស៊ាន គឺទាមទារការប្តេជ្ញាចិត្តពិតប្រាកដ និងការគោរពពេញលេញចំពោះច្បាប់អន្តរជាតិ ធម្មនុញ្ញអាស៊ាន ក៏ដូចជាសន្ធិសញ្ញា និងកិច្ចព្រមព្រៀងមានស្រាប់ទាំងអស់ដែលចងភ្ជាប់ជាមួយគ្នា ៕










