បច្ចេកវិទ្យាវិស្វកម្មរបស់ចិនបានធ្វើឱ្យរឿងដែលមិនអាចទៅរួច ក្លាយជាការពិត! នៅខេត្តគុយចូវ (Guizhou) អ្នកមិនត្រឹមតែអាចបើកបររថយន្តនៅលើថ្នល់ធម្មតានោះទេ ប៉ុន្តែគឺអាចបើកបរទម្លុះពពក និងអ័ព្ទ ដែលមើលទៅហាក់បីដូចជាទិដ្ឋភាពក្នុងភាពយន្តវិទ្យាសាស្ត្រអញ្ចឹងដែរ។
កាលពីមុន គុយចូវគឺជាតំបន់ភ្នំដាច់ស្រយាលដែលពិបាកធ្វើដំណើរខ្លាំងបំផុត ប៉ុន្តែឥឡូវនេះ វាបានក្លាយជាកន្លែងប្រមូលផ្តុំទៅដោយស្ពានខ្ពស់ៗជាងគេបំផុតលើពិភពលោក។ ពេលអ្នកបើកបរឆ្លងកាត់ស្ពានដូចជាស្ពាន Beipanjiang ដែលមានកម្ពស់ខ្ពស់កប់ពពក រហូតដល់ ៥៦៥ម៉ែត្រ ជាមួយប្រវែងដ៏វែង ១៣៤១ម៉ែត្រ អ្នកនឹងមានអារម្មណ៍ថាឡានរបស់អ្នកកំពុងអណ្តែតលើអាកាស។

នៅពេលព្រឹកព្រលឹម ឬក្រោយភ្លៀងធ្លាក់រួច ជ្រលងភ្នំនៅទីនោះនឹងពោរពេញទៅដោយសមុទ្រពពកពណ៌សក្បុស។ នៅពេលអ្នកបើកចូលទៅ រថយន្តរបស់អ្នកនឹងបាត់ខ្លួនចូលទៅក្នុងពពក រួចក៏លេចចេញមកវិញនៅម្ខាងទៀតនៃភ្នំ។ វាជាបទពិសោធន៍មួយដែលធ្វើឱ្យព្រឺព្រួចផង និងរំភើបផងក្នុងពេលតែមួយ។
ក្រៅពីស្ពានដ៏មហិមា ទេសភាពសងខាងផ្លូវគឺសុទ្ធតែជាភ្នំខៀវស្រងាត់ និងទឹកជ្រោះធ្លាក់មកពីលើកំពូលភ្នំ។ ជាទូទៅអ្នកបើកបរនៅទីនេះមិនមែនធ្វើដំណើរដើម្បីទៅដល់គោលដៅនោះឡើយ ប៉ុន្តែពួកគេគ្រាន់តែចង់ជិះឡានកម្សាន្តតាមដងផ្លូវនៃស្ពាននេះតែប៉ុណ្ណោះ។
.jpg)
ស្ពាន និងផ្លូវល្បឿនលឿនទាំងនេះ មិនត្រឹមតែសាងសង់ឡើងដើម្បីសម្រួលការធ្វើដំណើរប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការបង្ហាញពីមហិច្ឆតារបស់មនុស្សក្នុងការយកឈ្នះលើធម្មជាតិ។ ពីតំបន់ដែលធ្លាប់តែក្រីក្រ និងដាច់ឆ្ងាយ ឥឡូវនេះគុយចូវបានក្លាយជាមជ្ឈមណ្ឌលបច្ចេកវិទ្យា និងទេសចរណ៍ដ៏លេចធ្លោបំផុតមួយនៅក្នុងប្រទេស។
ចុះសម្រាប់ប្រិយមិត្តវិញ បើមានឱកាសបានទៅលេងទីនោះ តើហ៊ានបើកបរលើស្ពានដែលខ្ពស់កប់ពពកបែបនេះដែរឬទេ?










