ការបិទព្រំដែនជាមួយកម្ពុជាជាឯកភាគីពីសំណាក់ភាគីថៃតាំងពីមិថុនា ឆ្នាំ២០២៥ បានធ្វើឱ្យប៉ះពាល់សេដ្ឋកិច្ចថៃយ៉ាងខ្លាំង ជាពិសេស ពលរដ្ឋថៃដែលប្រកបរបរនៅតាមបណ្តោយព្រំដែនរងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារបាត់បង់ប្រាក់ចំណូលសំខាន់ ។ ពលរដ្ឋថៃលក់ដូរនៅផ្សាររុងក្លឿ ខេត្តស្រះកែវ រងផលប៉ះពាល់ខ្លាំងពីការបិទព្រំដែន បានទទូចជាថ្មីទៅកាន់រដ្ឋាភិបាលរបស់ខ្លួនឆាប់បើកព្រំដែនឡើងវិញ ពីព្រោះបច្ចុប្បន្ន ផ្សារមានសភាពស្ងាត់ជ្រងំ គ្មានភ្ញៀវទេសចរ ប្រសិនបើស្ថានការណ៍នៅតែបែបនេះ សេដ្ឋកិច្ចខេត្តស្រះកែវនឹងកាន់តែដុនដាបមិនខាន ។

ពលរដ្ឋ និងអាជីវករលក់ដូរនៅផ្សាររុងក្លឿបានទទូចម្តងហើយម្តងទៀតឱ្យរដ្ឋាភិបាលបើកព្រំដែនកម្ពុជា-ថៃជាបន្ទាន់ ពីព្រោះថៃជាអ្នករងផលប៉ះពាល់ខ្លាំងជាងដោយសារការបិទព្រំដែននេះ កាលពីមុន ប្រាក់ចំណូលរកបានក្នុង១ថ្ងៃៗស្មើរាប់ពាន់បាតអាចចិញ្ចឹមគ្រួសារមានជីវភាពធូរធា ប៉ុន្តែតាំងពីបិទព្រំដែនមក បាត់បង់ចំណូលទាំងស្រុង ។ ទោះជាមានការសំណូមពរម្តងហើយម្តងទៀត និងប៉ះពាល់សេដ្ឋកិច្ចថៃខ្លាំងក្តី ក៏រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី Anutin Charnvirakul នៅតែប្រកាន់ជំហរបិទបន្តទៀតរហូតដល់កម្ពុជាយល់ព្រមតាមលក្ខខណ្ឌ ។
តាមការចុះផ្សាយរបស់សារព័ត៌មាន Thairath កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ ផ្សាររុងក្លឿ ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ មានបរិយាកាសស្ងាត់ជ្រងំ តូបលក់ដូរជាច្រើន បង្ខំចិត្តបិទទ្វារបណ្តោះអាសន្ន រង់ចាំរហូតដល់ព្រំដែនបើកឡើងវិញ ដោយសារមិនអាចរកប្រាក់ចំណូលពីការលក់ដូរនាពេលបច្ចុប្បន្ន ។ ពីមុន ផ្សារនេះជាទីផ្សារជំរុញសេដ្ឋកិច្ចព្រំដែនដ៏សំខាន់របស់ថៃ មានភ្ញៀវទេសចរបរទេសឆ្លងដែនទៅមក ប៉ុន្តែពេលនេះ ផ្សារបែរជាមានសភាពស្ងាត់ជ្រងំ គ្មានការលក់ដូរ អាជីវករគ្មានលទ្ធភាពប្រមូលដើមទុនមកវិញ ។
បើតាមអាជីវកផ្សាររុងក្លឿ គឺបច្ចុប្បន្ន គ្មានភ្ញៀវទេសចរឡើយ ខុសពីពេលមុនបិទព្រំដែន សម្បូរភ្ញៀវទេសចរ ។ ស្ថានការណ៍ស្ងប់ស្ងាត់បែបនេះធ្វើឱ្យបាត់បង់ប្រាក់ចំណូលទាំងស្រុង គ្មានប្រាក់បង់ថ្លៃតូប គ្មានប្រាក់បង់ទឹក-ភ្លើង និងការចំណាយផ្សេងៗ អាជីវករជាច្រើននាក់បានត្រឹមតែរង់ចាំឱ្យរដ្ឋាភិបាលរបស់ខ្លួនបើកព្រំដែនឡើងវិញ ។
ការបិទព្រំដែនមិនត្រឹមតែបង្កផលប៉ះពាល់ដល់អាជីវករថៃប៉ុណ្ណោះទេ រថយន្តឈ្នួលដែលដឹកភ្ញៀវទេសចរទៅកាន់ទីក្រុងបាងកក និងទៅបណ្តាខេត្តផ្សេងៗ ក៏រងផលប៉ះពាល់ខ្លាំងដោយសារការបិទព្រំដែនដែរ ។ ពលរដ្ឋថៃប្រកបរបរដឹកភ្ញៀវប្រាប់ថា ការបិទព្រំដែនធ្វើឱ្យពួកគេសម្រេចបោះបង់មុខរបរនេះ និងងាកទៅប្រកបរបរផ្សេង គ្រាន់បានប្រាក់ខ្លះយកមកចិញ្ចឹមគ្រួសារអាចរស់បានមួយថ្ងៃៗ ។
អាជីវករលក់ដូរ អ្នកលើកដាក់អីវ៉ាន់ អ្នកបើករ៉ឺម៉ក និងឡានឈ្នួល ទទូចឱ្យរដ្ឋាភិបាលថៃបើកព្រំដែនឆាប់ៗដើម្បីជួយសម្រាលទុក្ខលំបាករបស់ពលរដ្ឋ ប្រសិនបើព្រំដែននៅតែបិទ សេដ្ឋកិច្ចគ្រួសារ រួមទាំងសេដ្ឋកិច្ចខេត្តស្រះកែវ នឹងកាន់តែដុនដាបខ្លាំង ។ ស្ថានការណ៍នេះ ប៉ះពាល់សេដ្ឋកិច្ចក្នុងតំបន់ដោយផ្ទាល់ ហើយបើរង់ចាំប្រាក់ចំណូលពីការប្រកបរបរទាំងនេះ មុខជាដាច់ពោះស្លាប់មិនខាន ពួកគេចង់ឱ្យបើកព្រំដែនឆាប់ៗដើម្បីជួយស្រោចស្រង់សេដ្ឋកិច្ច ។.jpg)
គួរបញ្ជាក់ថា ការសម្រេចបិទព្រំដែនជាឯកតោភាគីរបស់ថៃបានធ្វើឱ្យខាតប្រយោជន៍ថៃខ្លួនឯងយ៉ាងធ្ងន់ធ្ងរ ដោយសារថៃជាអ្នកលក់ទំនិញក្នុងចំនួនដ៏ច្រើនដល់កម្ពុជា ។ ម្យ៉ាងទៀត វាបង្ហាញពីថៃល្មើសគោលការណ៍ច្បាប់អន្តរជាតិ និងសុច្ឆន្ទៈក្នុងតំបន់ ដែលទង្វើនេះមិនត្រឹមតែធ្វើឱ្យខូចដល់កិច្ចសហប្រតិបត្តិការការទូតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរំលោភលើសិទ្ធិមនុស្សជាមូលដ្ឋានផងដែរ ដោយថៃលើកពីហេតុផលមិនសមរម្យថា ដើម្បីទប់ស្កាត់ការឆបោកអនឡាញ ។
កម្ពុជា គឺជាជនរងគ្រោះនៃការឈ្លានពាន និងការឆបោកអនឡាញហូរចូលពីប្រទេសថៃ ហើយនេះមិនមែនជាលើកទី១ទេ ដែលថៃព្យាយាមបំភ្លៃការពិត លាបពណ៌ប្រទេសជិតខាង ដើម្បីបិទបាំងប្រទេសខ្លួនជាទីតាំងឆបោកអនឡាញដ៏ធំក្នុងតំបន់ ។ រដ្ឋាភិបាល កងទ័ព និងសារព័ត៌មានថៃ ព្យាយាមធ្វើយ៉ាងណា ឱ្យពិភពលោកជឿថា ការចោទប្រកាន់មកលើកម្ពុជាជាការពិត ដើម្បីបិទបាំងពីសកម្មភាពឈ្លានពាន ហេតុនេះ ការបិទព្រំដែនពីសំណាក់ថៃធ្វើឡើងគ្រាន់តែដើម្បីផលចំណេញនយោបាយ និងផ្គាប់ចិត្តក្រុមជាតិនិយមជ្រុលប៉ុណ្ណោះ ខណៈពលរដ្ឋខ្លួនកំពុងដាច់ពោះស្លាប់ ៕










