Home ព័ត៌មានអន្តរជាតិ ថៃរកឃើញសំណង់ថ្មភក់នៅខេត្តនគរាជសីម៉ា សង្ស័យជាប្រាសាទបុរាណខ្មែរមានអាយុជិត១ពាន់ឆ្នាំ

ថៃរកឃើញសំណង់ថ្មភក់នៅខេត្តនគរាជសីម៉ា សង្ស័យជាប្រាសាទបុរាណខ្មែរមានអាយុជិត១ពាន់ឆ្នាំ

166
0

ថៃបានរកឃើញសំណង់ថ្មភក់នៅខេត្តនគរាជសីម៉ា (ភាគឦសានប្រទេសថៃ) សង្ស័យជាប្រាសាទបុរាណរបស់ខ្មែរដែលមានអាយុជិត១,០០០ឆ្នាំ ពេលនេះ ក្រុមបុរាណវិទូថៃកំពុងស្រាវជ្រាវបន្ថែមដើម្បីបញ្ជាក់ពីសំណង់ដែលកប់នៅក្រោមដីកណ្តាលខេត្តនគរាជសីម៉ា បន្ទាប់មក មន្ត្រីខេត្តនឹងរៀបចំបរិវេណនេះជាទីតាំងសម្រាប់ការស្រាវជ្រាវពីវត្ថុបុរាណដ៏សំខាន់ថ្មីមួយទៀតនាថ្ងៃអនាគត ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxt1YL7DuitvlwuNKGvAp_XiFNoNVx-qIjTTW82vqnXQhnnHt1R2n9FlfirpM-jlg5hp2TBbcmv2IfLIbIhABeL5WQCuXZfX33A9nSXaJexNZWRwVt5LmlgUjWqtUoHofL2lqBd3jOpdDYAwX15l2MDLStXvDXokbsNrpsb5T6f7UDPMV9RS9x9_UyZNY/s1280/photo_2026-04-28_14-43-28.jpg
កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ នៅប្រទេសថៃផ្ទុះការចាប់អារម្មណ៍ខ្លាំងបន្ទាប់ពីរកឃើញសំណង់ថ្មភក់ ដែលសង្ស័យជាប្រាសាទបុរាណខ្មែរមានអាយុជិត១,០០០ឆ្នាំ ស្ថិតនៅឃុំបានម៉ៃ ស្រុកមឿង ខេត្តនគរាជសីម៉ា ។ សំណង់ថ្មភក់នេះត្រូវបានរកឃើញលើដីឯកជន ហើយម្ចាស់ដីបានអនុញ្ញាតឱ្យក្រុមបុរាណវិទូដឹកនាំដោយនាយកដ្ឋានវិចិត្រសិល្បៈខេត្ត ចុះត្រួតពិនិត្យយ៉ាងប្រុងប្រយ័ត្នដើម្បីចៀសវាងការខូចខាតវត្ថុបុរាណ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivXi8doMbXH9YdXNdkDuMJIMWFyKx9X_YKP547n1eOsGPABaTF9cBWIxW05G1Ak8ZwC8kH0iXt_vYgkPCKIbL1kNO7ycAnmNf_c0vokRuE8iDYHt3zs-Y8zatOHa-wqEwHCFyGirdqQcNFwK27kAAslkgPU-tUcgg0IQl0zaAfK2loAM10x8pi9cHdq7c/s1280/photo_2026-04-28_14-43-29.jpg
តាមការសន្និដ្ឋាន គឺសំណង់ថ្មភក់នៅខេត្តនគរាជសីម៉ា អាចមានអាយុចាប់ពី៩០០ឆ្នាំ ទៅ១,០០០ឆ្នាំ ហើយបើតាមភស្តុតាងដែលរកឃើញ និងលក្ខណៈបរិវេណជុំវិញបង្ហាញថា គឺជាប្រាសាទបុរាណរបស់ខ្មែរដែលធ្លាប់មានបារាយទឹកដ៏ធំនៅក្បែរនោះ ។ ក្រុមបុរាណវិទូនៅមិនទាន់បញ្ជាក់ជាផ្លូវការអំពីអាយុកាលច្បាស់លាស់ ឬអត្តសញ្ញាណពិតប្រាកដរបស់សំណង់ទេ ពីព្រោះត្រូវការពិនិត្យយ៉ាងលម្អិតបន្ថែម ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjuH0w-qNHmU9TBoz67NIeeRZ-1cvrngFpA_ZwyvtMpDdoLj29uS9e9KxJrbVX1-wAFe5qAbv0GzjazbfGwoEAjx9Wx74Pq-MxwJah0mgMrAdu21ui931sfLB8PORTu00UzNjGWRX6bQvk_LfzFKS2MbUWA-YRJvFi_w3dG4EX6YEUAxVC5N4IXISz2luY/s1200/photo_2026-04-28_14-43-26%20(2).jpg
បច្ចុប្បន្ន បរិវេណមួយចំនួនត្រូវបានផ្លាស់ប្តូររូបរាង និងមានការចាក់ដីបំពេញ ទើបធ្វើឱ្យបាត់បង់ភស្តុតាងមួយចំនួន ប៉ុន្តែការជីកឃើញសំណង់ថ្មភក់លើកនេះអាចបង្ហាញផ្លូវឈានទៅរកឃើញវប្បធម៌បុរាណរបស់ខ្មែរដែលកប់នៅក្រោមដីកណ្តាលខេត្តនគរាជសីម៉ា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjikd_hFGRFqCU2caENkXP2qbUDoHkEW4wGRF4kN0yygcFAwExEjnJR8EeK6uPFHow2r92jtZECeqKhC_gLlYtstdCBQtN84Yk1H1A4glUtmZ13TWwE4dAcxSXaUN7p-WCVjAlyk2j6YM-lYVK8LVoWCuHjaYgR35qsl9t0_WMCT-um3XZQqgtI95gA8Q/s1280/photo_2026-04-28_14-43-26.jpg
ក្រុមបុរាណវិទ្យាថៃមានគម្រោងជីកដីនៅបរិវេណនេះបន្ថែមទៀតដើម្បីស្រាវជ្រាវពីសំណង់ប្រាសាទបុរាណ និងប្រវត្តិប្រាសាទយ៉ាងលម្អិត ។ បន្ទាប់ពីការស្រាវជ្រាវ មន្ត្រីខេត្តនគរាជសីម៉ានឹងរៀបចំបរិវេណនេះជាទីតាំងសម្រាប់ការស្រាវជ្រាវពីវត្ថុបុរាណដ៏សំខាន់ថ្មីមួយទៀតរបស់ខេត្តនាថ្ងៃអនាគត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhAheltdSP3ek1OcZRVI3QPskzM23m4vpWNGVrOcSz5DqtS4sYbEmIIgptGsGrwCC4rmSS873NSur1Mj8w4UmvIC1yle_zAow3hQD1d5YrJoOqGCR75O60r5VM_SU9yXHa-p8pI9-Sh3ecC5upLLqIdxyy91qEYKeeulTyJs7lfh8JtOiPE3A8LT7c91Ao/s1280/photo_2026-04-28_14-43-27%20(2).jpg

អ្នកស្រុកក្នុងតំបន់ប្រាប់ថា ទីនេះ គឺជាកន្លែងស័ក្តិសិទ្ធិ ដែលអ្នកស្រុកតែងតែគោរព និងសុំពរផ្សេងៗ ដោយសារជឿថា អាចនាំមកនូវសំណាងមុនពេលការលក់ដីធ្លី ឬសាងសង់ផ្ទះ ។ បរិវេណសំណង់ថ្មភក់នេះកាលពីមុន គឺជាតំបន់ទំនាបស្រដៀងនឹងល្អាងជ្រៅ ដែលល្បីល្បាញថា នៅខាងក្រោមមានវត្ថុបុរាណមានតម្លៃ ខណៈនៅក្បែរនោះធ្លាប់មានប្រភពទឹកដ៏ធំ បច្ចុប្បន្ន បរិវេណនេះបានក្លាយជាសាលារៀនមត្តេយ្យ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgC6TLTf5whkuq8Nw3YOLsnXhWezZeXPihcbmJ5YxAOgL19pIuYcnyaigg-UnDzu_atAPOtZcNEUnaLOZDTsIqhfs_xu_6gt112q8vClz8mNLpmTMj2W8n-5XTP4RTFiqsf0P3jjFLpIYEKYljAVSzDRDE3XmPunjRucfn0RRvx8RH81PdefTL_jKcECS4/s1280/photo_2026-04-28_14-43-27.jpg

គួរបញ្ជាក់ថា ការរកឃើញសំណង់ថ្មភក់ក្នុងខេត្តនគរាជសីម៉ានៅភាគឦសានប្រទេសថៃ គឺជាការបង្ហាញពីវប្បធម៌ខ្មែរដ៏រុងរឿងក្នុងតំបន់នោះ ដែលពលរដ្ឋថៃត្រូវតែទទួលស្គាល់ការពិត នេះជាអតីតអាណាចក្រខ្មែរបុរាណដោយមិនអាចប្រកែកបាន ៕