កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបទ្វេភាគីជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសថៃ លោក Sihasak Phuangketkeow នៅក្រៅកិច្ចប្រជុំអាស៊ាន-សហភាពអឺរ៉ុប (ASEAN-EU Ministerial Meeting: AEMM) លើកទី២៥ នៅប្រទេសព្រុយណេ ដោយ ក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សាត្រង់ទៅត្រង់មកលើស្ថានភាពព្រំដែន រួមទាំងវិធានការកសាងទំនុកចិត្តនានា និងលើទិដ្ឋភាពដ៏ទូលំទូលាយនៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ។

ភាគីទាំងពីរបានបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តចំពោះបទឈប់បាញ់ ការដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី និងការអនុវត្តពេញលេញនូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ។ ឯកឧត្តម ប្រាក់ សុខុន សង្កត់ធ្ងន់ថា ការសម្រេចបាននូវសន្តិភាពយូរអង្វែងរវាងប្រទេសទាំងពីរ ដែលរួមចំណែកដល់សន្តិភាព ស្ថិរភាព និងឯកភាពក្នុងអាស៊ាន គឺទាមទារនូវការប្តេជ្ញាចិត្តពិតប្រាកដ និងការគោរពពេញលេញចំពោះច្បាប់អន្តរជាតិ ធម្មនុញ្ញអាស៊ាន ក៏ដូចជាសន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ទាំងអស់ ។

ក្រៅពីនេះ ភាគីទាំងពីរក៏បានពិភាក្សាអំពីការបង្កើនការជឿទុកចិត្ត និងយោគយល់គ្នាទៅវិញទៅមក ដោយចៀសវាងការចោទប្រកាន់គ្នា និងការផ្សព្វផ្សាយព័ត៌មានមិនត្រឹមត្រូវដែលនាំឱ្យមានការយល់ខុស ដោយផ្អែកលើគោលការណ៍ជាប្រទេសជិតខាងល្អ ។

គួរបញ្ជាក់ថា ការជួបគ្នារវាងរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា-ថៃលើកនេះ កើតឡើងបន្ទាប់ពីដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីក្រសួងការបរទេសចិន លោក Wang Yi មកកាន់ប្រទេសទាំងពីរកាលពីសប្តាហ៍មុន ។ ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីថៃ រដ្ឋមន្ត្រីក្រសួងការបរទេសចិន លោក Wang Yi បានបញ្ជូនសារថា កម្ពុជាមិនចង់ប្រយុ.ទ្ធ ឬប្រឈមមុខ ឬបង្កើនភាពតានតឹងជាមួយថៃទៀតទេ ហើយចិនចង់ឃើញប្រទេសទាំង២ស្តារទំនាក់ទំនងល្អជាមួយគ្នាឡើងវិញ ។
ចិនបានដើរតួនាទីជាអ្នកនាំពាក្យឱ្យកម្ពុជា ហើយចិនជាអ្នកសម្របសម្រួលធ្វើយ៉ាងណា ឱ្យរដ្ឋាភិបាលថៃងាកមករកតុចរចាវិញ ពីព្រោះរដ្ឋាភិបាលថៃបានបដិសេធការចរចាម្តងហើយម្តងទៀត ។ ចិនប្រាប់ថៃថា ត្រៀមខ្លួនជួយដោះស្រាយជម្លោះកម្ពុជា-ថៃ ហើយចិនសង្ឃឹមថៃនឹងយល់ព្រមចូលរួមតុចរចាជាមួយកម្ពុជា ពីព្រោះពេលនេះ ប្រទេសថៃមានរដ្ឋាភិបាលថ្មីជាផ្លូវការហើយ ដើម្បីកាត់បន្ថយស្ថានការណ៍តានតឹង ក្នុងនាមប្រទេសទាំងពីរជាសមាជិកអាស៊ានដូចគ្នា ។
ចិន គឺជាតួអង្គដ៏សំខាន់មួយដូចសហរដ្ឋអាមេរិកដែរ ក្នុងការជំរុញឱ្យកម្ពុជា-ថៃសម្រេចបាននូវកិច្ចព្រមព្រៀងបទឈប់បាញ់ និងទប់ស្កាត់ការប្រឈមមុខគ្នាដោយអាវុធរវាងប្រទេសទាំងពីរនាពេលកន្លងមក ៕










