ច្រើនដងពេកដែលឃើញប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិមួយចំនួន ចុះផ្សាយអត្ថបទវា.យប្រហារកម្ពុជាដោយមិនសមទំនង លោក Casey Barnett ប្រធានសភាពាណិជ្ជកម្មអាម៉េរិកនៅកម្ពុជា បានលើកឡើងថា សារព័ត៌មានអន្តរជាតិទាំងនោះមានភាពលំអៀងទៅរកប្រទេសថៃ ព្រោះស្ថាប័នព័ត៌មានភាគច្រើនមានមូលដ្ឋាននៅទីក្រុងបាងកក (ឬសិង្ហបុរី) ដែលយកប្រភពព័ត៌មានពីប្រទេសថៃ និងស្ទើរតែគ្មានសំឡេងរបស់កម្ពុជា។
.jpg)
យោងតាមសំណេរដែលបានបង្ហោះនៅលើទំព័រហ្វេសប៊ុកផ្លូវការ នាថ្ងៃព្រហស្បត្តិ៍ ទី២៣ ខែមេសា លោក Casey Barnett បានបង្ហាញការខកចិត្តរបស់ខ្លួនយ៉ាងដូច្នេះថា សារព័ត៌មានអន្តរជាតិមានភាពលំអៀងទៅរកប្រទេសថៃក្នុងការផ្សាយព័ត៌មានអំពីការឈ្លានពានរបស់ថៃមកលើប្រទេសកម្ពុជា។ លោកបន្តថា ស្ថាប័នព័ត៌មានភាគច្រើនមានមូលដ្ឋាននៅទីក្រុងបាងកក (ឬសិង្ហបុរី) ដែលហ៊ុព័ទ្ធដោយប្រភពព័ត៌មានថៃ និងស្ទើរតែគ្មានសំឡេងរបស់កម្ពុជាទាល់តែសោះ។
.jpg)
បន្ថែមលើនោះ លោក Casey Barnett បានផ្ដល់ជាយោបល់ថា ដើម្បីទាក់ទាញអ្នកកាសែតបរទេសមកកម្ពុជា កម្ពុជាអាចពិចារណាឡើងវិញអំពីបទប្បញ្ញត្តិស្តីពីការផ្តល់អាជ្ញាប័ណ្ណអ្នកកាសែត។ លោកបានលើកឡើងពីសហរដ្ឋអាមេរិក ដែលជាប្រទេសមួយមិនមានតម្រូវការផ្តល់អាជ្ញាប័ណ្ណអ្នកកាសែតទាល់តែសោះ ដូច្នេះហើយទើបនោះជាហេតុផលមួយ ដែលសហរដ្ឋអាមេរិកអាចគ្របដណ្ដប់លើប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាសកល។
.jpg)
គួរជម្រាបថា ការលើកឡើងរបស់ប្រធានសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជាដូចខាងលើនេះ ធ្វើឡើងក្រោយការចុះផ្សាយអត្ថបទមួយរបស់កាសែត The Wall Street Journal ដែលហៅឈ្មោះប្រទេសកម្ពុជាថា “Scambodia” បង្កឲ្យមានភាពចម្រូងចម្រាស់យ៉ាងខ្លាំង។ កម្ពុជាចាត់ទុកការចុះផ្សាយអត្ថបទរបៀបនេះ ថាជាទង្វើខ្វះនូវវិជ្ជាជីវៈនិងក្រមសីលធម៌សារព័ត៌មាន ដែលអាចនាំឱ្យមានការយល់ច្រឡំ ការរើសអើង ព្រមទាំងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សិទ្ធិ សេចក្តីថ្លៃថ្នូរ និងកិត្តិយសប្រទេស និងប្រជាជនកម្ពុជា ជិត១៨លាននាក់ ដែលត្រូវបានធានាការពារដោយធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់សិទ្ធិមនុស្សអន្តរជាតិ។

ដោយមើលឃើញពីផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើកិត្តិយស និងសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ប្រទេសនិងប្រជាជនកម្ពុជាដូចនេះ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានស្នើទៅកាន់ The Wall Street Journal ឲ្យ៖ លុបពាក្យ “Scambodia” ចេញពីអត្ថបទរបស់ខ្លួនជាបន្ទាន់, ចេញការកែតម្រូវ ឬការបំភ្លឺ ដែលឆ្លុះបញ្ចាំងពីការរាយការណ៍ដែលត្រឹមត្រូវ និងមានតុល្យភាព, ជៀសវាងការប្រើប្រាស់ពាក្យពេចន៍ប្រមាថនៅក្នុងការផ្សាយនាពេលអនាគត, ធ្វើការសុំទោសជាផ្លូវការចំពោះការប្រើប្រាស់ចំណងជើង និងកែសម្រួលចំណងជើងឡើងវិញ ដើម្បីឆ្លុះបញ្ចាំងពីភាពត្រឹមត្រូវ មានតុល្យភាព និងមិនធ្វើឱ្យមានការរើសអើងនៅក្នុងបញ្ហានេះ៕









