ត្រៀមខ្លួនហើយឬនៅ? រដ្ឋាភិបាលបានអនុម័តច្បាប់កាតព្វកិច្ចយោធា ដោយនឹងត្រូវប្រកាសជាការប្រញាប់សម្រាប់យុវជនខ្មែរដែលមានអាយុចាប់ពី១៨-២៥ឆ្នាំ ត្រូវចូលបំពេញកាតព្វកិច្ចយោធាដោយស្វ័យប្រវត្តិ ខណៈពលរដ្ឋជាស្រ្តីត្រូវផ្អែកតាមគោលការណ៍ស្ម័គ្រចិត្ត។.jpg)
បើតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ បានឲ្យដឹងថា សេចក្តីព្រាងច្បាប់នេះ មាន ៨ជំពូក និង ២០មាត្រា ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីអនុវត្ត មាត្រា៤៩ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដោយកំណត់អំពីវិធាននៃការអនុវត្ត កាតព្វកិច្ចយោធា ដើម្បីរួមចំណែកកសាងប្រទេសជាតិ និងការពារមាតុភូមិ ដែលជាកាតព្វកិច្ចចាំបាច់និងជាកិត្តិយស ដ៏ឧត្តុង្គឧត្តមរបស់ប្រជាពលរដ្ឋខ្មែរ និងជាមូលដ្ឋានគ្រឹះនៃប្រភពកសាងកម្លាំងសម្រាប់វិស័យការពារជាតិ និង ការអភិវឌ្ឍកាយសម្បទា ព្រមទាំងការបណ្តុះស្មារតីស្នេហាជាតិ ការអប់រំផ្នត់គំនិត និងវិន័យ ដែលជាតម្រូវការរបស់ ប្រទេសជាតិ។
សេចក្តីព្រាងច្បាប់នេះ នឹងមានវិសាលភាពអនុវត្តចំពោះប្រជាពលរដ្ឋខ្មែរគ្រប់រូប មានអាយុចាប់ពី១៨ (ដប់ប្រាំបី)ឆ្នាំ ដល់ ២៥(ម្ភៃប្រាំ)ឆ្នាំ ដែលត្រូវបំពេញកាតព្វកិច្ចយោធា តាមការកំណត់នៃច្បាប់នេះ។ ដោយឡែក ការបំពេញកាតព្វកិច្ចយោធារបស់ប្រជាពលរដ្ឋខ្មែរជាស្ត្រី ត្រូវផ្អែកតាមគោលការណ៍ស្ម័គ្រចិត្ត។ ច្បាប់នេះត្រូវបានប្រកាសជាការប្រញាប់ ។

គួររំលឹកថាដែរថា កន្លងមកព្រះរាជាណាចក្រកម្ពុជា មានច្បាប់ស្តីពីកាតព្វកិច្ចយោធា ដែលត្រូវបានប្រកាសឱ្យប្រើដោយ ព្រះរាជក្រមលេខ នស/រកម/១២០៦/០៣០ ចុះថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០០៦ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធផ្សេងទៀត។ ប៉ុន្តែច្បាប់ស្តីពីកាតព្វកិច្ចយោធាឆ្នាំ២០០៦ ពុំទាន់គ្របដណ្តប់គ្រប់ជ្រុងជ្រោយក្នុងពេលបច្ចុប្បន្ន និងអនាគត ដែលតម្រូវឱ្យមានការរៀបចំច្បាប់នេះជាថ្មី។

ក្នុងនោះដែរ បើតាមប្រសាសន៍របស់សម្ដេច ហ៊ុន ម៉ាណែត កន្លងមកធ្លាប់បានចាត់ទុកថា ច្បាប់ស្ដីពីកាតព្វកិច្ចយោធា គឺជាផ្នែកមួយនៃការកសាងកម្លាំងទ័ពនៅកម្ពុជា ដែលនឹងជួយឱ្យមានយោធិនគ្រប់គ្រាន់សម្រាប់បំពេញការងារ និងជួយកសាងកម្លាំងធនធានដែលមានវិន័យចូលក្នុងសង្គមផងដែរ៕










