សង្គ្រា.មរវាងរុស្ស៊ី និងអ៊ុយក្រែនបានអូសបន្លាយពេលជាច្រើនឆ្នាំ ទោះជាសហរដ្ឋអាមេរិកព្យាយាមសម្របសម្រួលការចរចាបញ្ចប់សង្គ្រា.ម និងបង្កើនការដាក់សម្ពាធលើរដ្ឋាភិបាលរុស្ស៊ីក្តី ប៉ុន្តែការចរចារវាងប្រទេសទាំងពីរបរាជ័យជាច្រើនលើក ដោយសាររុស្ស៊ីទាមទារកាន់កាប់ទឹកដីអ៊ុយក្រែន ខណៈអ៊ុយក្រែនអំពាវនាវជាច្រើនលើកទៅកាន់សហរដ្ឋអាមេរិក និងអន្តរជាតិ ឱ្យងាកមកចាប់អារម្មណ៍សង្គ្រា.មនេះឡើងវិញ ព្រោះតែមិនចង់បាត់បង់ជីវិតមនុស្សបន្តទៀត ។ កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ អ៊ុយក្រែនស្នើឱ្យអន្តរជាតិជួយរៀបចំកិច្ចប្រជុំកំពូលរវាងមេដឹកនាំខ្លួនជាមួយមេដឹកនាំរុស្ស៊ី ដើម្បីចរចាគ្នាឱ្យមានកិច្ចព្រមព្រៀងសន្តិភាព ។
.jpg)
រដ្ឋមន្ត្រីក្រសួងការបរទេសអ៊ុយក្រែន លោក Andrii Sybiha កាលពីថ្ងៃទី២១ ខែមេសា បានស្នើឱ្យអន្តរជាតិរៀបចំកិច្ចប្រជុំកំពូលរវាងប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy ជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ដើម្បីជំរុញកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលរបស់អន្តរជាតិដឹកនាំដោយសហរដ្ឋអាមេរិកឈានទៅបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែនដែលអូសបន្លាយអស់រយៈពេលជាង៤ឆ្នាំ ។
.jpg)
សេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីក្រសួងការបរទេសអ៊ុយក្រែនបញ្ជាក់ថា អ៊ុយក្រែនបានស្នើឱ្យតួកគីធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលរវាងលោក Zelenskyy ជាមួយលោក Putin ព្រមទាំងទំនាក់ទំនងទៅកាន់ប្រទេសជាច្រើនទៀតឱ្យធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលនេះដែរ ។
រដ្ឋមន្ត្រីក្រសួងការបរទេសអ៊ុយក្រែន លោក Sybiha បញ្ជាក់ថា អ៊ុយក្រែននឹងពិចារណាពីទីតាំងកិច្ចប្រជុំកំពូលរវាងលោក Zelenskyy ជាមួយលោក Putin ប៉ុន្តែមិនប្រជុំនៅរុស្ស៊ី ឬបេឡារុសដែលជាសម្ព័ន្ធជិតស្និទ្ធរបស់រុស្ស៊ីទេ ។ កិច្ចប្រជុំទល់មុខគ្នារវាងមេដឹកនាំអ៊ុយក្រែន-រុស្ស៊ី គឺដើម្បីបញ្ចប់សង្គ្រាមរវាងប្រទេសទាំងពីរដែលអូសបន្លាយអស់រយៈពេលជាង៤ឆ្នាំ ។ កាលពីឆ្នាំ២០២៥ សហរដ្ឋអាមេរិកបានជួយសម្របសម្រួលបញ្ចប់សង្គ្រាម ប៉ុន្តែការចរចាទទួលបានលទ្ធផលតិចតួច ដោយសាររុស្ស៊ីទាមទារកាន់កាប់ទឹកដីអ៊ុយក្រែន ។.jpg)
ទោះជាលោក Zelenskyy យល់ព្រមឈប់បាញ់ដោយគ្មានលក្ខខណ្ឌជាមួយរុស្ស៊ីតាមការស្នើរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ប៉ុន្តែលោក Putin បែរជាបដិសេធ ។ អ្នកវិភាគយល់ថា ការបដិសេធនេះ ដោយសារលោក Putin មើលឃើញប្រទេសរបស់ខ្លួនមានប្រៀបជាង បន្ទាប់ពីការផ្តល់ថវិកា និងកម្លាំងកងទ័ពពីបណ្តាប្រទេសសម្ព័ន្ធមិត្តមកជួយអ៊ុយក្រែនតិចជាងមុន ដែលធ្វើឱ្យអ៊ុយក្រែនមិនអាចទប់ទល់នឹងការវាយប្រហារពីរុស្ស៊ី ។.jpg)
ចំណែកអគ្គលេខាធិការក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី លោក Sergey Shoigu កាលពីខែមីនា ឆ្នាំ២០២៦ បានចោទប្រកាន់អ៊ុយក្រែនបង្កើនការវាយប្រហាររុស្ស៊ីតាមផ្លូវអាកាសរហូតដល់ជាង២ម៉ឺន ៣ពាន់លើកកាលពីឆ្នាំ២០២៥ ខណៈឆ្នាំ២០២៤ អ៊ុយក្រែនវាយប្រហាររុស្ស៊ីតាមផ្លូវអាកាសត្រឹមតែ៦,២០០លើកប៉ុណ្ណោះ ។
គួរបញ្ជាក់ថា ជាច្រើនខែកន្លងមកនេះ ជំនួបចរចារវាងសហរដ្ឋអាមេរិក អ៊ុយក្រែន និងរុស្ស៊ី មិនទាន់ទទួលបានលទ្ធផលជាក់ស្តែងណាមួយនៅឡើយទេ ខណៈរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនកំពុងផ្តោតទៅលើសង្គ្រាមនៅមជ្ឈិមបូព៌ាដែលផ្ទុះឡើងកាលពីចុងខែកុម្ភៈ ឆ្នាំ២០២៦ ៕










