បន្ទាប់ពីជោគជ័យនៅឯប្រទេសហ្វីលីពីនក្នុងការសម្តែងបែបសហម័យលាយរបាំខ្មែរ តារាចម្រៀង ទេព បូព្រឹក្ស បានបង្ហើបដំណឹងដ៏រំភើបថារូបនាងគ្រោងនាំយកស្បៃខ្មែរនិងឧបករណ៍ភ្លេងខ្មែរបង្ហាញនៅលើឆាកតន្រ្តីនៅឯប្រទេសហ្វីលីពីនម្តងទៀត។
ធ្លាប់បានប្រកាសថាការនាំយកវប្បធម៌ខ្មែរសម្តែងជាមួយសម័យ នៅក្នុងមហាស្រពតន្រ្តី Round Festival នៅឯប្រទេសហ្វីលីពីនកាលពីពេលថ្មីៗនេះជាឱកាសចុងក្រោយបន្ទាប់ពីរងការរិះគន់កន្លងមក តារាចម្រៀង ទេព បូព្រឹក្ស បានចេញមកសូមទោសចំពោះពាក្យសម្តីកន្លងមកនេះ។ ទេព បូព្រឹក្ស បានលើកឡើងថា ពាក្យសម្តីនោះកើតឡើងដោយសារតែឆួលចិត្តមួយពេល ពីព្រោះនាងរងនូវការបាក់ទឹកចិត្តយ៉ាងខ្លាំងក្លា។

ស្របពេលការសម្តែងប្រកបដោយភាពជោគជ័យជាមួយស្វាមីនិងមានមោទនភាពក្នុងការបង្ហាញអ្វីដែលជាខ្មែរទៅកាន់ទស្សនិកជនអន្តរជាតិ តារាចម្រៀង ទេព បូព្រឹក្ស បានប្រកាសដំណឹងល្អជាថ្មីនាងនឹងមានការសម្តែងម្តងទៀតនៅឯប្រទេសហ្វីលីពីន។ នៅថ្ងៃទី២៣ ខែមេសា ទេព បូព្រឹក្ស បានបង្ហោះសំណេរខ្លីមួយថា «វគ្គនេះរបាំវគ្គក្រោយដល់ម៉ោងថែមស្បៃនឹងបង្ហាញឧបករណ៍ភ្លេងបុរាណខ្មែរម្តង ជួបគ្នាម្តងទៀតណា ហ្វីលីពីន។

មិនយូរប៉ុន្មាន បន្ទាប់ពីបង្ហោះសារខាងលើនេះ ទេព បូព្រឹក្ស បានចែករំលែកវីដេអូចាស់របស់ខ្លួនឡើងវិញក្នុងពេលគ្រងនូវឈុតស្បៃខ្មែរ អមមកជាមួយនឹងពាក្យពេចន៍ទៅកាន់ទស្សនិកជនថា «ជូនចំពោះអ្នកគាំទ្រហ្វីលីពីនរបស់ខ្ញុំ
ខ្ញុំកំពុងនាំយកសម្រស់នៃស្បៃខ្មែរចូលទៅក្នុងតន្ត្រីរបស់ខ្ញុំ ហើយនឹងបំភ្លឺនៅលើឆាក។ សង្ឃឹមថាអ្នកគាំទ្រនឹងស្គាល់វា ហើយលង់ស្នេហ៍នឹងវា។ ខ្ញុំពិតជារំភើបណាស់ដែលអ្នកទាំងអស់គ្នាបានជួបប្រទះនឹងផ្នែកថ្មីនៃការសម្តែងរបស់ខ្ញុំ។ ជួបគ្នាម្តងទៀតឆាប់ៗនេះ»។
ការួមចំណែកផ្សព្វផ្សាយវប្បធម៌ខ្មែរទៅកាន់ឆាកអន្តរជាតិនោះគឺជាអ្វីដែល ទេព បូព្រឹក្ស និង ជី ដេវីត គឺគោលដៅរបស់ពួកគេមិនថានៅក្នុងប្រទេសណាក៏ដោយ។ ការស្រលាញ់នូវវប្បធម៌ខ្មែរ ទេព បូព្រឹក្ស បញ្ជាក់យ៉ាងច្បាស់ថាគឺជាសេចក្តីស្រលាញ់ចេញពីចិត្ត អ្វីដែលអ្នកទាំងពីរធ្វើគឺពេញដោយសេចក្តីពិតមិនមែនជាការសម្តែងនោះទេ៕










