Home ព័ត៌មានជាតិ ថៃសម្រេចលុបអនុស្សរណៈនៃការយោគយល់ (MOU) ឆ្នាំ២០០១ ជាមួយកម្ពុជា

ថៃសម្រេចលុបអនុស្សរណៈនៃការយោគយល់ (MOU) ឆ្នាំ២០០១ ជាមួយកម្ពុជា

488
0

នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦នេះ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិថៃបានសម្រេចលុបចោលអនុស្សរណៈនៃការយោគយល់គ្នា (MOU) ឆ្នាំ២០០១ ស្តីពីការដោះស្រាយតំបន់ដែនសមុទ្រត្រួតស៊ីគ្នាជាមួយកម្ពុជា ជំហ៊ានបន្ទាប់ ក្រសួងការបរទេសថៃនឹងបញ្ជូនឯកសារទៅកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ។ ពាក់ព័ន្ធនឹងការលុបនេះ រាជរដ្ឋាភិបាលកម្ពុជាធ្លាប់បានអះអាងថា MOU ឆ្នាំ២០០១ គឺមានអត្ថន័យពិសេសចំពោះប្រទេសជិតខាងទាំង២ ពីព្រោះវាឆ្លុះបញ្ចាំងពីឆន្ទៈនយោបាយរួមក្នុងការកំណត់តំបន់ដែនសមុទ្រត្រួតស៊ីគ្នា ។

នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul នៅព្រឹកថ្ងៃទី២៣ ខែមេសា និយាយថា ក្រុមប្រឹក្សាសន្តិសុខជាតិប្រជុំគ្នាបានសម្រេចចិត្តលុបអនុស្សរណៈនៃការយោគយល់គ្នា (MOU) ឆ្នាំ២០០១ ជាឯកតោភាគី ហើយក្រសួងការបរទេសថៃនឹងបញ្ជូនឯកសារទៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ។ យើងនឹងប្រើប្រាស់អនុសញ្ញារបស់អង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ជំនួសវិញ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Thairath ។

បន្ទាប់ពីក្រុមប្រឹក្សាសន្តិសុខជាតិសម្រេចលុបអនុស្សរណៈនៃការយោគយល់គ្នា (MOU) ឆ្នាំ២០០១ នៅថ្ងៃទី២៣ ខែមេសា ជំហ៊ានបន្ទាប់ ក្រសួងការបរទេសថៃនឹងបញ្ជូនឯកសារទៅកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ប៉ុន្តែដំណាក់កាលលុប MOU នេះមិនដឹងចំណាយពេលយូរប៉ុនណាទេ ដោយលោក Anutin នឹងពន្លឿនឱ្យឆាប់បំផុត ហើយប្រើប្រាស់អនុសញ្ញារបស់អង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ជំនួស ដោយគ្មានការត្រួតពិនិត្យបន្ថែម ឬគ្មានការពិភាក្សាជាមួយកម្ពុជា ។

គួរបញ្ជាក់ថា MOU ឆ្នាំ២០០១ គឺជាអនុស្សរណៈនៃការយោគយល់គ្នា ដែលផ្តោតលើការដោះស្រាយតំបន់មិនទាន់ឯកភាពគ្នាតាមព្រំដែនសមុទ្ររវាងប្រទេសកម្ពុជា និងថៃ ។ អនុស្សរណៈនេះត្រូវបានចុះហត្ថលេខាដោយអតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ និងអតីតនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០០១ ។

តាំងពីខែកុម្ភៈ ឆ្នាំ២០២៦ លោក Anutin បានបញ្ជាឱ្យស្ថាប័នពាក់ព័ន្ធរបស់ថៃបន្តនីតិវិធីលុប MOU ឆ្នាំ២០០១ ជាមួយកម្ពុជា ក្រោមហេតុផល MOU នេះគ្មានប្រយោជន៍សម្រាប់ដោះស្រាយជម្លោះក្នុងដែនសមុទ្រជាមួយកម្ពុជា ។

ការលុប MOU ឆ្នាំ២០០១ ជាឯកតោភាគីរបស់ភាគីថៃ រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងការបរទេសកាលពីដើមខែមេសា ឆ្នាំ២០២៦ បានចេញសេចក្តីថ្លែងការណ៍បង្ហាញនូវការសោកស្តាយ ប្រសិនបើថៃពិចារណាដកខ្លួនដោយឯកតោភាគីចេញពី MOU ឆ្នាំ២០០១ មែន ។ សម្រាប់ក្រសួងការបរទេសកម្ពុជា MOU ឆ្នាំ២០០១ គឺមានអត្ថន័យពិសេសចំពោះប្រទេសជិតខាងទាំង២ ពីព្រោះវាឆ្លុះបញ្ចាំងពីឆន្ទៈនយោបាយរួមក្នុងការកំណត់តំបន់ដែនសមុទ្រត្រួតស៊ីគ្នា ៕