ជុំវិញការស្លៀកពាក់របស់លោកឯម រៀម ក្នុងពេលទៅលេងសង្ក្រាន្តបានបង្កឱ្យមានមតិប្រតិកម្មយ៉ាងច្រើនពីអ្នកលេងបណ្តាញសង្គម។ មិនត្រឹមតែសាធារណជនទូទៅប៉ុណ្ណោះទេសូម្បីតែអ្នកនៅក្នុងចង្កោមសិល្បៈមួយចំនួនក៏ទើសភ្នែកចំពោះអ្នកច្នៃម៉ូតរូបនេះដូចគ្នា។ លោក ហ៊ុយ យ៉ាឡេង ដែលជាផលិតករមួយរូបបានចេញសារទៅកាន់លោក ឯម រៀម ឱ្យកែប្រែចំណុចនេះខណៈបញ្ជាក់ថាស្រុកខ្មែរមិនមែនជាស្រុកសៀមនោះទេ។

នៅព្រឹកថ្ងៃទី២១ ខែមេសា ផលិតកររឿង «ដើម្បីកូន» បានចេញមកបង្ហោះទាក់ទងនឹងការស្លៀកពាក់របស់លោក ឯម រៀម ដោយរៀបរាប់យ៉ាងដូច្នេះថា «មិនមែនគាត់មិនដឹងថាធ្វើទៅប៉ះពាល់ទេ គាត់ដឹងតែគាត់នៅតែធ្វើគាត់ចង់ជម្នះ។ សេរីភាពរបស់គាត់តែខ្ញុំថាគាត់ធ្វើមិនខុសទេបើគាត់ធ្វើនៅស្រុកបារាំងតែនេះស្រុកខ្មែរខុសពីស្រុកសៀមស្រុកបារាំងព្រោះយើងមានប្រពៃណីវប្បធម៌ដ៏ល្អផូរផង់ដែលខុសពីប្រទេសដទៃ»។

លោក ហ៊ុយ យ៉ាឡេង បន្តទៀតថា «ចំណុចដែលយើងល្អខុសគេហ្នឹងហើយទើបបរទេសឱ្យតែមកលេងស្រុកយើងគេស្រលាញ់និងគេឱ្យតម្លៃប្រទេសយើង សុំចិត្តបងកែខ្លះទៅព្រោះបងក៏មានចំណុចល្អដែរ»។

ក្រោយពីរងមតិប្រតិកម្មពីសាធារណជន ក្រឡេកទៅកាន់បណ្តាញសង្គមលោកឯម រៀម វិញមិនបានតបតជុំវិញការរិះគន់មកលើខ្លួននោះទេប៉ុន្តែបានបញ្ជាក់ពីឈុតរបស់ខ្លួនចំនួន៥ឈុតដែលបានស្លៀកពាក់ទៅចូលរួមកម្សាន្តក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត»។
គួរឱ្យដឹងថា ម្តងជាពីរដងហើយស្ទើរតែក្លាយជារឿងដដែលៗជុំវិញការស្លៀកពាក់របស់លោក ឯម រៀម ដែលរៀនចប់ថ្នាក់បណ្ឌិតច្នៃម៉ូតត្រូវរងនូវការរិះគន់ពីអ្នកលេងបណ្តាញសង្គម។ នៅក្នុងការលេងទឹករដូវកាលបុណ្យចូលឆ្នាំខ្មែររូបលោកបង្កឱ្យមានមតិប្រតិកម្មម្តងទៀត ជាពិសេសគឺត្រូវមនុស្សជាច្រើនចាត់ទុកលោកញាំញីកិត្តិយសស្រីៗ៕










