ទីក្រុងប៉ារីស ប្រទេសបារាំង បានប្រែក្លាយជាទីក្រុងពណ៌បៃតង បន្ទាប់ពីជាច្រើនឆ្នាំមកនេះ អភិបាលក្រុងអនុវត្តគោលនយោបាយកាត់បន្ថយការប្រើប្រាស់រថយន្ត និងបង្កើនផ្លូវជិះកង់ និងថ្មើជើងសាធារណៈ ប៉ុន្តែក៏មានមតិប្រឆាំងពីក្រុមអ្នកនយោបាយ និងអ្នកប្រើប្រាស់រថយន្តផងដែរ ។ ការផ្លាស់ប្តូរមុខមាត់ទីក្រុងធ្វើឱ្យការរស់នៅរបស់ពលរដ្ឋល្អប្រសើរឡើង ដោយសារខ្យល់ពុលធ្លាក់ចុះ ប៉ុន្តែនៅជាយក្រុងវិញនៅតែធ្វើដំណើរតាមរថយន្ត ទើបអ្នកជំនាញបរិស្ថានសំណូមពរឱ្យកែលម្អផ្លូវនៅជាយក្រុងផង បើចង់ឱ្យប៉ារីសសម្រេចគោលដៅក្លាយជាទីក្រុងបៃតង ។

រយៈពេលជាង១០ឆ្នាំមកនេះ ទីក្រុងប៉ារីសបានផ្លាស់ប្តូរមុខមាត់យ៉ាងខ្លាំង គឺពីទីក្រុងដែលសម្បូរដោយរថយន្តចង្អៀតណែនពេញផ្លូវទៅជាទីក្រុងសម្បូរកង់ និងផ្លូវថ្មើជើង ដែលជាការអនុវត្តគោលនយោបាយកាត់បន្ថយចំនួនរថយន្ត និងបង្កើនចំនួនកង់ របស់អតីតអភិបាលក្រុងប៉ារីស អ្នកស្រី Anne Hidalgo ។
ពលរដ្ឋរស់នៅទីក្រុងប៉ារីសប្រាប់ថា កាលពីមុន ពួកគេមិនហ៊ានជិះកង់នៅទីក្រុងទេ ដោយសារស្ទះចរាចរណ៍ខ្លាំងពេក និងគ្មានសុវត្ថិភាព ប៉ុន្តែក្រោយពីទីក្រុងបង្កើតផ្លូវជាច្រើនសម្រាប់ឱ្យពលរដ្ឋជិះកង់ ពួកគេក៏និយមធ្វើដំណើរតាមកង់ឡើងវិញ ។
តាំងពីឆ្នាំ២០១៤ អភិបាលក្រុងប៉ារីសបានអនុវត្តគោលនយោបាយកែលម្អទីក្រុងរហូតមក រួមទាំងដាំដើមឈើរហូតដល់ជាង១សែន ៥ម៉ឺនដើម, បង្កើតផ្លូវជិះកង់រាប់រយគីឡូម៉ែត្រ, កែលម្អផ្លូវនៅមុខសាលារៀនចំនួន៣០០កន្លែងឱ្យក្លាយជាតំបន់គ្មានរថយន្តឆ្លងកាត់ រួមទាំងហាមរថយន្តបើកបរនៅមាត់ទន្លេសែន ។ ក្រៅពីនេះ ចំណតរថយន្តជាច្រើនកន្លែងបានប្រែក្លាយជាតំបន់បៃតង និងមានកន្លែងអង្គុយសម្រាប់ភោជនីយដ្ឋាន ឬហាងកាហ្វេ ដែលធ្វើឱ្យការរស់នៅរបស់ពលរដ្ឋល្អប្រសើរជាងមុន ជាពិសេស កុមារដើរទៅសាលារៀនមានសុវត្ថិភាព ។.jpg)
បច្ចុប្បន្ន ប៉ារីសបានក្លាយជាទីក្រុងគំរូនៅតំបន់អឺរ៉ុប ដែលអនុវត្តគោលនយោបាយការពារបរិស្ថាន ស្របពេលប្រទេសផ្សេងៗចាប់ផ្តើមបោះបង់គោលនយោបាយនេះ ។ ប៉ុន្តែការអនុវត្តគោលនយោបាយកាត់បន្ថយចំនួនរថយន្តក្នុងទីក្រុងប៉ារីស ក៏មានមតិប្រឆាំងពីក្រុមអ្នកនយោបាយ និងអ្នកប្រើប្រាស់រថយន្តជាច្រើនផងដែរ ។
ការស្រាវជ្រាវបង្ហាញថា ប៉ារីសបានក្លាយជាទីក្រុង១ ក្នុងចំណោមទីក្រុងទាំង១៩ លើពិភពលោក ដែលអាចកាត់បន្ថយខ្យល់ពុលលើអាកាស ចាប់ពីឆ្នាំ២០១០ ដល់ឆ្នាំ២០២៤ ។ ប៉ុន្តែមានបញ្ហាមួយចំនួន គឺទោះជាពលរដ្ឋទីក្រុងប៉ារីសអាចទៅរកសេវាកម្មផ្សេងៗដោយថ្មើជើង ឬជិះកង់ ប៉ុន្តែនៅតំបន់ជាយក្រុងវិញនៅតែប្រើប្រាស់រថយន្តសម្រាប់ធ្វើដំណើរ ហេតុនេះ អ្នកជំនាញបរិស្ថានសំណូមពរឱ្យកែលម្អផ្លូវនៅជាយក្រុងផង បើចង់ឱ្យប៉ារីសសម្រេចគោលដៅក្លាយជាទីក្រុងបៃតង ៕










