បន្ទាប់ពីបញ្ចប់ការប្រកួតនិងទទួលបានចំណាត់ខ្ពស់នៅកំពូល៣នាក់ចុងក្រោយ ហ្សេដេស បានសាងភាពល្បីល្បាញក្នុងអាជីពតាមរយៈបទ «ក្រឡុក» កើបលុយមិនចេះតិចតាមរយៈបទនេះ។ ទោះយ៉ាងណា ហ្សេដេស បានរងនូវការបញ្ចេញមតិឌឺដងថាល្បីតែបទនេះប៉ុណ្ណោះ ស្របពេលលោកបានឆ្លើយតបបែបសាបៗទៅវិញ។
កាលពីពេលថ្មីៗនេះហ្សេដេស បានអង្រួនចិត្តទស្សនិកជននៅឯសង្ក្រាន្តសាលាតិចណូ ដោយមានអ្នកចូលរួមជាច្រើននៅទីនោះបានស្រែកកងរំពងទៅតាមបទចម្រៀង «ក្រឡុក» របស់លោក។ ទទួលបាននូវប្រជាប្រិយភាពយ៉ាងក្រាស់ក្រែលបទនេះក៏មានជាប្រភេទ Remix ទៀតផង ខណៈសន្ទុះគាំទ្រវិញលើសពីបទដើមទៅទៀត។ ទោះបីជាមិនចេញបទញឹកញាប់ក្តីប៉ុន្តែគេសង្កេតឃើញថា ហ្សេដេស ត្រូវប៉ាន់ទីផ្សារចេញច្រៀងសឹងតែរកពេលសម្រាកគ្មាន។
ស្របពេល ហ្សេដេស បានបង្ហោះវីដេអូរបស់ខ្លួនសម្តែងនៅឯសាលាតិចណូ បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមមានការចាប់អារម្មណ៍ជាច្រើនទោះបីជាមិនបានទៅចូលរួមផ្ទាល់ប៉ុន្តែមើលទៅហាក់សប្បាយយ៉ាងខ្លាំង។ យ៉ាងណាមិញ វីដេអូនេះដែរស្រាប់តែគណនីក្លែងក្លាយមួយបានចូលមកបញ្ចេញមតិយោបល់ឌឺដងដាក់ ហ្សេដេស ថែមទាំងលើកយកឈ្មោះតារាចម្រៀង ជី ដេវីត មកទៀតដោយនិយាយក្នុងន័យថា ហ្សេដេស ល្បីតែបទ ក្រឡុក នេះប៉ុណ្ណោះចំណែកឯបទផ្សេងទៀតមិនកើតជាការឡើយ។
មតិមួយនោះបានជំរុញឱ្យអ្នកដទៃឆ្លើយតបនិងរិះគន់យ៉ាងចាស់ដៃទៅវិញដោយឱ្យអ្នកខម្មិននោះកុំយកឈ្មោះ ជី ដេវីត ចូលពាក់ព័ន្ធនាំឱ្យអ្នកមួយចំនួនកើតការយល់ច្រឡំ។ អ្នកគាំទ្រខ្លះថែមទាំងអះអាងថាគណនីក្លែងក្លាយនេះពុំមែនជាអ្នកគាំទ្រ ជី ដេវីត ទេ។
ទន្ទឹមនឹងមានការបញ្ចេញមតិបែបបញ្ឆិតបញ្ឆៀងល្បីតែមួយបទ ហ្សេដេស បានបង្ហោះសំណេរមួយថា « “ក្រឡុក” មួយបទហ្នឹង events សឹងរាល់ថ្ងៃហា ហត់ម៉េះ»។
គួរបញ្ជាក់ផងដែរថាបទចម្រៀងដែល ហ្សេដេស ទម្លាក់នៅលើទីផ្សាររួមមាន «ក្រឡុក» «ចម្រោះជីវិត» «ចាក់» «SIDEQUES» សហការជាមួយ វណ្ណដា , KOMANDO ជាមួយ Goofy និងបទ «MAGIC» ជាដើម៕










