មេដឹកនាំកំពូលកូរ៉េខាងជើង លោក Kim Jong Un កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ បានត្រួតពិនិត្យមើលការសាកល្បងកម្លាំងមីស៊ីលប្រភេទថ្មីមានសមត្ថភាពបា.ញ់ឆ្ងាយរហូតដល់ទឹកដីអាមេរិក ដែលនេះជាផែនការពង្រឹងយុទ្ធសាស្ត្ររយៈពេល៥ឆ្នាំរបស់ប្រទេសកូរ៉េខាងជើង និងត្រូវបានចាត់ទុកជាការធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពការវាយប្រ.ហារ ។ ប៉ុន្តែគ្មានសេចក្តីរាយការណ៍ពីពេលវេលា និងទីតាំងច្បាស់លាស់នៃការសាកល្បងកម្លាំងមីស៊ីលថ្មីទេ ។

សារព័ត៌មានកណ្តាលកូរ៉េ (KCNA) រាយការណ៍ថា មេដឹកនាំកំពូលកូរ៉េខាងជើង លោក Kim Jong Un បានចុះពិនិត្យមើលការសាកល្បងកម្លាំងមីស៊ីលថ្មីមានកម្លាំងខ្លាំងបង្កើតឡើងដោយសម្ភារៈកាបូន ។ មីស៊ីលថ្មីនេះត្រូវបានផលិតឡើងសម្រាប់ប្រើប្រាស់ជាមួយការបាញ់មីស៊ីលឆ្លងទ្វីប (Hwasong-20) ដែលកូរ៉េខាងជើងកំពុងតែអភិវឌ្ឍន៍ ។

ជាមួយគ្នានេះ មេដឹកនាំកូរ៉េខាងជើង ក៏បានចុះពិនិត្យមើលការសាកល្បងប្រព័ន្ធការពាររថក្រោះផងដែរ ដែលអាចស្ទាក់ចាប់អាវុធបាញ់រថក្រោះពីទិសដៅផ្សេងគ្នា ហើយការសាកល្បងប្រព័ន្ធការពាររថក្រោះសម្រេចបានជោគជ័យ១០០% ។.jpg)
ការសាកល្បងកម្លាំងមីស៊ីលថ្មី គឺជាផ្នែកមួយនៃផែនការអភិវឌ្ឍវិស័យការពារជាតិរយៈពេល៥ឆ្នាំ ក្នុងគោលបំណងពង្រឹងសមត្ថភាពជាបន្តបន្ទាប់នៃការវាយប្រហារជាយុទ្ធសាស្ត្រ ខណៈលោក Kim Jong Un ថា សមត្ថភាពកងទ័ពកូរ៉េខាងជើងពេលនេះ បានឈានដល់ការផ្លាស់ប្តូរដ៏សំខាន់មួយក្នុងការបង្កើតកម្លាំងយុទ្ធសាស្ត្រ ។ មីស៊ីលថ្មីអាចបង្កើតកម្លាំងរុញច្រានអតិបរមាបាន២,៥០០គីឡូញូតុន (Kilonewtons) និងជាការសាកល្បងលើកដំបូង បើគិតតាំងពីខែកញ្ញា ឆ្នាំ២០២៥ ដែលពេលនោះ សមត្ថភាពបាញ់ម៉ាស៊ីនមានចម្ងាយត្រឹមតែ១,៩៧១គីឡូញូតុន ។

ទោះយ៉ាងណា អ្នកជំនាញបរទេសថា កូរ៉េខាងខាងជើងនៅតែប្រឈមនឹងឧបសគ្គផ្នែកបច្ចេកវិទ្យាក្នុងការផលិតមីស៊ីលបាញ់ចម្ងាយឆ្ងាយពិតប្រាកដ ដូចជា ៖ ធ្វើឱ្យក្បាលមីស៊ីលធន់នឹងស្ថានភាពដ៏អាក្រក់ពេលស្ថិតនៅលើអាកាស ខណៈអ្នកជំនាញខ្លះជំទាស់នឹងការលើកឡើងនេះថា កូរ៉េខាងជើងបានអភិវឌ្ឍន៍កម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលជាច្រើនឆ្នាំមកហើយ ។

គួរបញ្ជាក់ថា ការសាកល្បងកម្លាំងមីស៊ីលបានកើតឡើងមិនប៉ុន្មានថ្ងៃ បន្ទាប់ពីមេដឹកនាំកំពូលកូរ៉េខាងជើងថ្លែងសុន្ទរកថាទៅកាន់រដ្ឋសភា ដោយសន្យាធ្វើឱ្យកូរ៉េខាងជើងក្លាយជាប្រទេសមហាអំណាចនុយក្លេអ៊ែរលើពិភពលោក និងចោទប្រកាន់អាមេរិកកំពុងតែឈ្លានពានប្រទេសដទៃ (ប្រទេសនៅមជ្ឈិមបូព៌ា) ៕









