ស្រីស្អាត ឃុន វ៉ាន់លីង ដែលជាអ្នកបង្កើតមាតិកានិងជាអ្នករស់នៅខេត្តសៀមរាបបានធ្វើឱ្យទស្សនិកជនមានការចាប់អារម្មណ៍បន្ទាប់ពីក្លាហានបោះជំហានចូលវិថីសិល្បៈផ្នែកចម្រៀងដោយបានចេញ MV លើកដំបូងហើយ។ ទោះជាយ៉ាងណា លទ្ធផលដែល ឃុន វ៉ាន់លីង ទទួលបានពីស្នាដៃថ្មីនេះរងនូវការវែកញែកពីទស្សនិកជន។.png)
កញ្ញា ឃុន វ៉ាន់លីង បានចេញផ្សាយបទ « Starlight» កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ ជាមួយនឹងការសម្តែងដ៏ខ្យូតនិងក្បាច់រាំរវើក ហើយប្លង់មួយៗគឺពិតជាមិនចាញ់ MV ដទៃទៀតនោះទេជាមួយនឹងពណ៌ផ្កាឈូកដ៏ស្រស់ស្អាត។ បន្ទាប់ពីបទនេះបានទម្លាក់នៅលើបណ្តាញសង្គមមិនថានៅយូធូប ទិកតុក ហ្វេកប៊ុក នោះទេ ឃុន វ៉ាន់លីង ទទួលនូវមតិប្រតិកម្មចម្រុះពីប្រិយមិត្តអ្នកស្តាប់។
ពួកគេបានបញ្ចេញមតិស្រដៀងៗគ្នាថា ការថតគឺល្អ MV ក៏ល្អ ការរាំក៏ល្អប្រសើរ ប៉ុន្តែទាក់ទងនឹងសំឡេងរបស់ ឃុន វ៉ាន់លីង គឺតឹងនិងត្បៀតបន្តិចដែលធ្វើឱ្យអ្នកស្តាប់ពិបាកស្តាប់។ អ្នកមួយចំនួនបានបង្ហាញថាពួកគេមិនមែនជា Hater នោះទេប៉ុន្តែសំឡេង ឃុន វ៉ាន់លីង គឺពិតជានៅមានកម្រិតនិងចង់ឱ្យរូបនាងអភិវឌ្ឍន៍ជាងនេះទៅទៀតឬអាចជ្រើសរើសនិពន្ធបទណាដែលស័ក្តិសមសម្រាប់សំឡេងរបស់នាង។

ទោះជាយ៉ាងណា អ្នកគាំទ្រមួយចំនួនក៏បានផ្តល់កម្លាំងចិត្តដល់ ឃុន វ៉ាន់លីង ដោយលើកឡើងថាទោះបីមានចំណុចខ្វះខាតប៉ុន្តែរូបនាងពិតជាប្រឹងប្រែងសម្រាប់ការងារមួយនេះ។
កញ្ញា ឃុន វ៉ាន់លីង បានធ្វើឱ្យទស្សនិកជនស្គាល់តាមរយៈការផលិតវីដេអូនានា ទាំងសកម្មភាពប្រចាំ និងដំណើរកម្សាន្តជាពិសេសគឺទាក់ទងនឹងកន្លែងទេសចរណ៍នៅខេត្តសៀមរាបផ្ទាល់តែម្តងដោយសារតែនាងជាកូនអ្នកខេត្តនេះ។ ការចាប់យកអាជីពជាអ្នកចម្រៀងគឺជាដំណើរថ្មីមួយរបស់ ឃុន វ៉ាន់លីង សម្រាប់បម្រើអារម្មណ៍អ្នកគាំទ្រ៕










