ប្រទេសចិនបានធ្វើកំណែទម្រង់វិស័យអប់រំដោយដាក់ចេញនូវគោលនយោបាយហាមឃាត់សាលារៀនកម្រិតបឋម និងមធ្យមសិក្សា ដាក់កិច្ចការច្រើនពេកឱ្យសិស្សធ្វើនៅផ្ទះ និងហាមរំខានពេលវេលាសម្រាករបស់សិស្ស ដើម្បីកាត់បន្ថយការដាក់សម្ពាធនាំឱ្យប៉ះពាល់សុខភាពផ្លូវកាយ និងផ្លូវចិត្ត ដោយវិស័យអប់រំត្រូវផ្តោតលើគុណភាព មិនមែនផ្តោតលើបរិមាណកិច្ចការ ឬពិន្ទុនោះទេ ។
.jpg)
ក្រសួងអប់រំចិនបានចេញសេចក្តីប្រកាសនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ អំពីការធ្វើកំណែទម្រង់វិស័យអប់រំនៅទូទាំងប្រទេស ដោយហាមសាលារៀនកម្រិតបឋម និងមធ្យមសិក្សា ដាក់កិច្ចការច្រើនឱ្យសិស្សធ្វើនៅផ្ទះ និងហាមរំខានពេលវេលាសម្រាក ដើម្បីកុំឱ្យប៉ះពាល់សុខភាពផ្លូវកាយ និងផ្លូវចិត្ត ។ កំណែទម្រង់នេះត្រូវបានចាត់ទុកជាការផ្លាស់ប្តូរទម្លាប់ក្នុងសាលារៀនចិន ដែលផ្តោតតែលើការជំរុញសិស្សឱ្យខំរៀនខ្លាំងដើម្បីទទួលបានពិន្ទុល្អគ្រប់មុខវិជ្ជា ប៉ុន្តែមិនបានគិតពីផលប៉ះពាល់សុខភាពយយុវជន ។
គោលបំណងចម្បងនៃការធ្វើកំណែទម្រង់វិស័យអប់រំ គឺកាត់បន្ថយសម្ពាធក្នុងការសិក្សា និងផលប៉ះពាល់សុខភាពផ្លូវចិត្តរបស់យុវជន ។ អ្នកជំនាញថា ការដាក់កិច្ចការច្រើនឱ្យសិស្សធ្វើនៅផ្ទះ គឺជាបញ្ហារ៉ាំរ៉ៃដែលកើតឡើងនៅទូទាំងប្រទេសចិន ដែលធ្វើឱ្យយុវជនកាន់តែច្រើនសម្រាកមិនគ្រប់គ្រាន់ រហូតដល់ប៉ះទង្គិចផ្លូវចិត្ត ធ្លាក់ទឹកចិត្ត ទើបក្រសួងអប់រំកំណត់ឱ្យសាលារៀនគ្រប់គ្រងយ៉ាងតឹងរ៉ឹងលើចំនួនកិច្ចការដាក់ឱ្យសិស្សធ្វើនៅផ្ទះ ។

ក្រៅពីនេះ ក្រសួងអប់រំចិនបានកំណត់ឱ្យសិស្សកម្រិតបឋម និងមធ្យមសិក្សា មានពេលវេលាហាត់ប្រាណជារៀងរាល់ថ្ងៃ យ៉ាងហោចណាស់ ចំនួន២ម៉ោងក្នុង១ថ្ងៃ ព្រមទាំងហាមគ្រូសាលាមត្តេយ្យយកខ្លឹមសារមេរៀន ឬវិធីបង្រៀនសិស្សបឋម មកបង្រៀនកុមារតូចៗជាដាច់ខាត, ហាមសាលារៀនរៀបចំការប្រឡងញឹកញាប់ ដើម្បីកុំឱ្យសិស្សរងសម្ពាធខ្លាំង ។
.jpg)
សាលារៀនកម្រិតបឋម និងមធ្យមសិក្សា ក៏ត្រូវបានហាមឃាត់មិនឱ្យរៀបចំការប្រឡងណាមួយក្នុងគោលបំណងជ្រើសរើសសិស្សឱ្យចូលរៀន ក៏ដូចជាហាមសាលារៀនផ្តល់រង្វាន់ ឬដាក់ពិន័យគ្រូតាមរយៈលទ្ធផលពិន្ទុសិស្សប្រឡងចូលសាកលវិទ្យាល័យ ។
លើសពីនេះ រដ្ឋាភិបាលចិនមិនអនុញ្ញាតឱ្យសាលារៀនរំខានពេលវេលាសម្រាករបស់សិស្សមិនថាករណីណាក៏ដោយ ជាពិសេស ពេលសម្រាកចេញលេង គឺសាលារៀនត្រូវតែឱ្យសិស្សចេញពីបន្ទប់រៀន ។ រដ្ឋាភិបាលចិនក៏បានជំរុញឱ្យសាលារៀនបង្កើនថ្ងៃឈប់សម្រាកនៅរដូវផ្ការីក និងរដូវស្លឹកឈើជ្រុះ បន្ទាប់ពីវិស្សមកាល (វ៉ាកង) រដូវក្តៅ និងរដូវរងា ៕










