រូបភាពរបស់នាយក្រិនដែលគេងស្តូកស្តឹងសម្រាកនៅមន្ទីរពេទ្យក្នុងខេត្តបាត់ដំបងបានបង្កឱ្យទស្សនិកជនភ្ញាក់ផ្អើលយ៉ាងខ្លាំង។ បើតាមការបង្ហោះរបស់លោក សាវិន ហ្វីលីព នាយក្រិន មានជំងឺរលាកប្រអប់ត្រចៀកខាងឆ្វេងបានបង្កទៅជាមេរោគរាលដាលចូលពេញឈាមនិងខួរក្បាលនិងមានមេរោគរហូត២៤ពាន់មេរោគឯណោះ។
នៅថ្ងៃទី១១ ខែមីនា លោក សាវិន ហ្វីលីព ដែលជួយជ្រោមជ្រែង នាយក្រិន ឱ្យចាប់ផ្តើមអាជីពឡើងវិញបានបង្ហោះនៅលើបណ្តាញសង្គមរៀបរាប់ពីអាការៈរបស់ នាយក្រិន ខណៈតារាកំប្លែងរូបនេះត្រូវផ្លាស់ប្តូរការព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រ។ លោក សាវិន ហ្វីលីព រៀបរាប់ថា «វេជ្ជបណ្ឌិតបានបញ្ជាក់នៅព្រឹកថ្ងៃទី១១ ខែមីនា នេះថា នាយក្រិន មានជំងឺរលាកប្រអប់ត្រចៀកខាងឆ្វេងធ្ងន់ធ្ងរហើយបង្កជាមេរោគយ៉ាងច្រើហើយមេរោគបានរាលដាលចូលពេញឈាមនិងដល់ខួរក្បាលទៅហើយរហូត២៤ពាន់មេរោគឯណោះ»។
អ្វីដែលធ្វើឱ្យទស្សនិកជនកាន់តែព្រួយបារម្ភតារាសម្តែងជើងចាស់រូបនេះបានបញ្ជាក់ថា ពេលនេះ នាយក្រិន វង្វេងវង្វាន់មិនស្គាល់លោកទេ ធ្វើឱ្យលោកគិតថានេះអាចជារឿងគ្រោះថ្នាក់ដល់ជីវិត។ មិនបណ្ដែតបណ្ដោយទុកយូរលោក សាវិន ហ្វីលីព បានស្នើសុំគ្លីនិកនៅខេត្តបាត់ដំបងបញ្ជូននាយក្រិនមកសង្រ្គោះបន្ទាន់នៅភ្នំពេញ។ ពេលទៅដល់ភ្នំពេញនឹងមានតារាកំប្លែង ប្រិមប្រិយ ចាំទទួលជួយគាត់។
.png)
លោក សាវិន ហ្វីលីព ពណ៌នាថា នាយក្រិន មើលទៅកម្សត់ណាស់គ្មានអ្នកមើលថែក្នុងមន្ទីរពេទ្យក្រៅពីកូនតូចៗទាំងបី ចំណែកឪពុកនាយក្រិនវិញកំពុងដេកឈឺសួតធ្ងន់ធ្ងរដាក់អុកស៊ីហ្សែនជាប់រហូតរាប់ឆ្នាំហើយ។

ដំណឹងរបស់ នាយក្រិន ដែលកំពុងមានជំងឺរលាកប្រអប់ត្រចៀកខាងឆ្វេងធ្ងន់ធ្ងរបង្កទៅជាមេរោគយ៉ាងច្រើនសន្ធឹកសន្ធាប់នេះបានធ្វើឱ្យទស្សនិកជនជាច្រើនផ្ញើសារជូនពរឱ្យ នាយក្រិន ឆាប់ជាសះស្បើយពីជំងឺខណៈលោកជំទាវ ហាក់ ដាណា បានចូលរួមបរិច្ចាគទឹកប្រាក់នាយក្រិនចំនួន១០០០ដុល្លារ៕










