ជាដំណឹងល្អសម្រាប់អ្នកចូលចិត្តញ៉ាំឈីស! ឈីសមិនត្រឹមតែមានរសជាតិឆ្ងាញ់ប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងផ្តល់អត្ថប្រយោជន៍ដល់សុខភាពថង់ប្រមាត់ផងដែរ ដោយការសិក្សាថ្មីមួយបានរកឃើញថា ការទទួលទានឈីស (Cheese) ជាប្រចាំ អាចជាវិធីដ៏សាមញ្ញមួយក្នុងការកាត់បន្ថយហានិភ័យនៃជំងឺគ្រួសក្នុងប្រមាត់ ដែលជាបញ្ហាសុខភាពបង្កការឈឺចាប់យ៉ាងខ្លាំងដល់មនុស្សរាប់លាននាក់។
.jpg)
គ្រួសក្នុងប្រមាត់ ឬដែលភាសាបច្ចេកទេសហៅថា Cholelithiasis កើតឡើងនៅពេលដែលមានជាតិកូឡេស្តេរ៉ុលលើសលប់កកកុញនៅក្នុងទឹកប្រមាត់ រហូតក្លាយជាដុំគ្រួសរឹងៗដែលទៅរាំងស្ទះផ្លូវទឹកប្រមាត់។
.jpg)
ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Lanzhou នៃប្រទេសចិន បានតាមដានរបបអាហាររបស់មនុស្សពេញវ័យជិត ៤០០,០០០ នាក់ និងបានរកឃើញលទ្ធផលគួរឱ្យភ្ញាក់ផ្អើលគឺ ការញ៉ាំឈីសយ៉ាងហោចណាស់ ម្ដងក្នុងមួយថ្ងៃ អាចជួយកាត់បន្ថយហានិភ័យនៃជំងឺគ្រួសក្នុងប្រមាត់បានដល់ទៅ ២៦.៣%។ ជាពិសេស សូម្បីតែការញ៉ាំ ២ ទៅ ៤ ដងក្នុងមួយសប្តាហ៍ ក៏ជួយកាត់បន្ថយបាន ២០% ហើយការញ៉ាំត្រឹមតែ ១ ដងក្នុងមួយសប្តាហ៍ ក៏នៅតែអាចជួយបាន ១៣% ដែរ បើធៀបនឹងអ្នកមិនញ៉ាំទាល់តែសោះ។
តើហេតុអ្វីបានជាឈីសមានប្រសិទ្ធភាពក្នុងការជួយបង្ការជំងឺដ៏ឈឺចាប់មួយនេះ? ក្នុងចំណោទនេះ អ្នកស្រាវជ្រាវបានលើកឡើងនូវមូលហេតុចម្បងពីរយ៉ាងគឺ៖
១. ជាតិកាល់ស្យូម (Calcium): ជាតិកាល់ស្យូមខ្ពស់នៅក្នុងឈីស ជួយរំញោចឱ្យថង់ប្រមាត់ច្របាច់បញ្ចេញទឹកប្រមាត់បានទៀងទាត់ ដែលជាការបង្ការកុំឱ្យជាតិកូឡេស្តេរ៉ុលមានឱកាសកកកុញទៅជាគ្រួស។
២. បង្កើនកូឡេស្តេរ៉ុលល្អ (HDL-C): ឈីសជួយបង្កើនកម្រិតកូឡេស្តេរ៉ុលល្អ ដែលដើរតួជាអ្នកដឹកជញ្ជូន នាំយកជាតិខ្លាញ់ទៅតាមផ្នែកផ្សេងៗដោយសុវត្ថិភាព ធ្វើឱ្យជាតិខ្លាញ់ដែលសេសសល់ក្នុងទឹកប្រមាត់មានតិចតួចបំផុត។.jpg)
យ៉ាងណាមិញ ទោះបីជាឈីសមានអត្ថប្រយោជន៍ក្នុងការបង្ការក៏ដោយ ប៉ុន្តែវាអាចជាអាហារដែលត្រូវជៀសវាងផងដែរ សម្រាប់អ្នកដែលមានជំងឺនេះរួចទៅហើយ។ គ្រូពេទ្យតែងណែនាំអ្នកដែលមានគ្រួសក្នុងប្រមាត់ ឱ្យកាត់បន្ថយអាហារដែលមានជាតិខ្លាញ់ឆ្អែតខ្ពស់ ដូចជាឈីសនេះជាដើម ព្រោះវាអាចធ្វើឱ្យមានអាការឈឺចាប់ភ្លាមៗនៅពេលញ៉ាំរួច។
លើសពីនេះ ជំងឺគ្រួសក្នុងប្រមាត់ក៏ជាប់ទាក់ទងទៅនឹងកត្តាផ្សេងៗទៀតដូចជា៖ ការស្រកទម្ងន់លឿនពេក ការញ៉ាំអាហារដែលមានជាតិម្សៅ និងស្ករ (Refined Carbohydrates) ច្រើនពេក និងអ្នកដែលមានជំងឺទឹកនោមផ្អែមប្រភេទទី២ ផងដែរ ដែលជាហេតុមិនគួរបរិភោគអាហារមានជាតិខ្លាញ់ឆ្អែតដូចជាឈីស៕










