អ្នកលេងបណ្តាញសង្គមថៃជាច្រើនបានសម្រុកចូលខម្មិនការបង្ហោះរបស់ អ៊ិន លក្ខិណា Miss Cosmo Cambodia 2024 ដោយចោទប្រកាន់ថាបវរកញ្ញារូបនេះចម្លងស្ទាយ៍ Lisa សមាជិក BLACKPINK។ ការចោទប្រកាន់នេះធ្វើឡើងបន្ទាប់ពី លក្ខិណា ស្ថិតក្នុងសំលៀកបំពាក់ពណ៌សហើយថតនៅក្នុងបឹងព្រលិត។
ទស្សនិកជនមួយចំនួនជ្រាបមកហើយថាដោយសារតែវិស័យទេសចរណ៍ថៃមានការធ្លាក់ចុះយ៉ាងខ្លាំង អាជ្ញាធរទេសចរណ៍ថៃបានតែងតាំង Lisa សមាជិក BLAKCPINK ជាទូតសុច្ឆន្ទៈ Amazing Thailand ដើម្បីដាក់ពង្រាយអំណាចទន់(Soft Power)ដែលដឹកនាំដោយតារាល្បីៗ ដោយទាញយកមូលដ្ឋានអ្នកគាំទ្រសកលរបស់នាងដើម្បីទាញវិស័យទេសចរណ៍ថៃឱ្យងើបឡើងវិញ។ រូបភាពនៃការផ្សព្វផ្សាយដំបូងរបស់ Lisa ដែលនៅក្នុងទូកក្នុងបឹងព្រលិតក៏រងនូវមតិចម្រូងចម្រាសដោយទស្សនិកជនភាគច្រើនគិតថារូបភាពនោះជា AI ។
យ៉ាងណាមិញ ថ្មីៗនេះអ្នកលេងបណ្តាញសង្គមថៃជាច្រើនបានចូលមកខម្មិនចោទប្រកាន់បវរកញ្ញា អ៊ិន លក្ខិណា ថាចម្លងស្ទាយ៍តារាចម្រៀង Lisa ។ ការចោទប្រកាន់យ៉ាងច្រើនពីផ្ទះលេខពីរធ្វើឡើងក្រោយពី អ៊ិន លក្ខិណា បានបង្ហោះវីដេអូមួយដែលនាងស្លៀករ៉ូបពណ៌ស អង្គុយលើទូកត្នោតក្នុងបឹងព្រលិតដែលមានភាពស្រដៀងគ្នាទៅនឹងរូបភាពរបស់ Lisa ។
មិនត្រឹមតែអ្នកលេងបណ្តាញសង្គមថៃប៉ុណ្ណោះទេ ប៉ុន្តែអ្នកមួយចំនួនក៏បង្ហាញចម្ងល់ដូចគ្នាដោយពួកគេគិតថាទោះបីជាមានធម្មជាតិមិនចម្លងគ្នាក៏ដោយប៉ុន្តែ ការស្លៀកពាក់ពណ៌សនិងថតនៅបឹងព្រលិតដូចគ្នាហើយក្រោយគេបែបនេះនោះជនជាតិថៃនឹងចំអកថាខ្មែរចម្លងថៃហើយ។
ទន្ទឹមនឹងមានមតិចម្រូងចម្រាសនេះ អ៊ិន លក្ខិណា ពុំទាន់ចេញមកស្រាយនៅឡើយទេ។ ក្រៅពីការថតនេះ Miss Cosmo Cambodia 2024 កំពុងផ្សព្វផ្សាយពីវប្បធម៌ខ្មែរដោយបានបង្ហោះវីដេអូជាបន្តបន្ទាប់ៗផងដែរ៕










