ការសើចបង្ហាញពីក្តីរីករាយ ឬការសម្រេចគោលដៅ និងផ្តល់អត្ថប្រយោជន៍ដល់សុខភាពបេះដូង បើទោះជាយើងសើចតិច ឬច្រើនក៏ដោយ ។ ការសើចកើតឡើងពីធម្មជាតិដើម្បីកាត់បន្ថយភាពតានតឹង បញ្ចេញសារធាតុ Endorphin ជួយឱ្យអារម្មណ៍ស្រស់ស្រាយ សម្រួលសាច់ដុំ ជួយប្រព័ន្ធការពាររាងកាយ គ្រប់គ្រងចង្វាក់បេះដូង និងសួត ដែលវាដូចគ្នានឹងថ្នាំដ៏វិសេសសម្រាប់ធ្វើឱ្យសុខភាពផ្លូវកាយ និងផ្លូវចិត្តរឹងមាំ ។

យោងតាមការស្រាវជ្រាវរបស់សាកលវិទ្យាល័យ Maryland Medical Center សហរដ្ឋអាមេរិក បង្ហាញថា ការសើចអាចជំរុញឱ្យចលនាសរសៃឈាមរត់ល្អ ដែលជាកត្តាសំខាន់សម្រាប់សុខភាពបេះដូង ។ ប្រសិនបើសើចរយៈពេល២នាទី នឹងផ្តល់អត្ថប្រយោជន៍ដល់សុខភាពបេះដូង ដូចគ្នានឹងការដើរហាត់ប្រាណរយៈពេល២០នាទីដែរ ។
សាកលវិទ្យាល័យបានជ្រើសរើសមនុស្សអាយុច្រើនដែលមានសុខភាពល្អ ចំនួន២០នាក់ ដោយឱ្យពួកគេអានអត្ថបទកំប្លែង និងអត្ថបទសោកសៅក្នុងពេលដំណាលគ្នាដើម្បីប្រៀបធៀបលទ្ធផល ដោយការវាស់សរសៃឈាមតាមបច្ចេកទេស Flow-Mediated Dilation (FMD) មុនពេល និងក្រោយពេលអានអត្ថបទ ។ លទ្ធផលបង្ហាញថា បន្ទាប់ពីពួកគេសើចរួច គឺសរសៃឈាមរីកធំ រីឯការតានតឹងផ្លូវចិត្តធ្វើឱ្យសរសៃឈាមរួមតូច ។
.jpg)
ហេតុនេះ អាចសន្និដ្ឋានថា ការសើចមិនមែនគ្រាន់តែជាសេចក្តីសុខបណ្តោះអាសន្ននោះទេ វាផ្តល់អត្ថប្រយោជន៍ដល់បេះដូង សរសៃឈាម ខួរក្បាល និងអរម៉ូនភាពតានតឹង ។ បើតាមភស្តុតាងផ្នែកវិទ្យាសាស្ត្រ គឺការសើចជួយឱ្យឈាមរត់ល្អ កាត់បន្ថយស្ត្រេស ជួយសុខភាពបេះដូង បើទោះការសើចមិនអាចជំនួសការហាត់ប្រាណ ប៉ុន្តែការសើចជាប្រចាំក៏អាចថែទាំសុខភាពបានដែរ ។

ក្រៅពីនេះ ក៏មានការស្រាវជ្រាវផ្សេងទៀតថា ការសើចតិចតួចធ្វើឱ្យប្រឈមនឹងជំងឺសរសៃឈាមបេះដូង ដែលនេះជាការឆ្លុះបញ្ចាំងពីទំនាក់ទំនងរវាងការសើច និងសុខភាពបេះដូង ។ ទោះយ៉ាងណា អ្នកជំនាញសុខភាពថា ការសើចជួយឱ្យផ្លូវចិត្តល្អ និងផ្តល់ផលល្អដល់សុខភាពក៏ពិតមែន ប៉ុន្តែមិនអាចជំនួសការហាត់ប្រាណទេ ។
ការបង្កើនសំណើចក្នុងជីវិតប្រចាំថ្ងៃអាចធ្វើឡើងតាមរយៈទស្សនាភាពយន្ត ឬកម្មវិធីកំប្លែង, ចំណាយពេលរីករាយជាមួយមិត្តភក្តិ ឬក្រុមគ្រួសារ ហើយការសើចតិចៗជារៀងរាល់ថ្ងៃអាចជាការថែទាំសុខភាពបេះដូងដ៏ងាយស្រួល ៕










