Ka Ismee ដែលមហាជនស្គាល់ថាជាភរិយារបស់តារាចម្រៀង ណូលី បានតបតមួយឆ្ងាញ់ទៅកាន់អ្នកលេងបណ្តាញសង្គមក្រោយពីរិះគន់ស្វាមីរបស់ខ្លួនថា ច្រៀងដូចភេទទី៣ ប៉ុន្តែបានតម្លៃខ្លួនដល់ទៅ២០០០ដុល្លារ។ នេះមិនមែនជាលើកទី១នោះទេដែល Ka Ismee ចេញមកការពារ ណូលី កន្លងមករូបនាងក៏បានចេញតបតទៅនឹងមតិយោបល់ដែលថា ណូលី មិនសមនឹងនាង។

កាលពីថ្ងៃទី៣០ មករា តារាចម្រៀង ណូលី បានបង្ហាញពីវីដេអូរបស់ខ្លួនដែលមានកិត្តិយសបកស្រាយបទចម្រៀងក្នុងពិធីមង្គលការដែលមានកូនកំលោះកម្ពុជា និងកូនក្រមុំវៀតណាម។ លើសពីនេះទៅទៀត តារាចម្រៀងរូបនេះក៏បានបង្ហាញពីទឹកប្រាក់ដែលទទួលបានគឺចំនួន២០០០ដុល្លារក្នុងមួយបទហើយថាទោះបីជាលោកច្រៀង១០ទៀតក៏មិនហត់ដែរ។ បទចម្រៀងដែលប្រើភាសាបេះដូងក្នុងការស្រលាញ់ពីមនុស្សពីរជាតិសាសន៍នេះបានទាក់ទាញចំណាប់អារម្មណ៍យ៉ាងច្រើននិងមានមតិយោបល់ចង់ស្តាប់បទចម្រៀងនេះពេញ។
ទោះជាយ៉ាងណា ការច្រៀងរបស់ ណូលី ត្រូវបានអ្នកលេងបណ្តាញសង្គមម្នាក់បញ្ចេញមតិរិះគន់រហូតដល់ Ka Ismee ចេញមកប្រតិកម្មតបតវិញ។ គណនីនោះមានការបញ្ចេញមតិថា «ច្រៀងដូចខ្នើយចឹងបានដល់២ពាន់ មិនដឹងស្តាប់ម៉េចឱ្យពីរោះ ហើយកុំមើលមុខអ្នកចម្រៀងពិសេសមាត់…»។ ពាក្យសម្តីនេះ Ka Ismee បានចូលទៅតបតថា «ក្បាលមិនសមនឹងសក់ហើយមានមុខមកខម្មិនកើតទៀត កុំ lock មើលមុខតិចមើលថាសង្ហាកម្រិតណាម កដៀលគេហ្នឹង»។ មិនត្រឹមតែតបតប៉ុណ្ណោះទេភរិយា ណូលី ថែមទាំងបង្ហោះនៅលើបណ្តាញសង្គមតែម្តង។
នៅក្រោមការបង្ហោះរបស់ខ្លួន Ka Ismee បានសរសេរទៀតថា «ចាស់ហើយរកវត្តខ្លះទៅ ទើសគេlock pf ចឹងកាកណាស់ សំដីគ្រាន់តែច្រៀង២ពាន់ ចុះមានសមត្ថភាពនិពន្ធបទហើយច្រៀងបានដូចអត់ អាទំពែកអត់សក់…»។

គួរឱ្យដឹងថាពីខែតុលា ឆ្នាំ២០២៥ កន្លងមកនេះបន្ទាប់ពីរៀបអាពាហ៍ពិពាហ៍រួច អ្នកនាង តាំង ម៉ីហុង ឬទស្សនិកជនស្គាល់លើបណ្តាញសង្គមថា Ka Ismee បានប្រតិកម្មទៅកាន់អ្នកលេងបណ្តាញសង្គមដែលថា ណូលី មិនសមជាមួយនាង។ ស្រីកា បានឆ្លើយតបថាមុននឹងខម្មិនគួរគិតសិន សម្តីណាធ្វើឱ្យគេឈឺចាប់កុំនិយាយអីល្អជាង។ ទោះបីជា ណូលី មិនស្អាតសង្ហាសម្រាប់អ្នកដទៃប៉ុន្តែអាចធ្វើឱ្យនាងមានក្តីសុខបាន។ នាងរស់នៅជាមួយមនុស្សដែលអាចផ្តល់ក្តីសុខនិងបំពេញតួនាទីការងារជំនួសនាងបាន មិនមែនរស់នៅជាមនុស្សភាពស្អាតតែខាងក្រៅជួយអ្វីមិនបាននោះទេ។

ការចេញមុខការពារជំនួសស្វាមីម្តងជាពីរដងរបស់ Ka Ismee ធ្វើឱ្យអ្នកគាំទ្រជ្រួលជ្រាបយ៉ាងខ្លាំងពីទំហំក្តីស្រលាញ់អ្នកទាំងពីរ ខណៈដែល Ka Ismee ជាមនុស្សម្នាក់ដែលជួយជ្រោមជ្រែងឱ្យ ណូលី ក្រោកឈរ កែប្រែខ្លួនឯងនិងចូលប្រឡូកក្នុងអាជីពសិល្បៈឡើងវិញ៕










