មិនសូវជាបង្អួតសម្ភារៈនិយមប៉ុន្មាននោះទេប៉ុន្តែ វណ្ណដា បានធ្វើឱ្យអ្នកគាំទ្រកត់សម្គាល់ឃើញថាលោកវិនិយោគទៅលើឧបករណ៍តន្រ្តីឬរបស់របរទាក់ទងនឹងការផលិតចម្រៀងរបស់ខ្លួន។ ជាក់ស្តែងថ្មីៗនេះ វណ្ណដា បានបង្ហាញពីឧបករណ៍ភ្លេង ព្យាណូ និង Saxophone ហើយមើលទៅតារាចម្រៀងរូបនេះពិតជារីករាយជាមួយរបស់ថ្មីនេះយ៉ាងខ្លាំង។

នៅយប់ថ្ងៃទី២៩ ខែមករា វណ្ណដា បានបង្ហោះរូបភាពជាច្រើនសន្លឹកនៅលើគណនីផ្ទាល់ខ្លួនជាមួយនឹងពាក្យពេចន៍ក្នុងន័យថា គ្មានអ្វីដែលមិនអាចទៅរួចនោះទេរហូតដល់អ្នករៀនវា ដោយភ្ជាប់ជាមួយនឹងនិមិត្តសញ្ញាភ្លេងចំនួនពីរគឺ ព្យាណូ និង Saxophone។ នេះទំនងជា វណ្ណដា កំពុងសិក្សាឧបករណ៍ភ្លេងទាំងពីរនេះបន្ថែមទៀត។ .png)
ការទិញសម្ភារៈភ្លេងនេះដែរបានបញ្ជាក់ថា វណ្ណដា គឺវិនិយោគទៅលើតន្រ្តីដែលជីវិតរបស់លោកបានផ្សារភ្ជាប់ជាមួយនឹងវាអស់រយៈពេលជាច្រើនឆ្នាំមកនេះ។ កន្លងមកតារារ៉េបរូបនេះក៏បានចំណាយទឹកប្រាក់យ៉ាងក្រាស់សម្រាប់ការទិញ Mic មកពីស្រុកក្រៅផងដែរ។ ទឹកចិត្តអ្នកស្រលាញ់តន្រ្តីត្រូវបានមើលឃើញយ៉ាងច្បាស់ពីក្នុងខ្លួនរបស់ វណ្ណដា ដែលលោកតែងតែវិនិយោគហើយក៏ទទួលបានផលមកវិញដូចគ្នា។

ក្រៅពីការចាប់អារម្មណ៍ជាមួយនឹងឧបករណ៍ភ្លេង វណ្ណដា ក៏ត្រូវបានទស្សនិកជនសរសើរចំពោះម៉ូតសក់ថ្មីរបស់លោកដូចគ្នា។ 
គួរបញ្ជាក់ផងដែរថា នៅក្នុងថ្ងៃកំណើតរបស់ វណ្ណដា កាលពីថ្ងៃទី២២ មករា តារារ៉េបរូបនេះបានផ្តល់ជាកាដូសម្រាប់ហ្វេនៗរបស់ខ្លួនជាមួយនឹងបទថ្មីមានចំណងជើងថា «NEON LIGHT»។ មកទល់នឹងព្រឹកថ្ងៃទី៣០ ខែមករា បទនេះមានអ្នកស្តាប់លើសពី ៨៥៣ K Views នៅលើឆាណែលយូធូប៕










