ប្រទេសកេនយ៉ា ៖ សកម្មជនបរិស្ថានម្នាក់នៅប្រទេសកេនយ៉ា បានបំបែកកំណត់ត្រាពិភពលោក (Guinness World Records) បន្ទាប់ពីឈរឱបដើមឈើដោយមិនឈប់សម្រាកសោះរយៈពេល៧២ម៉ោង ដើម្បីបង្ហាញទៅកាន់មនុស្សទូទាំងពិភពលោក ឱ្យចេះស្រឡាញ់ និងថែទាំបរិស្ថានលើផែនដីប្រកបដោយនិរន្តរភាព ។

តាមការចុះផ្សាយរបស់សារព័ត៌មានបរទេសកាលពីខែធ្នូ ឆ្នាំ២០២៥ សកម្មជនបរិស្ថានម្នាក់នៅប្រទេសកេនយ៉ា (Kenya) បានបំបែកកំណត់ត្រាពិភពលោក (Guinness World Records) បន្ទាប់ពីឈរឱបដើមឈើដោយមិនឈប់សម្រាកសោះរយៈពេល៧២ម៉ោង ដើម្បីអំពាវនាវទៅកាន់មនុស្សលើពិភពលោកឱ្យយល់ដឹងពីសារៈសំខាន់នៃការអភិរក្សធម្មជាតិ និងបរិស្ថានជុំវិញខ្លួន ។.jpg)
សកម្មជនបរិស្ថានកេនយ៉ាដែលបំបែកកំណត់ត្រាពិភពលោក គឺអ្នកនាង Truphena Muthoni អាយុ២២ឆ្នាំ ត្រូវបាន Guinness World Records កត់ត្រាជាបុគ្គលឈរឱបដើមឈើរយៈពេលយូរបំផុត ។ នាងយកឈ្នះអ្នកបំបែកកំណត់ត្រាពិភពលោកចាស់ឈ្មោះ Frederick Boakye នៅប្រទេសហ្គាណា ដែលបានឈរឱបដើមឈើត្រឹមតែរយៈពេល៥០ម៉ោង ២នាទី និង២៨វិនាទី ។
ភាពជោគជ័យនេះ មិនមែនជាលើកដំបូងរបស់អ្នកនាង Muthoni ទេ ពីព្រោះកាលពីខែកុម្ភៈ ឆ្នាំ២០២៥ នាងធ្លាប់បានបំបែកកំណត់ត្រាពិភពលោកម្តងហើយ ដោយឈរឱបដើមឈើមិនឈប់សម្រាកសោះរយៈពេល៤៨ម៉ោង ដែលនេះជាការបំបែកកំណត់ត្រាពិភពលោក រហូតដល់២លើក ។.jpg)
អ្នកនាង Muthoni ថា ការឈរឱបដើមឈើ លើកទី១ ហាក់ងាយស្រួល ប៉ុន្តែមានអត្ថន័យបំផុត ដើម្បីបង្ហាញទៅកាន់មនុស្សទាំងអស់ឱ្យមានទំនាក់ទំនងជិតស្និទ្ធជាមួយបរិស្ថាន និងអភិរក្សបរិស្ថាន ។ រីឯការឈរឱបដើមឈើ លើកទី២ កាន់តែមានអត្ថន័យជ្រាលជ្រៅជាងមុនបង្ហាញពីការយកចិត្តទុកដាក់ចំពោះផែនដី មិនមែនគ្រាន់តែបណ្តោះអាសន្នទេ ប៉ុន្តែទាមទារការអត់ធ្មត់ និងអនុវត្តជាក់ស្តែង ។ ពិភពលោកត្រូវការលើសពីនេះ លើសការឈរឱបដើមឈើរយៈពេល៧២ម៉ោង គឺត្រូវការឱ្យមនុស្សយកចិត្តទុកដាក់ និងទទួលខុសត្រូវចំពោះបរិស្ថានឱ្យបានយូរអង្វែង ។
ការឈរឱបដើមឈើរបស់សកម្មជនបរិស្ថានកេនយ៉ា មិនត្រឹមតែជាការបំបែកកំណត់ត្រាពិភពលោកថ្មីនោះទេ ប៉ុន្តែវាជាការបំផុសគំនិតឱ្យមនុស្សលើពិភពលោក ងាកមកយកចិត្តទុកដាក់លើបញ្ហាអាកាសធាតុ និងបន្តការពារធម្មជាតិ ៕










