តារាសម្តែងថៃ Bright Vachirawit បានបង្កឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងក្លាបន្ទាប់ពីតារាប្រុសរូបនេះប្រែប្រួលរូបរាងខ្លាំងខុសស្រឡះដាច់ពីមុនរហូតរងការចោទប្រកាន់ថា Bright ប្រើសារធាតុហាមឃាត់រួមទាំងពាក្យសម្តីវាយប្រហារជាច្រើនទៀត។ ឃើញការបញ្ចេញមតិចោទប្រកាន់និងមិនសមរម្យក្រុមហ៊ុនរបស់តារាប្រុសរូបនេះប្រកាសថានឹងចាត់វិធានការតាមផ្លូវច្បាប់។

កាលពីពេលថ្មីៗនេះ តារាសម្តែង Bright Vachirawit បានបង្ហាញខ្លួននៅក្នុងកម្មវិធីម៉ូតមួយនៅក្នុងទីក្រុងប៉ារីស។ យ៉ាងណាមិញ រូបរាងរបស់ Bright បានបង្កឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងចំណោមអ្នកគាំទ្រ ពីព្រោះមនុស្សជាច្រើនបានកត់សម្គាល់ឃើញថារូបរាងរបស់ Bright មានការផ្លាស់ប្តូរ។ តារាប្រុសរូបនេះមើលទៅស្គមស្គាំងលែងស្រស់សង្ហាដូចមុន។

រូបរាងថ្មីរបស់ Bright ទាក់ទាញមតិប្រតិកម្មយ៉ាងច្រើនអ្នកគាំទ្រខ្លះក៏បង្ហាញការព្រួយបារម្ភចំពោះលោក ចំណែកអ្នកខ្លះទៀតបានរិះគន់និងចោទប្រកាន់តារាប្រុសរូបនេះប្រហែលជាប្រើសារធាតុហាមឃាត់ និងមានមតិយោបល់មិនសមរម្យជាច្រើនទៀត។ ឃើញមានការបញ្ចេញមតិច្រើនពេកតារាសម្តែង Bright បានឆ្លើយតបថាឥឡូវនេះលោកកំពុងផ្តោតលើសុខភាពរបស់ខ្លួន ជ្រើសរើសអាហារដែលមានសុខភាពល្អ និងហាត់ប្រាណ ដោយបញ្ជាក់ថាសុខភាពរបស់លោកបានប្រសើរឡើងគួរឱ្យកត់សម្គាល់។ .png)
ដោយសារតែសន្ទុះការលើកឡើងពីអ្នកលេងអ៊ីនធឺណិតខ្លាំងក្លានិងមិនពិតក្រុមហ៊ុន Cloud9 Entertainment Company Limited បានចេញសេចក្តីប្រកាសកាលពីថ្ងៃទី២៦ ខែមករា ដោយនឹងចាត់វិធានការតាមផ្លូវច្បាប់ ទៅលើបុគ្គលដែលចែកចាយសារ និងមតិយោបល់នៅលើបណ្តាញសង្គមដែលរួមមានការចំអក និងការរិះគន់មិនសមរម្យ ក៏ដូចជាការចោទប្រកាន់មិនពិតដែលបង្កឱ្យមានការយល់ច្រឡំ ប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ សិទ្ធិ និងរូបភាពសាធារណៈរបស់តារាប្រុសរូបនេះ។.png)
គួរបញ្ជាក់ផងដែរថា កាលពីចុងឆ្នាំ២០២៥ តារាសម្តែង Bright មានពាក្យចចាមអារ៉ាមថាបែកគ្នាជាមួយនឹងតារាចម្រៀង Nene បន្ទាប់ពីពួកគេឈប់តាមដានគ្នាលើបណ្តាញសង្គមរួមទាំងលែងបង្ហោះរូបគូជាមួយគ្នា។ ចាប់តាំងពីបើកចំហរចំណងស្នេហ៍ជាសាធារណៈកាលពីខែមេសា ឆ្នាំ២០២៤ អាជីពសិល្បៈរបស់អ្នកទាំងពីរមានផលប៉ះពាល់យ៉ាងខ្លាំងនៅក្នុងទីផ្សារប្រទេសចិន ជាពិសេសគឺ Nene តែម្តងដោយសារតែអាកប្បកិរិយាមិនចេះគិតគូរបស់ Bright កាលពីអតីតទើបធ្វើឱ្យនាងរងទុក្ខជាមួយ៕










