សហរដ្ឋអាមេរិក ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump ប្រកាសដំឡើងពន្ធទំនិញកាណាដារហូតដល់១០០% បើហ៊ានធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយចិន ដោយលោកលើកឡើងថា វានឹងប៉ះពាល់ដល់កាណាដាខ្លួនឯង ស្របពេលទំនាក់ទំនងតានតឹងរវាងអាមេរិក និងកាណាដា ដោយសារនាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney រិះគ.ន់អាមេរិកទាមទារកោះហ្គ្រីនឡែន ក្នុងកិច្ចប្រជុំសេដ្ឋកិច្ចពិភពលោក ឆ្នាំ២០២៦ (World Economic Forum) នៅទីក្រុង Davos ប្រទេសស្វីស ។
កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦ លោកប្រធានាធិបតី Trump បានបង្ហោះសារក្នុងបណ្តាញសង្គម Truth Social ថា អាមេរិកនឹងដំឡើងពន្ធទំនិញនាំចូលពីកាណាដា ស្មើ១០០% បើនាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney ហ៊ានធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយចិន វានឹងប៉ះពាល់កាណាដាខ្លួនឯង ។ ចិននឹងមានប្រៀបជាងកាណាដាគ្រប់ផ្នែក រួមទាំងបំផ្លាញអាជីវកម្ម រចនាសម្ព័ន្ធសង្គម និងការរស់នៅរបស់ពលរដ្ឋកាណាដា ហើយការដំឡើងពន្ធរបស់អាមេរិកនឹងដាក់សម្ពាធលើឧស្សាហកម្មកាណាដា រួមមាន ៖ ឧស្សាហកម្មលោហៈ រថយន្ត និងគ្រឿងម៉ាស៊ីន ។
ក្រៅពីនេះ ប្រធានាធិបតីអាមេរិកបង្ហាញការយល់ឃើញថា ចិនអាចនឹងប្រើប្រាស់កាណាដាជាឈ្នាន់ដើម្បីគេចវេះពីអាមេរិកដំឡើងពន្ធទំនិញ បើនាយករដ្ឋមន្ត្រីកាណាដាចង់ធ្វើឱ្យប្រទេសខ្លួនក្លាយជាឈ្នាន់ឱ្យចិននាំចេញទំនិញចូលទឹកដីអាមេរិក គឺនាយករដ្ឋមន្ត្រីកាណាដាគិតខុស នៅទីបំផុត ចិននឹងគ្រប់គ្រងកាណាដា ។ លោកថែមទាំងហៅនាយករដ្ឋមន្ត្រីកាដាណាថា គឺជាអភិបាលរដ្ឋ ដែលលោកធ្លាប់ទាមទារបញ្ចូលកាណាដាជារដ្ឋទី៥១ របស់អាមេរិក ។.jpg)
បើតាមការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកាណាដា លោក Dominic LeBlanc ក្នុងបណ្តាញសង្គម X កាណាដាមិនបានធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិនទេ គ្រាន់តែដោះស្រាយបញ្ហាពន្ធគយសំខាន់ៗមួយចំនួន ។ រីឯស្ថានទូតចិនប្រចាំប្រទេសកាណាដាបញ្ជាក់ថា ចិននឹងសហការជាមួយកាណាដាដើម្បីអនុវត្តការឯកភាពសំខាន់ដែលមេដឹកនាំប្រទេសទាំងពីរសម្រេចបាន ។
ចំណែកនាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney មិនបាននិយាយអ្វីឆ្លើយតបនឹងការដំឡើងពន្ធទំនិញក្នុងអត្រាខ្ពស់របស់អាមេរិកទេ គ្រាន់តែអំពាវនាវឱ្យពលរដ្ឋកាណាដាទិញទំនិញផលិតក្នុងស្រុក និងថា ពេលសេដ្ឋកិច្ចកាណាដារងការគំរាមកំហែងពីខាងក្រៅ អ្វីដែលពលរដ្ឋកាណាដាអាចធ្វើបាន គឺគ្រប់គ្រងហេតុការណ៍អាចកើតឡើង ។ កាណាដាមិនអាចគ្រប់គ្រងទង្វើរបស់ប្រទេសដទៃទេ ប៉ុន្តែយើងអាចទិញទំនិញរបស់កាណាដា ។
កាលពីដើមខែមករា នាយករដ្ឋមន្ត្រីកាណាដាបានធ្វើដំណើរទៅចិនដើម្បីស្តារទំនាក់ទំនងដ៏តានតឹងរវាងប្រទេសទាំងពីរ និងឈានដល់ការធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយចិនដែលជាដៃគូពាណិជ្ជកម្មលំដាប់ទី២ របស់កាណាដា បន្ទាប់ពីអាមេរិក ។ កិច្ចព្រមព្រៀងនេះ ចិននឹងទម្លាក់ពន្ធប្រេង Canola (ប្រេងសម្រាប់ចិនអាហារដែលល្អសម្រាប់សុខភាព) នាំចូលពីកាណាដា ពីអត្រា៨៥% មកត្រឹម១៥% ចាប់ពីខែមីនា ខណៈកាណាដានឹងទម្លាក់ពន្ធរថយន្តអគ្គិសនីចិន ពីអត្រា១០០% មកត្រឹម៦.១% ផ្អែកតាមគោលការណ៍អនុគ្រោះពន្ធ (Most-Favoured-Nation: MFN) ។
គួរបញ្ជាក់ថា ទំនាក់ទំនងរវាងនាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney ជាមួយលោកប្រធានាធិបតី Trump បានរង្គោះរង្គើ ដោយសារនាយករដ្ឋមន្ត្រីកាណាដារិះគន់ប្រធានាធិបតីអាមេរិកទាមទារកោះហ្គ្រីនឡែនរបស់ដាណឺម៉ាក ក្នុងកិច្ចប្រជុំសេដ្ឋកិច្ចពិភពលោក ឆ្នាំ២០២៦ (World Economic Forum) នៅទីក្រុង Davos ថា សណ្តាប់ធ្នាប់ចាស់របស់ពិភពលោកបាត់បង់ កាណាដាជាប្រទេសមហាអំណាច Middle នឹងសហការជាមួយប្រទេសនានាដើម្បីកុំឱ្យរងគ្រោះដោយសារមហាអំណាចអាមេរិក ខណៈលោកប្រធានាធិបតី Trump ថា កាណាដារស់ដោយសារអាមេរិក ៕.jpg)










