ទស្សនិកជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីគេបានឃើញ ប្រូកាក់ ដែលជាអ្នកធ្វើ Content លើបណ្តាញសង្គមមានចិត្តក្លាហានសារភាពក្តីស្រលាញ់ចំពោះតារាចម្រៀង សុខ ពិសី នៅលើឆាកប្រគំតន្រ្តីដែលមានមនុស្សចូលរួមទស្សនារាប់ពាន់នាក់។ សុខ ពិសី បានបញ្ជក់និងថែមទាំងហ៊ានស្បថស្បែថានាងពុំបានដឹងពីផែនការសារភាពនេះទេ។
.png)
នៅយប់ថ្ងៃទី២៥ ខែមករា តារាចម្រៀង សុខ ពិសី រួមទាំងសិល្បករដទៃទៀតបានចូលរួមក្នុងកម្មវិធីប្រគំតន្រ្តីសប្បុរធម៌នៅឯខេត្តតាកែវដើម្បីជួយដល់វីរកងទ័ព ជួសជុលនិងកសាងសាលារៀន។ កញ្ញា សុខ ពិសី ជាតារាចម្រៀងបានសម្តែងចុងក្រោយគេដោយធ្វើការបកស្រាយបទចម្រៀង «គ្មានបំណងកំដរសង្សារគេ» «គេមិនបានស្រលាញ់យើងទេ» «តើប្រើពេលប៉ុន្មានទើបអាចភ្លេចបង» និងបទ «ប៉ាកូនស្រលាញ់គេហើយ»។ អ្វីដែលធ្វើឱ្យទស្សនិកជនភ្ញាក់ផ្អើលបន្ទាប់ពីបកស្រាយបទចម្រៀង «ប៉ាកូនស្រលាញ់គេហើយ» ស្រាប់តែលេចវត្តមាន ប្រូកាក់ ឡើងមកលើឆាកប្រគំតន្រ្តីអមជាមួយនឹងបាច់ផ្កាសារភាពស្នេហ៍ចំពោះតារាចម្រៀងរូបនេះ។
.png)
ប្រូកាក់ បាននិយាយថា អ្វីដែលខ្លួនលោកធ្វើចំពោះតារាចម្រៀង សុខ ពិសី គឺជារឿងពិតមិនមែនជាការសម្តែងនោះទេ ជាក្តីស្រលាញ់ពិតប៉ុន្តែលោកមិនខ្វល់ថា សុខ ពិសី ស្រលាញ់លោកឬអត់នោះទេតែលោករីករាយនិងសប្បាយចិត្ត។ បន្ទាប់ពីនិយាយពាក្យទាំងនេះរួច ប្រូកាក់ បានលុតជង្គង់និងជូនបាច់ផ្កាដ៏ស្រស់ស្អាតទៅកាន់តារាចម្រៀង សុខ ពិសី ។
តារាចម្រៀង សុខ ពិសី បានទទួលយកបាច់ផ្កាដែលប្រូកាក់ជូនមកកាន់ខ្លួនប៉ុន្តែពុំបាននិយាយតបតចំពោះពាក្យសារភាពនោះទេ ដោយ សុខ ពិសី បានអះអាងថែមទាំងហ៊ានស្បថស្បែទៀតថាខ្លួនមិនបានដឹងពីផែនការដែលប្រូកាក់ធ្វើបែបនេះដាក់នាងឡើយ។ អ្នកចូលរួមទស្សនាបានស្រែកហ៊ោយ៉ាងខ្លាំងចំពោះទិដ្ឋភាពពោរពេញដោយក្តីស្រលាញ់បែបនេះ ហើយវីដេអូនោះបានរីកសាយភាពយ៉ាងខ្លាំងនៅលើបណ្តាញសង្គមទិកតុកនិងហ្វេកប៊ុក។

កន្លងមកទស្សនិកជនបានឃើញថា ប្រូកាក់ ជារឿយៗតែងតែធ្វើវីដេអូមកកាន់ សុខ ពិសី ហើយក៏មានការចែករំលែកបន្តពីតារាចម្រៀងនេះដូចគ្នា៕










