មេរោគឈ្មោះ Nipah ដ៏គ្រោះថ្នា.ក់ បំផុតមានប្រភពមកពីសត្វប្រជៀវ កំពុងឆ្លងរាលដាលយ៉ាងខ្លាំងគ្មានថ្នាំព្យាបាលនៅប្រទេសឥណ្ឌា ។ នេះបើយោងតាមអង្គការសុខភាពពិភពលោក (WHO) បានព្រមានអំពីគ្រោះថ្នា.ក់នៃមេរោគនេះ ។
សារព័ត៌មានបរទេសរាយការណ៍នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ ថា ឥណ្ឌាកំពុងពន្លឿនការទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគដ៏គ្រោះថ្នា.ក់ឈ្មោះ Nipah បន្ទាប់ពីគ្រូពេទ្យឥណ្ឌានៅរដ្ឋ West Bengal យ៉ាងហោចណាស់៥នាក់បានឆ្លងមេរោគនេះ ។ ក្រៅពីនេះ ក៏បានបញ្ជូនពលរដ្ឋជិត១០០នាក់ឱ្យនៅដាច់ដោយឡែក ដើម្បីទប់ស្កាត់ការឆ្លងរាលដាល ពីព្រោះបារម្ភពីការឆ្លងរាលដាលកាន់តែខ្លាំង ។
យោងតាមរបាយការណ៍ មានគ្រូពេទ្យឥណ្ឌាចំនួន២នាក់ និងមន្ត្រីសុខាភិបាលម្នាក់បានឆ្លងមេរោគ Nipah កាលពីថ្ងៃទី១៩ ខែមករា ដោយសារអ្នកទាំង៣ បានធ្វើការក្នុងមន្ទីរពេទ្យឯកជនមួយកន្លែងនៅទីក្រុង Barasat ក្បែរទីក្រុង Kolkata ។.jpg)
មុននេះ ក៏មានរបាយការណ៍ថា គ្រូពេទ្យឥណ្ឌាចំនួន២នាក់បានឆ្លងមេរោគនេះដែរ (គឺគ្រូពេទ្យប្រុសម្នាក់ និងស្រីម្នាក់) ដែលអ្នកទាំងពីរធ្វើការក្នុងមន្ទីរពេទ្យជាមួយគ្នា ។ វាជាហេតុធ្វើឱ្យរដ្ឋាភិបាលឥណ្ឌាស្នើឱ្យស្រាវជ្រាវជាបន្ទាន់ពីប្រភពមេរោគ និងតាមដានអ្នកប៉ះពាល់ ឬស្និទ្ធស្នាលជាមួយអ្នកជំងឺ ។
មន្ត្រីក្រសួងសុខាភិបាលឥណ្ឌាឱ្យដឹងថា អ្នកឆ្លងជំងឺនេះចុងក្រោយគេត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យក្នុងតំបន់ Beleghata នៅទីក្រុង Kolkata ខណៈអ្នកជំងឺ២នាក់ទៀតត្រូវបានបញ្ជូនទៅបន្ទប់សង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យឯកជន ។ ទោះជាអ្នកជំងឺម្នាក់មានអាការៈធូរស្រាល ប៉ុន្តែអ្នកជំងឺម្នាក់ទៀតស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ រីឯពលរដ្ឋជិត១០០នាក់ ត្រូវបានកំណត់ឱ្យនៅដាច់ដោយឡែក ។
.jpg)
អង្គការសុខភាពពិភពលោក(WHO) ចាត់ទុកមេរោគ Nipah មានគ្រោះថ្នាក់បំផុត ដោយសារវាអាចឆ្លងរាតត្បាតយ៉ាងឆាប់រហ័ស ហើយមិនទាន់មានវ៉ាក់សាំង ឬថ្នាំព្យាបាលនៅឡើយទេ ។ អ្នកជំនាញដាស់តឿនថា មេរោគនេះអាចឆ្លងពីសត្វមកមនុស្ស ដោយមានសត្វប្រជៀវជាប្រភពចម្លងមេរោគ ហើយការឆ្លងមេរោគរបស់មនុស្សកើតឡើងដោយសារការបរិភោគផ្លែឈើ ឬអាហារប្រឡាក់ទឹកមាត់សត្វប្រជៀវ ។ ក្រៅពីនេះ ការប៉ះពាល់ទឹកមាត់ ទឹកនោម និងឈាមរបស់អ្នកជំងឺ ក៏ឆ្លងមេរោគដែរ ។
គួរបញ្ជាក់ថា មេរោគ Nipah បានឆ្លងរាតត្បាតនៅឥណ្ឌាជាច្រើនលើក ជាពិសេស នៅរដ្ឋ Kerala មានពលរដ្ឋឆ្លងជំងឺនេះជាច្រើននាក់កាលពីឆ្នាំ២០១៨ ទើបធ្វើឱ្យអ្នកជំនាញបារម្ភ ប្រសិនបើមេរោគ Nipah បំលែងខ្លួន និងងាយចម្លងពីមនុស្សទៅមនុស្សនោះ វាអាចបណ្តាលឱ្យឆ្លងខ្លាំងនាថ្ងៃអនាគត ។ មេរោគនេះបានលាក់ខ្លួនសត្វប្រជៀវរាប់ពាន់ឆ្នាំមកហើយ និងជាការគំរាមកំហែងស្ងាត់ៗ ដែលពិភពលោកត្រូវតាមដានយ៉ាងយកចិត្តទុកដាក់ ៕










