តារាចម្រៀងនិងជាពិធីការិនី វ៉ាន់ នីឡា បានចែករំលែកការបង្ហោះមួយដោយបានបង្ហើបថានាងស្អប់មុខតារាចម្រៀង Lisa សមាជិកក្រុម BLACKPINK តាំងពីមិនទាន់ខឹងនាងជាជនជាតិថៃមកម្ល៉េះ។
.png)
Lisa ដែលជាតារាចម្រៀង K-Pop ដ៏ល្បីល្បាញទូទាំងពិភពលោកមានដើមកំណើតមកពីថៃបានក្លាយជាប្រធានបទជជែកជាច្រើននៅលើបណ្តាញសង្គមកម្ពុជាតាំងពីមុននិងក្រោយ ប្រទេសទាំងពីរមានជម្លោះជាមួយគ្នាមកម្ល៉េះ។ ជាពិសេសនៅពេលតារាចម្រៀងរូបនេះស្លៀកពាក់ស៊ិចស៊ីអ្នកលេងបណ្តាញសង្គមកាន់តែរិះគន់នាងខ្លាំងក្លាពេលដែលថៃឈ្លានពានមកខាងកម្ពុជា។ អ្វីដែលធ្វើឱ្យមានការជជែកវែកញែកសាជាថ្មីគឺនៅពេលអ្នកលេងបណ្តាញសង្គមថៃបានប្រៀបធៀបយុវតីកម្ពុជាម្នាក់ស្លៀករ៉ូបពណ៌ស ហើយរូបភាពមួយទៀត Lisa ស្លៀកពាក់រ៉ូបពណ៌សត្រូវបានជនជាតិថៃមួយចំនួនដែលចូលចិត្តបង្កបញ្ហាលើបណ្តាញសង្គមបង្ហោះថា «ខ្មែរ Copy Style Lisa»។

គណនីមួយមានការបង្ហោះថា «Lisaហ្នឹងណាគេ? អាសូរតែជាស្តេចស្រីថៃមិនថាទេ ត្រឹមជាអ្នកចំរៀងK-popសោះ។ រួចឱ្យតែស្លៀករ៉ូបសចម្លងពីLisaមែន? តើរ៉ូបសមួយហ្នឹង មានចុះក្នុងបញ្ជីបេតិកភណ្ឌរបស់ថៃហើយឬនៅ?»។ ខ្លឹមសារនេះត្រូវបានតារាចម្រៀង វ៉ាន់ នីឡា បានចែករំលែកបន្តដោយភ្ជាប់មកជាមួយនឹងសម្តីថា «ស្អប់មុខ Lisa ហ្នឹងតាំងពីមិនទាន់ខឹងថាវាជាសៀម»។
នៅតាមបណ្តាផេកធំៗគាំទ្រសកម្មភាព BLACKPINK នៅកម្ពុជាបានសម្រេចចិត្តបញ្ឈប់ការផ្សព្វផ្សាយសកម្មភាពទោល Lisa ចាប់តាំងពីប្រទេសកម្ពុជានិងថៃមានជម្លោះតានតឹងនៅតាមបណ្តាព្រំដែន។ ទោះយ៉ាងណា ពួកគេធ្លាប់ទទូចឱ្យសាធារណជនកុំតាមបញ្ចេញមតិអវិជ្ជមានលើការបង្ហោះរបស់ Lisa នូវពាក្យសម្តីមិនល្អពីព្រោះនាងមានអ្នកគាំទ្រច្រើនដែលធ្វើឱ្យជនជាតិដទៃមើលមកអត្តចរិតខ្មែរមិនល្អ៕










