(ភ្នំពេញ) ៖ កាសែត The Nation របស់ថៃ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ បានចុះផ្សាយអត្ថបទមួយទាក់ទងនឹងបញ្ហាខ្យល់កខ្វក់ PM2.5 ដែលកំពុងរីករាលដាលពេញទីក្រុងបាងកកថា មានប្រភពដើមនៅប្រទេសកម្ពុជា ប៉ុន្តែក្រោយមកត្រូវបានក្រសួងបរិស្ថានកម្ពុជាច្រានចោលវិញ ដោយធ្វើការបញ្ជាក់ថា បញ្ហានេះជាការបង្កឡើងដោយភាគល្អិតនៅក្នុងខ្យល់ និងសកម្មភាពមាមាញឹកក្នុងទីក្រុងរបស់ថៃខ្លួនឯងតែប៉ុណ្ណោះ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងបរិស្ថាន ស្ដីពីការបដិសេធការចុះផ្សាយរបស់កាសែត The Nation របស់ថៃ ដែលបានលើកឡើងថា ការបំពុលខ្យល់នៅទីក្រុងបាងកក មានប្រភពមកពីភ្លើងឆេះដែលកើតមាននៅក្នុងប្រទេសកម្ពុជា ក្រសួងបរិស្ថានបានលើកឡើងថា ការបំពុលខ្យល់ដោយការកើនឡើងកំហាប់ភាគល្អិតនិចល PM2.5 នៅទីក្រុងបាងកក គឺកើតឡើង ដោយប្រភពក្នុងស្រុកជាចម្បង ដូចជា ការបំភាយពីការដឹកជញ្ជូន ដោយក្នុងនោះទីក្រុងបាងកកមានចំនួន យានយន្ត និងសកម្មភាពចរាចរណ៍មមាញឹកខ្លាំង ការបំភាយពីសកម្មភាពឧស្សាហកម្ម ធូលីពីការដ្ឋានសំណង់ និងការប្រើប្រាស់ថាមពលក្នុងទីក្រុង។.jpg)
ប្រភពទាំងនេះ រួមផ្សំជាមួយនឹងលក្ខខណ្ឌឧតុនិយមក្នុងស្រុកដែល មិនអំណោយផល ដូចជាបាតុភូតបញ្ច្រាស់សីតុណ្ហភាព (Temperature inversion) និងការធ្លាក់ចុះរយៈ កម្ពស់បរិយាកាសខាងក្រោម (low atmospheric mixing height) ដើរតួនាទីយ៉ាងសំខាន់ធ្វើឱ្យសារធាតុ បំពុលដែលមានប្រភពក្នុងស្រុកប្រមូលផ្តុំ និងមានការកើនឡើង បង្កការបំពុលបរិយាកាសនៅក្នុងទីក្រុង បាងកក។
យោងតាមលទ្ធផលស្ថានីយតាមដានត្រួតពិនិត្យគុណភាពខ្យល់នៅជិតព្រំដែនកម្ពុជា-ថៃ កំហាប់ PM2.5 មានការកើនឡើងលើសស្តង់ដារបន្តិច (ក្នុងកម្រិតសន្ទស្សន៍ព័ណលឿង)។ ប៉ុន្តែនេះមិនមានន័យថា ខ្យល់ពីប្រទេសកម្ពុជាទៅបំពុលទីក្រុងបាងកកនោះទេ ដោយហេតុថា (១)កម្ពុជាកំពុងទទួលរបបខ្យល់ មូសុងប្រាំងដែលមានទិសដៅខ្យល់បក់ពីទិសខាងជើងមកត្បូង មានន័យថាទិសខ្យល់បក់ទៅឈូងសមុទ្រ ដូចបង្ហាញនៅក្នុងផែនទីទិសខ្យល់របស់មជ្ឈមណ្ឌលឧតុនិយមអាស៊ាន (ASMC) (២)អំឡុងពេលដែលទីក្រុងបាងកកជួបប្រទះបញ្ហាបំពុលខ្យល់ កម្ពុជាបាននិងកំពុងជួបប្រទះលក្ខខណ្ឌអាកាសធាតុមិនអំណោយផល ដូចគ្នា ដូចជាការជួបប្រទះនឹងខ្យល់ត្រជាក់ស្ងប់ ដែលជាកត្តាយ៉ាងសំខាន់ធ្វើឱ្យការបក់យកភាគល្អិតនិចល មិនបានរយៈចម្ងាយឆ្ងាយ ពោលមិនអាចទៅដល់ទីក្រុងបាងកកបានឡើយ។.jpg)
អាស្រ័យហេតុនេះ ក្រសួងបរិស្ថានទទូចឲ្យស្ថាប័នសារព័ត៌មាន និងសាធារណជនមេត្តាជ្រាប និង សូមបញ្ឈប់ការផ្សព្វផ្សាយព័ត៌មានមិនពិត មានគោលបំណងញុះញង់ ដូចករណីកាសែតរបស់ថៃបានចុះផ្សាយដូចខាងនេះជាបន្តទៀត៕










