នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ កសិដ្ឋានចិញ្ចឹមស្វារបស់ក្រុមហ៊ុន ឆាល រីវើរ លេប័ររេថឹរី (ខេមបូឌា) បានដាក់សម្ពោធជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណរដ្ឋមន្ត្រី។
ក្រុមហ៊ុនរបស់អាមេរិកនេះ បានបោះទុន ៥១០លានដុល្លារដើម្បីទិញយកក្រុមហ៊ុន K.F. (Cambodia) Ltd ដើម្បីបើកកសិដ្ឋានចិញ្ចឹមសត្វស្វាដ៏ធំមួយនៅកម្ពុជា។
កសិដ្ឋាននេះ មានទីតាំងស្ថិតក្នុងភូមិព្រៃព្រាល ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ គោលបំណងធំនៃកសិដ្ឋាននេះ គឺដើម្បីនាំចេញបម្រើដល់ការពិសោធ និងការស្រាវជ្រាវក្នុងវិស័យវេជ្ជសាស្រ្ត និងជីវសាស្រ្ត។
បច្ចុប្បន្ន នៅកម្ពុជាមានកសិដ្ឋានស្រាវជ្រាវ ចិញ្ចឹម និងបង្កាត់ពូជសត្វស្វាក្តាម ដើម្បីនាំចេញ មាន៦ទីតាំង ក្នុងនោះរួមមាននៅរាជធានីភ្នំពេញ ខេត្តកំពង់ធំ កំពង់ចាម កំពង់ស្ពឺ ពោធិ៍សាត់ និង ខេត្តកំពង់ឆ្នាំង។
បើតាមរបាយការណ៍ពីក្រសួងកសិកម្ម គិតចាប់ពី ឆ្នាំ២០០០-២០២៤ កម្ពុជាបាននាំចេញសត្វស្វាសរុបជិត ១០ម៉ឺនក្បាល ដែលសុទ្ធសឹងជាការនាំចេញ សម្រាប់បម្រើដល់ប្រយោជន៍ការងារពិសោធ៕










