កញ្ញា ហុក សារិតុលា លំដាប់រងទី២ Miss Supranational Cambodia 2025 និងទទួលបានការតែងតាំងជា Miss Intercontinental Cambodia 2025 ដែលត្រូវតំណាងប្រទេសកម្ពុជាប្រកួតនៅលើឆាកអន្តរជាតិបានធ្វើឱ្យអ្នកគាំទ្រអាណិតនាងយ៉ាងខ្លាំងដោយសារតែពេលនេះអ្នកតំណាងកម្ពុជារូបនេះពុំទាន់អាចចេញទៅប្រកួតតាមពេលវេលាកំណត់នៅឡើយទេ។

កាលពីថ្ងៃទី១៤ ខែមករា លោក វណ្ណា ដែលជា ND Miss Supranational Cambodia 2025 បានបង្ហោះវីដេអូមួយពី ហុក សារិតុលា ដែលកំពុងរើសំលៀកបំពាក់ចេញពីវ៉ាលីវិញដោយក្តីសោកសៅជាពន់ពេក។ តាមការបង្ហាញរបស់ Miss Intercontinental Cambodia 2025 បានបញ្ជាក់ថានាងត្រូវចេញទៅប្រកួតនៅលើអន្តរជាតិនៅឯប្រទេសអេស្ស៊ីប ប៉ុន្តែនាងមិនទាន់ទទួលបានវីសានៅឡើយទេ។ ហុក សារិតុលា ថាឆ្នាំនេះប្រហែលជាមិនដឹងថាអាចមានវត្តមានកម្ពុជាក្នុងកម្មវិធីឬអត់ទេ។.png)
Visa គឺជាបញ្ហាប្រឈមមួយសម្រាប់បវរកញ្ញាតំណាងប្រទេសកម្ពុជាដែលពិបាកនឹងទទួលបានដែលធ្វើឱ្យប្រទេសកម្ពុជាបាត់ឈ្មោះនៅក្នុងការប្រកួតប្រជែងលើកម្មវិធីសម្រស់។ កាលពីឆ្នាំ២០២៤ ឈុំ ចាន់ដារ៉ា ដែលពេលនោះជា Miss Supranational Cambodia 2024 ក៏ត្រូវបាត់បង់ឱកាសសម្រាប់តំណាងប្រទេសកម្ពុជាដោយសារតែបញ្ហានេះដូចគ្នា។ មិនមែនមានតែ ហុក សារិតុលា ឬ ឈុំ ចាន់ដារ៉ា ប៉ុណ្ណោះទេប៉ុន្តែក៏មានបវរកញ្ញាតំណាងប្រទេសកម្ពុជាផ្សេងទៀតប្រឈមនឹងផលវិបាកលើរឿងនេះ។

រឿងរបស់ ហុក សារិតុលា នេះទៀតសៀតអ្នកគាំទ្រវិស័យបវរកញ្ញាក៏នឹកឃើញដល់ ពេជ្រ វត្តីសារ៉ាវឌ្ឍី ដែលអ្នកទាំងពីររាប់អានគ្នាដូចជាបងប្អូនត្រូវខកខានឱកាសចេញទៅប្រកួតដូចគ្នាដោយកាលពីឆ្នាំ២០២២ ពេជ្រ វត្តីសារ៉ាវឌ្ឍី ទទួលបានតំណែងជា Miss Intercontinental Cambodia 2022 ហើយត្រូវចេញទៅប្រកួតនៅប្រទេសអេស្ស៉ីប ប៉ុន្តែគួរឱ្យសោកស្តាយនាងពុំអាចចេញទៅប្រកួតតំណាងប្រទេសបានឡើយនាគ្រានោះ។ នេះបានជំរុញឱ្យអ្នកគាំទ្រអាណិត ហុក សារិតុលា កាន់តែខ្លាំងខណៈវាសនាអ្នកទាំងពីរត្រូវប្រឈមនឹងរឿងនេះដូចគ្នា។
គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំ២០២៤ ផន ស្រីពី គឺជាអ្នកតំណាងប្រទេសប្រកួតក្នុងកម្មវិធីនេះដោយបានបើកទ្វារកម្ពុជាចូល TOP22 ជាលើកដំបូងនៃការប្រកួត Miss Intercontinental ៕










