(ភ្នំពេញ)៖ ផ្លូវផាប់ស្ទ្រីត (Pub Street) ដែលជាមជ្ឈមណ្ឌលកម្សាន្តពេលរាត្រីដ៏ល្បីល្បាញបំផុតរបស់ក្រុងសៀមរាប ត្រូវបានជាប់ចំណាត់ថ្នាក់លេខពីរក្នុងចំណោមគោលដៅផ្សាររាត្រីកំពូលៗនៅទូទាំងពិភពលោកនៅលើគេហទំព័រ TravelBag របស់ចក្រភពអង់គ្លេស តាមរយៈការបោះឆ្នោតពីភ្ញៀវទេសចរអន្តរជាតិរាប់លាននាក់ដែលធ្លាប់មកលេងកម្សាន្ត។
.jpg)
តាមរយៈចំណាត់ថ្នាក់ «គោលដៅកំពូលសម្រាប់ផ្សាររាត្រីទូទាំងពិភពលោក» ឬ Top Destinations for Night Markets Worldwide របស់ TravelBag ផ្សារាត្រីនៅតំបន់ផាប់ស្រ្តី គឺជាបេះដូងដ៏រស់រវើករបស់ទីក្រុងបន្ទាប់ពីមេឃងងឹត ដោយផ្តល់ជូនអ្នកធ្វើដំណើរនូវការលាយបញ្ចូលគ្នារវាងការកម្សាន្តពេលរាត្រីដ៏អ៊ូរអរ ជាមួយម្ហូបអាហារតាមដងផ្លូវ និងវប្បធម៌ក្នុងតំបន់ដ៏សម្បូរបែប បន្ទាប់ពីអ្នកទេសចរចំណាយពេលពេញមួយថ្ងៃ ស្វែងយល់ពីអច្ឆរិយភាពនៅតំបន់រមណីយដ្ឋានអង្គរ។
ជាមួយនឹងពិន្ទុខ្ពស់ (69) ពាក់ព័ន្ធនឹងសុវត្ថិភាពនៅពេលយប់ តំបន់នេះទទួលបានទំនុកចិត្តយ៉ាងខ្លាំងពីសំណាក់ភ្ញៀវទេសចរបរទេស។ ជាមួយគ្នានេះ វត្តមានដ៏រឹងមាំរបស់វានៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម TikTok ជាង 17,600 វីដេអូ បានបង្ហាញពីចំនួនអ្នកទស្សនារាប់លាននាក់ បានចែករំលែកនូវបទពិសោធន៍ល្អរបស់ពួកគេក្នុងអំឡុងពេលដើរកម្សាន្តនៅផ្សាររាត្រីនេះ ដែលធ្វើឱ្យផ្លូវផាប់ស្ទ្រីតក្លាយជាកន្លែងផ្សារភ្ជាប់យ៉ាងទាក់ទាញសម្រាប់អ្នកដែលចង់ភ្លក្សអាហារតាមតំបន់ វប្បធម៌ និងការកម្សាន្តនៅកន្លែងតែមួយ។
ក្រៅពីបរិយាកាសដ៏សម្បូរបែបនេះ Pub Street ក៏ត្រូវបានគេចាត់ទុកយ៉ាងទូលំទូលាយថាមានសុវត្ថិភាព និងងាយស្រួលសម្រាប់អ្នកទេសចរគ្រប់ជាតិសាសន៍។ ជាមួយនឹងផ្លូវធំដែលមានម៉ូតូ ឡានធ្វើចរាចរណ៍ខ្វែងខ្វាត់នៅពេលថ្ងៃ ប៉ុន្តែត្រូវបានក្លាយជាផ្លូវថ្មើរជើងនៅពេលល្ងាច វាបានអនុញ្ញាតឱ្យអ្នកទេសចរដើរដោយសេរី និងគ្មានការរំខានដោយសម្លេងនៃយានជំនិះ ដែលបង្កើតនូវអារម្មណ៍សុវត្ថិភាពក្នុងការដើរកម្សាន្តយ៉ាងខ្លាំង។ ភ្ញៀវទេសចរបរទេសដែលបានមកកម្សាន្តនៅទីនេះរួច តែងពោលសរសើរអ្នកស្រុកតំបន់នេះថារួសរាយរាក់ទាក់ និងប្រើជីវិតនាពេលរាត្រីដ៏ស្រស់ស្រាយ បើធៀបទៅនឹងទីប្រជុំជនផ្សេងទៀតនៅក្នុងតំបន់។
តាមរយៈការធ្វើចំណាត់ថ្នាក់របស់ TravelBag ដូចខាងលើនេះ វាបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ថា Pub Street មិនត្រឹមតែជាគោលដៅទេសចរណ៍មួយដែលល្បីតែនៅក្នុងខេត្តសៀមរាបនោះទេ ប៉ុន្តែវាត្រូវបានគេទទួលស្គាល់ថាជាទីផ្សារអន្តរជាតិដ៏ទូលំទូលាយមួយ ដែលអូសទាញភ្ញៀវទេសចរមកកម្សាន្តរាប់លាននាក់មកកាន់ប្រទេសកម្ពុជានៅក្នុង១ឆ្នាំៗ ជាពិសេសវានឹងពង្រឹងកេរ្តិ៍ឈ្មោះកម្ពុជា ក្នុងនាមជាគោលដៅទេសចរណ៍មួយ ដែលផ្តល់ជូនការកម្សាន្តបន្ថែមលើការសិក្សាពីប្រាសាទបុរាណនិងប្រវត្តិសាស្ត្រនៅកម្ពុជាផងដែរ៕










