ព្រឹត្តិការណ៍ «ខ្លឹមនៃព្រះនគរ» ដែលរៀបចំឡើងដោយតារាចម្រៀង ជី ដេវីត និង ទេព បូព្រឹក្ស បានធ្វើឱ្យសាធារណជនមានការចាប់អារម្មណ៍យ៉ាងខ្លាំងខណៈកម្មវីធីនេះបានប្រមូលផ្តុំសិល្បករ សិល្បការិនីល្បីៗជាច្រើនរូបចូលរួមបង្ហាញពីវប្បធម៌។ ជាមួយគ្នានេះទស្សនិកជនមានការចាប់អារម្មណ៍ខ្លាំងនៅពេលឃើញតារាចម្រៀង ឱក សុគន្ធកញ្ញា បកស្រាយចម្រៀងជាមួយនឹង ទេព បូព្រឹក្ស។

តាមរយៈការផ្សាយផ្ទាល់កាលពីយប់ថ្ងៃទី១១ ខែមករា ព្រឹត្តិការណ៍ «ខ្លឹមនៃព្រះនគរ» រៀមច្បងឱក សុគន្ធកញ្ញា គឺជាតារាកិត្តិយសនៅក្នុងព្រឹត្តិការណ៍នេះដែលនាំឱ្យមានការសាទរនិងរីករាយយ៉ាងខ្លាំង។ បន្ទាប់ពីតារាចម្រៀង ទេព បូព្រឹក្ស សម្តែងបទ «ទេវរាជ» និង «យុទ្ធសង្គ្រាម» ជាមួយនឹង ជី ដេវីត តារាចម្រៀងរូបនេះបន្តសម្តែងបទ «វីរៈនារី»។ 
ក្នុងការសម្តែងបទ «វីរៈនារី» តារាចម្រៀង ឱក សុគន្ធកញ្ញា គឺបានចូលរួមជាមួយនឹងតារាចម្រៀង ទេព បូព្រឹក្ស ហើយទស្សនីយភាពនេះបានធ្វើឱ្យបណ្តាញសង្គមផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង។ នេះគឺជាទិដ្ឋភាពដ៏កម្រដែលតារាចម្រៀងទាំងពីររូបឡើងបកស្រាយបទចម្រៀងរួមគ្នាហើយរិតតែពិសេសមិនធ្លាប់មានពីមុនមកគឺបានតារាចម្រៀងពីរជំនាន់រូបនេះបង្ហាញវប្បធម៌ខ្មែរ មានទាំងសម័យនិងបុរាណ បង្ហាញទៅកាន់ពិភពលោក។ ជាមួយនឹងសំឡេងស្រែកហ៊ោកងរំពងបន្ទាប់ពីបញ្ចប់ការសម្តែងអ្នកនាង ឱក សុគន្ធកញ្ញា បានធ្វើឱ្យទស្សនិកជនរំជួលចិត្តនៅពេលបកស្រាយចម្រៀង «កម្ពុជា ត្រូវការសន្តិភាព»។ 
ការសម្តែងរបស់ អ្នកនាង ឱក សុគន្ធកញ្ញា និង ទេព បូព្រឹក្ស បានជំរុញឱ្យមហាជនកោតសរសើរ ស្ងប់ស្ងែងយ៉ាងខ្លាំងហើយបានពោលថា «ព្រឺសម្បុរ»ជាមួយនឹងការបកស្រាយចម្រៀងរបស់កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា ដែលទស្សនិកជនទើបតែបានស្តាប់លើកដំបូងចំពោះបទចម្រៀង «វីរៈនារី»៕










