(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា បានបញ្ជាឲ្យធនាគារព្រីនស៍ ជម្រះបញ្ជីចាស់ និងហាមឃាត់មិនឱ្យបន្ដធ្វើប្រតិបត្តិការផ្តល់សេវាធនាគារថ្មីដល់អតិថិជនទៀតនោះទេ រួមទាំងការទទួលប្រាក់បញ្ញើ និងផ្តល់ឥណទាន។ សេចក្ដីសម្រេចនេះ ធ្វើឡើងក្រោយស្ថាបនិក ធនាគារព្រីនស៍ លោក ចេនហ្ស៊ី ត្រូវបានចាប់ខ្លួននិងបញ្ជូនទៅប្រទេសចិន។

យោងតាមសេចក្ដីប្រកាសព័ត៌មាន នៅថ្ងៃព្រហស្បត្តិ៍ ទី៨ ខែមករា ឆ្នាំ២០២៥ ធនាគារជាតិនៃកម្ពុជាបានធ្វើការជម្រាបជូនថា ធនាគារព្រីនស៍ ម.ក ត្រូវបានដាក់ឱ្យជម្រះបញ្ជីស្របតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ដោយធនាគារជាតិនៃកម្ពុជា បានតែងតាំងក្រុមហ៊ុនម៉ូរីសុនកាក់ អិមខេអេ អឌីត-អឺខោនធីង ឯ.ក (Morisonkak MKA audit-accounting Co., Ltd) ជាអ្នកជម្រះបញ្ជីធនាគារព្រីនស៍ ម.ក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhAmVt_QdluMNcTi8vBZxk54GejTI9qubNrYS8n-etCgB-55nJatDN0yc1UBbJHr7KpOB2xTC2821Zoc5eOjZDnzoXlomjgKMmjb4Qzz3S7ZI9mgroo752-mQB5tv-IRKINdVwUd9iM7jyTS8rjNoucp0JXDZNOwymFB0BsSyMjxm-onLx6RpBbBexKnf_h/s1176/photo_2026-01-08_11-26-23%20(2).jpg
អាស្រ័យហេតុនេះ ធនាគារព្រីនស៍ ម.ក ត្រូវបានផ្អាកមិនឱ្យផ្តល់សេវាធនាគារថ្មីទៀតនោះទេ រួមទាំងការទទួលប្រាក់បញ្ញើ និងផ្តល់ឥណទាន។ ក្រុមហ៊ុនម៉ូរីសុនកាក់ អិមខេអេ អឌីត-អឺខោនធីង ឯ.ក នឹងទទួលបានសិទ្ធិគ្រប់គ្រងនិងចាត់ចែងលើ រាល់ប្រតិបត្តិការនិងទ្រព្យសម្បត្តិរបស់ធនាគារព្រីនស៍ ម.ក ចាប់ពីពេលជូនដំណឹងនេះតទៅ។

សេចក្ដីប្រកាសនេះបានគូសបញ្ជាក់ថា៖ ចំពោះអតិថិជនដែលមានប្រាក់បញ្ញើនៅធនាគារព្រីនស៍ ម.ក គឺអាចទៅដកប្រាក់បានធម្មតា ដោយត្រូវរៀបចំឯកសារដើម្បីដកប្រាក់បញ្ញើ ដែលនឹងមានការចាត់ចែងជូនទៅតាមលំដាប់អាទិភាព ស្របតាមច្បាប់ស្តីពីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ។ ទន្ទឹមនេះ ចំពោះអ្នកខ្ចីប្រាក់ពីធនាគារព្រីនស៍ ម.ក គឺត្រូវបន្តបំពេញកាតព្វកិច្ចដែលមានជាប្រក្រតី។

ធនាគារជាតិនៃកម្ពុជា និងក្រសួង-ស្ថាប័នពាក់ព័ន្ធនឹងបន្តតាមដានយ៉ាងប្រុងប្រយ័ត្នខ្ពស់បំផុត លើការអនុវត្តរបស់អភិបាលកិច្ចបណ្តោះអាសន្ន ដើម្បីការពារផលប្រយោជន៍អ្នកដាក់ប្រាក់បញ្ញើ ក៏ដូចជាអតិថិជននានា៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQmPY4y5hW1NllnOrwfQO0NR4lOPr1ns47aSNlhiipCDXRd_SAaYvT0fXVT4wHsDJFQoKegWopKXHsgluvWGMJ1DPA6R8UfWBNfY2Pc0orS8C6ti717zJVEzqoLiskud8Ji7yOsnRy1aV-gWKIE9YRYCdHitId3ANPmMY7Vj3bTWVhdZwidSrSnCxSouN7/s1280/photo_2026-01-08_11-26-23.jpg