កោះអង្ក្រង គឺជាកោះតូចមួយស្ថិតក្នុងតំបន់អភិរក្សនៃប្រជុំកោះអាចន៍សេះ។ វាស្ថិតនៅមិនឆ្ងាយប៉ុន្មានពីកោះទន្សាយនោះទេ ដោយអ្នកអាចធ្វើដំណើរតាមទូកពីកំពង់ផែឆ្នេរកែប ប្រហែល ២០ ទៅ ៣០ នាទី ប៉ុណ្ណោះ។

កោះនេះពោរពេញទៅដោយទេសភាពបៃតងស្រស់បំព្រងប្លែកភ្នែក ទឹកសមុទ្រថ្លាឆ្វង់ ផ្កាថ្ម ថ្មប៉ប្រះទឹក និងពពួកថ្មច្រើនប្រភេទចម្រុះពណ៌ មានសណ្ឋានរលោងបែបធម្មជាតិ បង្កើតបានជាទស្សនីយភាពដ៏ស្រស់ស្អាត និងគួរឲ្យទាក់ទាញ។
ជាមួយនឹងធម្មជាតិស្ងប់ស្ងាត់ខៀវស្រងាត់ បូករួមទាំងជាតំបន់អភិរក្សមិនទាន់មានការអភិវឌ្ឍនៅឡើយ បានធ្វើឲ្យកោះអង្រ្កងក្លាយជាកន្លែងដ៏ស័ក្តិសមបំផុតសម្រាប់អ្នកមកសម្រាកលំហែរកាយបែបស្ងៀមស្ងាត់ គ្មានសំឡេងអ៊ូអររំខាន។ ទោះជាយ៉ាងណា អ្នកមិនអាចរត់លេងតាមឆ្នេរខ្សាច់ ដូចនៅកោះរ៉ុង និងកោះទន្សាយបានឡើយ ព្រោះនៅកោះនេះមានតែដុំថ្មតូចៗ រលោងៗត្រៀបត្រាពេញឆ្នេរប៉ុណ្ណោះ។ ក៏ប៉ុន្តែ នៅកោះនេះអ្នកអាចជិះទូកទស្សនាទេសភាពជុំវិញកោះ ស្ទួចត្រី និងមុជទឹកមើលផ្កាថ្មស្អាតៗនៅក្រោមសមុទ្របានផងដែរ។
សូមរំលឹកថា កោះអង្រ្កង មានទីតាំងស្ថិតនៅភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប។ ដំណើរកម្សាន្តនៅកោះនេះ នឹងផ្ដល់ឲ្យអ្នកនូវអារម្មណ៍ស្រស់ស្រាយ រំសាយអស់ទុកកង្វល់ ព្រមទាំងអាចស្វែងយល់អំពីធនធានធម្មជាតិដែលកំពុងអភិរក្សនៅទីនោះផងដែរ។ យ៉ាងណាសម្រាប់ភ្ញៀវទេសចរដែលមានគម្រោងទៅកម្សាន្តនៅទីនោះ គួរពិនិត្យមើលការព្យាករណ៍អាកាសធាតុ ព្រមទាំងប្រុងប្រយ័ត្ននៅពេលចុះលេងទឹកផងដែរ៕










