ថ្មីៗនេះមានការចែករំលែកអំពីការបង់លុយដើម្បីរៀនផលិតមាតិកាក្លាយជាមនុស្សល្បីល្បាញដោយចំណាយទឹកប្រាក់រាប់ពាន់ដុល្លារអាចរកស៊ីបានមួយជីវិតដែលបង្កឱ្យមានការពិភាក្សាយ៉ាងច្រើន។ ឃើញមានសកម្មភាពផុសផុលបែបនេះ Rick Kh បានចេញវីដេអូមួយដើម្បីដាស់តឿនដល់អ្នកគាំទ្ររបស់ខ្លួនជៀសវាងយកលុយទៅទិញភាពល្បីល្បាញ។
Rick Kh បាននិយាយដោយស្មោះត្រង់ថាលោកមិនគួរលើកយកមកនិយាយនោះទេប៉ុន្តែដោយសារតែការស្រលាញ់ចំពោះអ្នកគាំទ្រដូច្នេះលោកត្រូវតែនិយាយអំពីរឿង ការបង្រៀនដើម្បីឱ្យខ្លួនឯងល្បីត្រូវការបង់លុយរាប់ពាន់ បង់លុយជាប្រចាំខែ។ Rick Kh ថាការបង្ហោះវីដេអូមានអ្នកចុច Like ច្រើន ចំនួនអ្នកតាមដានរាប់លាន គ្រប់យ៉ាងគ្រាន់តែជាភ្លើងចំប៉ើងមកមួយប្រាវនឹងរលត់ទៅវិញ។ Rick Kh ថាចង់ល្បីគឺងាយស្រួលណាស់ ឈ្លោះគ្នា ជេរគ្នា ធ្វើរឿងឆ្កួតឡប់ ផ្អើលគេផ្អើលឯងនឹងល្បីហើយប៉ុន្តែការល្បីនោះគឺបានតែមួយភ្លែត មួយដងពីរដងនោះទេ យូរៗទៅសុំាគេលែងមើល លែងល្បីហើយ។
Rick Kh បន្តថា ភាពដែលល្បីហើយនៅដក់ជាប់បេះដូងមហាជន នោះហើយទើបគេហៅថាភាពល្បី ហើយការល្បីនោះគឺត្រូវស្គាល់ខ្លួនឯង ត្រូវស្រលាញ់អ្វីដែលខ្លួនឯងធ្វើបើធ្វើទៅតាមអ្វីដែលគេធ្វើនោះនឹងត្រូវបាត់បង់អ្វីគ្រប់យ៉ាងវិញ។ Rick Kh បានលើកឡើងចំណុចផ្សេងទៀតដូចជាត្រូវធ្វើឱ្យគេស្រលាញ់ចេញពីចិត្តទើបមិនបាត់បង់អ្នកគាំទ្រទោះបីជាអ្នកបាត់ផេកយ៉ាងណានៅតែមានអ្នកគាំទ្រ។ អ្នកបង្កើតមាតិការូបនេះថាត្រូវគិតឱ្យច្បាស់មុននឹងចំណាយលុយរាប់ពាន់ដុល្លារយកទៅបង់លុយចោលគឺស្តាយលុយណាស់ស្របពេលដែលប្រទេសកំពុងប្រឈមនឹងសង្គ្រាមជាពេលដែលពិបាករកលុយ។
ជាមួយគ្នានេះ Rick Kh បានចែករំលែកថាប្រសិនជាចង់បង្កើតមាតិកាគឺត្រូវស្គាល់ខ្លួនឯងជាមុនសិនមុននឹងចាប់ផ្តើមបណ្តុះគំនិតរៀនកាត់តផ្សេងៗហើយការស្គាល់ខ្លួនឯងនឹងទទួលបានភាពល្បីល្បាញដោយធម្មជាតិនិងវិវត្តន៍ខ្លួនពីមួយដំណាក់កាលទៅមួយដំណាក់កាល ដោយមិនចាំបាច់ចំណាយលុយអស់រាប់ពាន់ដុល្លារនោះទេ។ ការចែករំលែកនិងដំបូន្មានរបស់ Rick Kh ទទួលបានការគាំទ្រជាច្រើនពីអ្នកទស្សនា៕










