ប្រទេសថៃ ៖ ពលរដ្ឋថៃមានជំនឿមួយប្លែកបំផុត គឺចូលដេកក្នុងមឈូ.សសម្រាប់ដាក់សាកស.ព ដើម្បីបណ្តេញគ្រោះចង្រៃ នាំមកនូវសិរីសួស្តី សំណាងល្អ ជាពិសេស ការដេកក្នុងមឈូ.សក្នុងថ្ងៃចូលឆ្នាំសកល ។ ជាក់ស្តែង កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ ពលរដ្ឋខេត្តណុនថាក់បុរី បានដង្ហែគ្នាចូលដេកក្នុងមឈូ.សនៅវត្តមួយដើម្បីឱ្យជ្រះចង្រៃ ដែលអ្នកចូលរួមពិធីប្រាប់ថា ការធ្វើបែបនេះមានអារម្មណ៍ថា ស្លា.ប់ហើយកើតឡើងវិញក្លាយជាមនុស្សថ្មី បញ្ចៀសភាពស៊យ និងហេតុការណ៍អាក្រក់ ។
នៅថ្ងៃចូលឆ្នាំសកលនេះ ពលរដ្ឋថៃរាប់ពាន់នាក់ទាំងមនុស្សចាស់ទាំងក្មេងបានធ្វើដំណើរមកកាន់វត្តតាខៀន ខេត្តណុនថាក់បុរី ដើម្បីចូលរួមពិធីដេកក្នុងមឈូស ដែលពិធីនេះរៀបចំដោយព្រះសង្ឃក្នុងគោលបំណងបណ្តេញសំណាងអាក្រក់នៅឆ្នាំថ្មី ។ លើសពីនេះ អ្នកចូលរួនមានជំនឿថា ការដេកក្នុងមឈូសអាចបណ្តេញបណ្តាសា, មានអាយុវែង ហើយជីវិតនឹងជួបតែភាពរុងរឿងពេញមួយឆ្នាំ២០២៦ ។

បរិយាកាសនៅព្រឹកថ្ងៃទី១ ខែមករា នៅវត្តតាខៀន ក្នុងឃុំបាងឃូវៀង ស្រុកបាងក្រួយ ខេត្តណុនថាក់បុរី មានសភាពអ៊ូអរដោយមានមនុស្សម្នារាប់ពាន់នាក់មកពីគ្រប់ទិសទីរង់ចាំចូលរួមពិធីដេកក្នុងមឈូសឱ្យជ្រះចង្រៃ នាំមកនូវលាភសំណាងតាមជំនឿបុរាណ ។ ការដេកក្នុងមឈូស គឺធ្វើពុធជាស្លាប់ដើម្បីឱ្យឆ្លងផុតហេតុការណ៍អាក្រក់ និងបាបកម្មនៅឆ្នាំចាស់ជាមួយរាងកាយបន្លំធ្វើស្លាប់ និងរស់ឡើងវិញពោរពេញដោយភាពស្រស់ថ្លា លាភសំណាងហូរចូល សុខភាពរឹងមាំ ក្នុងឋានៈជាមនុស្សថ្មី ។
ចំណែកការរៀបចំពិធី គឺវត្តតាខៀន បានត្រៀមមឈូសសម្រាប់ពលរដ្ឋមកចូលរួម ដោយមានព្រះសង្ឃសូត្រធម៌ឱ្យអ្នកចូលរួមដេកក្នុងមឈូសជាការរំដោះគ្រោះចង្រៃ បណ្តេញរឿងអពមង្គល ។ បន្ទាប់មក ព្រះសង្ឃក៏សូត្រធម៌ហៅព្រលឹង និងឱ្យពរជ័យ គឺដូចគ្នានឹងមនុស្សទាំងនេះរស់ឡើងវិញមានជីវិតថ្មី ។
គួរបញ្ជាក់ថា មិនមែនមានតែពលរដ្ឋខេត្តណុនថាក់បុរីទេដែលមានជំនឿបែបនេះ ពលរដ្ឋនៅទីក្រុងបាងកក ក៏មានជំនឿដូចគ្នាដែរ ដូចជា កាលពីឆ្នាំ២០២១ ជាពេលជំងឺកូវីដ-១៩ ឆ្លងរាតត្បាត ពលរដ្ឋនៅជាយក្រុងបាងកក បានកាន់បាច់ផ្កាហើយដេកក្នុងមឈូសនៅវត្តមួយកន្លែង ដោយមានកម្រាលពណ៌សគ្របពីលើពេលព្រះសង្ឃសូត្រធម៌ ដើម្បីមានសំណាងល្អ ឬផ្តល់មកនូវការចាប់ផ្តើមជីវិតថ្មី ។ អ្នកចូលរួមត្រូវធ្វើតាមការណែនាំរបស់ព្រះសង្ឃ ដោយដាក់ក្បាលទៅទិសខាងលិចដូចសាកសពត្រូវបញ្ចុះ និងដាក់ក្បាលទៅទិសខាងកើតតំណាងឱ្យកើតជាថ្មី ។
តាមការលើកឡើងរបស់អ្នកចូលរួម ការដែលបានដេកក្នុងមឈូសដូចសាកសព គឺជួយឱ្យមានអារម្មណ៍ស្រស់ថ្លា ឈប់ភ័យខ្លាចនឹងហេតុការណ៍អាក្រក់ផ្សេងៗ ពីព្រោះពេលធ្វើបែបនេះ ប្រៀបបាននឹងការស្លាប់ ហើយពេលក្រោកឡើងមានអារម្មណ៍រស់ឡើងវិញ ក្លាយជាមនុស្សម្នាក់ថ្មី ។ ម្យ៉ាងទៀត បើមានអារម្មណ៍តានតឹង ឬគិតថា ជីវិតកំពុងស្ថិតក្នុងគ្រោះថ្នាក់ ក៏អាចដេកក្នុងមឈូសបានដែរ ដើម្បីឱ្យអារម្មណ៍ធូរស្បើយ ៕










