យោងតាមសេចក្ដីជូនដំណឹងស្ដីពីវិធានការជួយសម្រាលបន្ទុកដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជា-ថៃ ធនាគារជាតិ នៃកម្ពុជា បានសម្រេចផ្ដល់អាទិភាពខ្ពស់ដល់យោធិនជួរមុខលើសជនភៀសសឹក ក្នុងការដាក់សំណើរសុំពន្យាពេលការទូទាត់សងឥណទានដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនានា ដើម្បីជាការលើកទឹកចិត្តដល់ពួកគាត់។
ការណ៍នេះធ្វើឡើងបន្ទាប់ពី ធនាគារជាតិនៃកម្ពុជា បានសង្កេតឃើញថា ការដាក់ពាក្យស្នើសុំការលើកលែង ពាក់ព័ន្ធនឹងការទូទាត់សងឥណទានពីអតិថិជនដែលជាយោធិននិងជាជនភៀសសឹក មានការកើនឡើង កាន់តែច្រើន ដែលជាហេតុធ្វើឱ្យដំណើរការនៃការសម្របសម្រួលសំណើទាំងនោះមានការយឺតយ៉ាវពី គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ។
អាស្រ័យហេតុនេះ ដើម្បីលើកទឹកចិត្តដល់យោធិនជួរមុខ ដែលបំពេញបេសកកម្មការពារ បូរណភាពទឹកដីក្នុងសមរភូមិប្រយុទ្ធ ធនាគារជាតិនៃកម្ពុជាស្នើសុំការអនុគ្រោះពីបងប្អូនជនភៀសសឹក ទាំងអស់ ដោយផ្តល់អាទិភាពសម្របសម្រួលសំណើរបស់យោធិនជួរមុខ ជាមុនសិន។ 
ទន្ទឹមនឹងនេះផងដែរ សម្រាប់យោធិនជួរមុខដែលបានដាក់ពាក្យស្នើសុំការលើកលែងរួចរាល់ ប៉ុន្តែមិនទាន់ទទួលបានការឆ្លើយតប ពីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ធនាគារជាតិណែនាំឲ្យបងប្អូនទាក់ទងទៅកាន់លេខទូរសព្ទហតឡាញរបស់ធនាគារជាតិនៃកម្ពុជា ទីស្នាក់ការកណ្តាលដែលមានលេខ ០៨៥ ៦០០ ០០២/ ០៨៥ ៦០០ ០០៣/ ០៩៨ ២២០ ០០១/០៩៨ ២២០ ០០២ និង ០៩៧ ២៧៨ ៣០៣០៕










