លោក Kiran Kumar Reddy Churukanti ប្រធានសមាគមធុរកិច្ច កម្ពុជា- ឥណ្ឌា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ បានបំផុសគំនិត ដល់ប្រជាជនកម្ពុជា និងប្រជាជនឥណ្ឌា គួរពិចារណាបង្កើតមូលនិធិឥណ្ឌា-កម្ពុជា ដើម្បីសាងសង់រូបសំណាកព្រះវិស្ណុថ្មីនៅលើទឹកដីកម្ពុជា ជានិមិត្តរូបនៃបេតិកភណ្ឌ បន្ទាប់កងទ័ពថៃបានវាយកម្ទេចទេវរូបព្រះវិស្ណុមួយអង្គ នៅតំបន់អានសេះ។
.jpg)
តាមរយៈវីដេអូដែលបង្ហោះនៅលើបណ្តាញសង្គមហេ្វសប៊ុក នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ លោក Kiran Kumar បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះប្រជាជនកម្ពុជា ចំពោះការអភិរក្សបេតិកភណ្ឌដ៏មានតម្លៃរបស់អង្គរវត្ត ដែលជានិមិត្តរូបនៃអរិយធម៌ខ្មែរ ដែលពិភពលោកកោតសរសើរ។ នេះជាការលើកទឹកចិត្តដែលបានឃើញភ្ញៀវទេសចរឥណ្ឌាជាច្រើន មកដោយការគោរព និងការលះបង់ជាពិសេសទៅកាន់អង្គរវត្តក្នុងខេត្តសៀមរាប ដោយសារតែវត្តមានរបស់ព្រះវិស្ណុ ដែលជាផ្នែកមួយនៃប្រវត្តិសាស្ត្រកម្ពុជាអស់ជាច្រើនសតវត្សមកហើយ។
លោកបន្តថា “សព្វថ្ងៃនេះ កម្ពុជាកំពុងរីកចម្រើន ទេសចរណ៍កំពុងរីកចម្រើន ចំណងវប្បធម៌កំពុងពង្រឹងហើយជើងហោះហើរត្រង់រវាងឥណ្ឌា និងកម្ពុជាកំពុងនាំប្រទេសជាតិរបស់យើងឱ្យកាន់តែជិតស្និទ្ធ។ ថ្ងៃនេះគឺជាថ្ងៃវិគន្ធឯកដែលជាថ្ងៃដ៏វិសេសវិសាលបំផុតរបស់ព្រះវិស្ណុដែលតំណាងឱ្យតុល្យភាព ការការពារ និងភាពសុខដុមរមនា។”.jpg)
លោកបន្ថែមថា “នៅថ្ងៃពិសេសនេះខ្ញុំចង់សួរប្រជាជនឥណ្ឌា និងកម្ពុជាថា៖តើយើងគួរពិចារណាមូលនិធិឥណ្ឌា-កម្ពុជាដើម្បីសាងសង់រូបសំណាកព្រះវិស្ណុថ្មីនៅក្នុងប្រទេសកម្ពុជា ជានិមិត្តរូបនៃបេតិកភណ្ឌ និងឯកភាពទេ? ដោយមានការណែនាំពីអ្នកប្រាជ្ញ អ្នកបញ្ញវន្ត និងទីប្រឹក្សាជាន់ខ្ពស់នៅកម្ពុជា តើយើងគួរទទួលយកភារកិច្ចនេះ ដើម្បីនាំមកនូវមោទនភាពសម្រាប់មនុស្សជំនាន់ក្រោយដែរឬទេ?”
នៅក្នុងវីដេអូឃ្លីបនោះលោក Kiran Kumar Reddy Churukanti ក៏បានជូនពរសូមឱ្យប្រទេសឥណ្ឌា និងប្រទេសកម្ពុជារីកចម្រើនកាន់តែរឹងមាំជាមួយគ្នា ក្នុងវិស័យវប្បធម៌ ពាណិជ្ជកម្ម អាជីវកម្ម និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបានបញ្ជាក់ថា “មតិរបស់អ្នកមានសារៈសំខាន់ ព្រោះនេះគឺជាបេតិកភណ្ឌ និងជាសំឡេងរបស់យើង។ តើយើងទាំងអស់គ្នាគួរចូលរួមគ្នាដើម្បីបង្កើតទំនាក់ទំនងដ៏រឹងមាំរវាងប្រទេសឥណ្ឌា និងកម្ពុជាដែរឬទេ?” ដែលក្នុងន័យនេះ លោកចង់ឱ្យប្រទេសឥណ្ឌា និងប្រទេសកម្ពុជារីកចម្រើនកាន់តែរឹងមាំជាមួយគ្នា ក្នុងវិស័យវប្បធម៌ ពាណិជ្ជកម្ម អាជីវកម្ម និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច៕










