តារាចម្រៀង ពេជ្រ សូលីកា បានសម្តែងការហួសចិត្តយ៉ាងខ្លាំងក្រោយពីឃ្លាចម្រៀង ព្រមហើយ ព្រមហើយ ល្បីកក្រើកពេញបណ្តាញសង្គមទិកតុកខណៈបទនោះយកលំនាំតាមបទថៃ។ បទចម្រៀងនេះមានចំណងជើងថា «ហេតុអ្វីយកគេជំនួសបង»ពីតារាចម្រៀង ឆន សុវណ្ណារាជ ហើយត្រូវបាន លីន សោម៉ា យកមកច្រៀងឡើងវិញកាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥។

កាលពីពេលថ្មីៗនេះ(២៦ ខែធ្នូ) តារាចម្រៀង ពេជ្រ សូលីកា បានបង្ហោះសំណេរមួយថា «ម៉េចបានសុខៗ ទៅផ្ទុះបទ ព្រមហើយ ព្រមហើយ ស្អីហ្នឹងពេញ TikTok ចឹង?
ដឹង ឬ ធ្វើមិនដឹងថាជាបទពួក ច ស ?»។ សំណេររបស់ ពេជ្រ សូលីកា បានធ្វើឱ្យមានការចាប់អារម្មណ៍និងមានការបញ្ចេញមតិវែកញែកច្រើនគួរឱ្យកត់សម្គាល់។ តាមការបញ្ចេញមតិវែកញែកបានឱ្យដឹងថាបទដែលកំពុងល្បីនេះមានចំណងជើងថា «ហេតុអ្វីយកគេជំនួសបង» ពីតារាចម្រៀង ឆន សុវណ្ណារាជ។
ការចាប់អារម្មណ៍ឡើងវិញនូវបទចម្រៀងនេះមានការចង្អុលបង្ហាញថាដោយសារតែ លីន សោម៉ោ ម្ចាស់ពាន Beat The Best រដូវកាលទី២ បានយកមកបកស្រាយឡើងវិញនៅក្នុងកម្មវិធីប្រគំតន្រ្តីមួយកាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥។ ក្រោយមកការ Cover របស់ លីន សោម៉ា បានរីកសាយភាយនៅលើបណ្តាញសង្គមដោយមានអ្នកលេងបណ្តាញសង្គមទិកតុកយកបទនេះមកលេងព្រោងព្រាត។ អ្វីដែលអ្នកលេងបណ្តាញសង្គមមួយចំនួនហួសចិត្តនោះទោះបីជាបទខាងលើមានជាប់អក្សរថៃយ៉ាងណាក៏អ្នកមួយចំនួនយកមកលេងដដែល។
គួរបញ្ជាក់ផងដែរថា កាលពីកន្លងមកនេះតារាចម្រៀង ឆន សុវណ្ណារាជ ធ្លាប់បានប្រកាសពហិការមិនច្រៀងបទចម្រៀងរបស់លោកដែលយកលំនាំតាមថៃចំនួន៧បទមានដូចជា «មួយខែដប់ថ្ងៃ ,ជួបដើម្បីបែក ,បងដឹង , រឿងនិទានមុនចូលគេង ,មិនហ៊ានប្រាប់អូនផ្ទាល់មាត់ , វេលាទឹកភ្នែក និងបទ សប្បាយចិត្តទេអូន»៕










