ការបាត់បង់វីរកងទ័ពវ័យក្មេង ប៊ុង តុងធៀន បានធ្វើឱ្យមហាជនសោកស្តាយពោរពេញដោយការឈឺចាប់យ៉ាងខ្លាំងនិងអាឡោះអាល័យជាទីបំផុត។ ទោះយ៉ាងណា មានអ្នកមួយចំនួនបានបង្ហោះរូបភាពស.ពរបស់វីរកងទ័ពដែលបានពលីដែលធ្វើឱ្យមានមតិប្រតិកម្មបានកើតឡើងមិនគោរពដល់អ្នកដែលបាត់បង់ជីវិត។
ដោយសារតែការបង្ហោះនិងចែកចាយរូបភាពមិនសមទំនងរបស់ វីរកងទ័ពវ័យក្មេង ប៊ុង តុងធៀន អ្នកនិពន្ធ គឹម ឌីណា បានស្នើឱ្យសាធារណកុំចែកចាយរូបភាពទាំងនេះដែលធ្វើឱ្យប៉ះពាល់ផ្លូវចិត្តដល់ក្រុមគ្រួសាររបស់កងទ័ព។ អ្នកនិពន្ធរូបនេះបាននិយាយជាទូទៅថា ប្រសិនជាសាធារណជនគោរពដឹងគុណដល់ការពលីរបស់វីរកងទ័ពយើងសុំកុំចែករំលែករូបភាពឬវីដេអូនៃសពរបស់ពួកគាត់ ពីព្រោះវាប៉ះពាល់អារម្មណ៍ខ្លាំងទៅដល់គ្រួសារវីរកងទ័ព។.png)
កញ្ញា គឹម ឌីណា ថាប្រសិនជាមានការអាណិតដឹងគុណពិតមែនអាចទៅវត្តឧទ្ទិសកុសលជូនពួកគាត់ អាចសរសេរសារឬធ្វើវីដេអូដែលនិយាយពីអារម្មណ៍ដែលដឹងគុណនិងការលះបង់របស់ពួកគាត់។ ចំណុចមួយទៀតម្ចាស់ស្នាដៃ «មនុស្សបាក់ទឹកចិត្ត» បានសុំចិត្តកុំឱ្យមានការសម្ភាសន៍សមាជិកគ្រួសារទាំងគាត់មិនមានអារម្មណ៍នៅក្នុងខ្លួន។
អ្នកនិពន្ធ គឹម ឌីណា ជឿថាយើងនឹងអាចឆ្លងកាត់ពេលវេលាដ៏លំបាកមួយនេះ រាល់ការលះបង់ឈាមខ្មែរដែលស្រក់ ទឹកភ្នែកខ្មែរដែលស្រក់ ការឈឺចាប់ទាំងប៉ុន្មានសៀមទួលរែកមិនរួចនោះទេ។ កញ្ញា ថាអ្វីដែលយើងអាចជួយបាននៅពេលនេះកុំបន្ថែមភាពឈឺចាប់ទៅកាន់ក្រុមគ្រួសាររបស់វីរកងទ័ព កុំចែករំលែករូបភាពនានាដែលធ្វើឱ្យគេដឹងពីទីតាំងកងទ័ព ខណៈពេលនេះមានព័ត៌មានចិត្តសាស្រ្តច្រើនណាស់ឱ្យខ្មែរបែកបាក់គ្នា។
អ្នកនិពន្ធរូបនេះ ថាសៀមខ្លាចខ្មែរខ្លាំងហើយខ្មែរខ្លាំងបាននៅពេលខ្មែររួបរួមសាមគ្គីគ្នាដូច្នេះមានរឿងខ្លះអាចអត់ឱនឱ្យគ្នាបានគឺអត់ឱនឱ្យគ្នាទៅនៅក្នុងកាលៈទេសៈនេះ៕










