លើកនេះមិនដូចលើកមុនឡើយ បន្ទាប់ពីកិច្ចព្រមព្រៀងសន្តិភាពត្រូវបានភាគីថៃបំពានជាថ្មី ថៃបានហែកកិច្ចព្រមព្រៀងចោលដោយគ្មានញញើតពីប្រទេសជាហត្ថលេខី សម្បីតែសហរដ្ឋអាមេរិក និងម៉ាឡេស៊ី បានចេញមុខសម្របសម្រួលរួចហើយ ក៏ថៃមិនខ្លាចញញើតដែរ ។ លើកនេះ ដល់វេនមហាអំណាចចិនបានប្រកាសចេញមុខដោយផ្ទាល់តែម្តង ដោយចិនបានសង្កត់ធ្ងន់លើការគោរពបទឈប់បា.ញ់ បន្តស្តារទំនុកចិត្តឱ្យបានលឿនបំផុត ដើម្បីកាត់បន្ថយការខូចខាតទាន់ពេលវេលា ។ នេះបើយោងតាមការបង្ហោះនៅលើផេកផ្លូវការរបស់ស្ថានទូតចិនប្រចាំប្រទេសថៃ កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះ ។
យោងតាមហ្វេសប៊ុកផេករបស់ស្ថានទូតចិនប្រចាំប្រទេសថៃ លោក Wang Yi រដ្ឋមន្ត្រីក្រសួងការបរទេសចិនបានជួបពិភាក្សាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា និងថៃរួចហើយ ។ លោកលើកឡើងថា ភាគីទាំងពីរក៏បានត្រៀមខ្លួនដើម្បីកាត់បន្ថយភាពតានតឹង ដោយលោករដ្ឋមន្ត្រីក្រសួងការបរទេសចិនបានសង្កត់ធ្ងន់លើភារកិច្ចបន្ទាន់ៗ គឺការឈប់បាញ់ និងស្តារទំនុកចិត្តឡើងវិញ ។
នេះជាការព្យាយាមសម្របសម្រួលរបស់ចិនដើម្បីឱ្យកម្ពុជា-ថៃទទួលបានសន្តិភាពឆាប់ៗ បន្ទាប់ពីមេដឹកនាំថៃទាត់ចោលបទឈប់បា.ញ់ កិច្ចព្រមព្រៀងសន្តិភាព និងមិនទទួលយកការសម្របសម្រួលពីប្រទេសណាទាំងអស់ ។
បន្ទាប់ពីពិភាក្សាតាមទូរស័ព្ទជាមួយឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងលោក Sihasak Phuangketkeow រដ្ឋមន្ត្រីក្រសួងការបរទេសថៃ លោក Wang Yi មានប្រសាសន៍ថា កម្ពុជា-ថៃត្រៀមខ្លួនកាត់បន្ថយភាពតានតឹង និងឈប់បាញ់ ។
លោក Wang Yi រដ្ឋមន្ត្រីក្រសួងការបរទេសចិនបានលើកឡើងថា ក្នុងឋានៈជាមិត្តជិតស្និទ្ធរបស់កម្ពុជា-ថៃ ចិនមិនចង់ឃើញប្រទេសទាំងពីរមានជម្លោះជាមួយគ្នាបែបនេះទេ ចិនសោកស្តាយបំផុតចំពោះការបាត់បង់ជីវិត និងរងរបួសរបស់ពលរដ្ឋទាំងសងខាង ។
លោកបន្តថា សង្គ្រាមរវាងកម្ពុជា-ថៃជាថ្មីនេះបានអូសបន្លាយពេលយូរជាងសង្គ្រាមលើកដំបូង ប្រសិនបើសង្គ្រាមនៅតែអូសបន្លាយយូរទៀត វាគ្មានប្រយោជន៍ដល់ប្រទេសទាំងពីរឡើយ ថែមទាំងបំផ្លាញសាមគ្គីភាពរបស់អាស៊ាន ហេតុនេះ ភារកិច្ចបន្ទាន់ គឺការឈប់បាញ់លឿនបំផុតដើម្បីកាត់បន្ថយការខូចខាតឱ្យទាន់ពេលវេលា និងស្តារទំនុកចិត្តរវាងគ្នាទៅវិញទៅមក ។ ចិនប្រកាន់គោលជំហរជំរុញការចរចាបញ្ចប់ជម្លោះព្រំដែន និងការដោះស្រាយបញ្ហារបស់អាស៊ាន ហើយកាលពីថ្ងៃទី១៨ ខែធ្នូ កន្លងមក ចិនបានបញ្ជូនបេសកជនពិសេសរបស់ក្រសួងការបរទេសទទួលបន្ទុកកិច្ចការអាស៊ី ធ្វើដំណើរទស្សនកិច្ចផ្លូវការមកកាន់កម្ពុជា-ថៃ ដើម្បីស្តារសន្តិភាព ។
លោកបានបន្តែមទៀតថា ចិននឹងបំពេញតួនាទីភ្ជាប់ទំនាក់ទំនង ព្រមទាំងស្ថាបនាការស្តារសន្តិភាពរវាងកម្ពុជា-ថៃ ហើយសង្ឃឹមថា កម្ពុជា-ថៃនឹងអនុវត្តវិធានការមានប្រសិទ្ធភាព ក៏ដូចជាធានាសុវត្ថិភាពពលរដ្ឋចិនដែលស្នាក់នៅក្នុងប្រទេសទាំងពីរ ។ ក្រៅពីនេះ ចិនអំពាវនាវឱ្យទប់ស្កាត់ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ក្នុងគោលបំណងបំផ្លាញទំនាក់ទំនងរវាងចិនជាមួយប្រទេសទាំងពីរ ។
កម្ពុជាសូមស្វាគមន៍ចំពោះការសម្របសម្រួលម្តងហើយម្តងទៀតរបស់មហាអំណាចចិន មហាអំណាចអាមេរិក និងម៉ាឡេស៊ីជាប្រធានអាស៊ាន ដើម្បីឱ្យថៃបញ្ចប់សង្គ្រាមឈ្លានពាននេះ ហើយកម្ពុជាក៏រីករាយចំពោះដំណើរទស្សនកិច្ចផ្លូវការរបស់បេសកជនពិសេសក្រសួងការបរទេសចិនទទួលបន្ទុកកិច្ចការអាស៊ីមកកាន់កម្ពុជាផងដែរ ដើម្បីឱ្យថៃងាកមកគោរពបទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរ ៕










