ប្រទេសថៃ ៖ រហូតមកដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ មានរយៈពេល១១ថ្ងៃហើយ ដែលកងទ័ពថៃបានបើកការវាយប្រ.ហារធ្វើសង្គ្រា.មឈ្លានពា.នក្នុងដែនអធិបតេយ្យកម្ពុជាទាំងកំរោល ខណៈវីរកងទ័ពកម្ពុជាចាំបាច់ត្រូវប្រើប្រាស់សិទ្ធិការពារខ្លួន និងបូរណភាពទឹកដី បន្ទាប់ពីអត់ធ្មត់ខ្លាំងរយៈពេល២៤ម៉ោង ។ សង្រ្គាមឈ្លានពា.នជាថ្មីដែលបង្កឡើងដោយកងទ័ពថៃបានអូសបន្លាយពេលយូរជាងសង្គ្រា.មកាលពីខែកក្កដា ហើយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim និងប្រធានាធិបតីអាមេរិក លោក Donald Trump បានជួយសម្របសម្រួលម្តងទៀត ប៉ុន្តែបែរជាមេដឹកនាំថៃទាត់ចោល ។
សង្គ្រាមរវាងកម្ពុជា-ថៃលើកនេះ មិនមែនជាជម្លោះព្រំដែនទេ គឺជាជម្លោះដែលថៃឈ្លានពានទឹកដីរបស់កម្ពុជាកាន់តែជ្រៅ ។ ថ្មីៗនេះ មហាអំណាចចិនក៏បានចេញមកអំពាវនាវជាថ្មីម្តងទៀតឱ្យថៃបញ្ឈប់សង្គ្រាមជាបន្ទាន់ និងងាកមកចរចាដោយសន្តិវិធី គោរពកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរ ពីព្រោះកម្ពុជា-ថៃជាប្រទេសជិតខាងគ្នា មិនអាចបំបែកពីគ្នាបាន ប៉ុន្តែត្រូវមេដឹកនាំថៃទាត់ចោល ដូចដែលធ្លាប់ទាត់ចោលការអំពាវនាវរបស់ម៉ាឡេស៊ី និងមហាអំណាចអាមេរិក ។
បច្ចុប្បន្ន ពលរដ្ឋថៃនៅព្រំដែនចាប់ផ្តើមធុញទ្រាន់នឹងមេដឹកនាំ និងកងទ័ពរបស់ខ្លួន ដែលបង្កសង្គ្រាមវាយប្រហារកម្ពុជាម្តងហើយម្តងទៀត និងអូសបន្លាយពេលយូរ ដោយសារពួកគេត្រូវស្នាក់នៅក្នុងជំរំភៀសសឹកមិនអាចប្រកបរបររកស៊ី បាត់បង់ចំណូល ហើយមិនដឹងសង្គ្រាមបញ្ចប់ពេលណា ។ ពលរដ្ឋខេត្តបុរីរាំបានអង្វរមេដឹកនាំ ក៏ដូចជាកងទ័ពឱ្យបញ្ចប់សង្គ្រាមឆាប់ៗ ដោយនិយាយថា បើមិនអាចចរចាជាមួយកម្ពុជាបានទេ គួរតែប្រយុទ្ធឱ្យដឹងឈ្នះ-ចាញ់ ដើម្បីចាកចេញពីជំរំភៀសសឹកត្រឡប់ទៅលំនៅឋានប្រកបរបរឡើងវិញ មិនចង់ឃើញសង្គ្រាមអូសបន្លាយយូរទេ ។
កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ ពលរដ្ឋស្រុកបានក្រួត ខេត្តបុរីរាំ ដែលកំពុងស្នាក់នៅក្នុងជំរំភៀសសឹកមួយកន្លែងប្រាប់ថា ធុញទ្រាន់នឹងសង្គ្រាមដែលបង្កឡើងដោយរដ្ឋាភិបាល និងកងទ័ពថៃ ពួកគេចង់ត្រឡប់ទៅលំនៅឋានវិញឆាប់ៗ មិនចង់ជម្លៀសម្តងហើយម្តងទៀត ហើយការជម្លៀសលើកនេះមានរយៈពេល១០ថ្ងៃហើយ ។ ពលរដ្ឋសំណូមពរឱ្យរដ្ឋាភិបាល និងកងទ័ពដោះស្រាយបញ្ចប់ជម្លោះជាមួយកម្ពុជាឆាប់ៗតាមរយៈការចរចា បើចរចាមិនត្រូវគ្នា ឬមិនផ្តល់ប្រយោជន៍ដល់ថៃ ត្រូវតែប្រយុទ្ធឱ្យដឹងឈ្នះ-ចាញ់ ដោយសារមិនអាចប្រកបរបររកស៊ី បាត់បង់ប្រាក់ចំណូល និងប៉ះពាល់ដល់ជីវភាពគ្រួសារយ៉ាងខ្លាំង ។
ចំណែកពលរដ្ឋថៃក្នុងបណ្តាញសង្គមបានចេញមកស្តីបន្ទោសឱ្យនាយករដ្ឋមន្ត្រីចាំផ្ទះ លោក Anutin Charnvirakul ជាបន្តបន្ទាប់ ដោយសារតែបង្កសង្គ្រាមឈ្លានពានកម្ពុជា ដើម្បីបិទបាំងទោសកំហុសរបស់ខ្លួនបណ្តោយឱ្យពលរដ្ឋស្លាប់ដោយសារទឹកជំនន់រហូតដល់ជាង១,០០០នាក់ ជាពិសេស ពលរដ្ឋស្រុកហាតយៃ ខេត្តសុងក្លា និងបិទបាំងរឿងអាស្រូវបន្ទាប់ពីបែកធ្លាយរូបភាពលោក Anutin មានទំនាក់ទំនងជិតស្និទ្ធជាមួយមេឧក្រិដ្ឋកម្មបរទេស ។ សង្គ្រាមលើកនេះ គឺដើម្បីតែផលប្រយោជន៍នយោបាយ រកសំឡេងគាំទ្រពីពលរដ្ឋសម្រាប់ការបោះឆ្នោតនៅខែកុម្ភៈ ឆ្នាំ២០២៦ ទើបចោទប្រកាន់កម្ពុជាបង្កប់មីនយកលេសវាយប្រហារ ។
គួរបញ្ជាក់ថា បន្ទាប់ពីមានការអំពាវនាវពីមហាអំណាចចិនម្តងទៀត រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោក Natthaphon Narkphanit និយាយថា កងទ័ពថៃនឹងវាយប្រហារកម្ពុជាមួយរយៈទៀតដើម្បីដណ្តើមទឹកដីកម្ពុជានៅតំបន់ដែលថៃចង់បាន មិនយូរទេ សង្គ្រាមនឹងបញ្ចប់ ខណៈនាយករដ្ឋមន្ត្រីថៃចោទប្រកាន់កម្ពុជាបាញ់មុន ហើយថា ដល់ពេលវេលាដែលកម្ពុជាសុំចរចាបញ្ចប់សង្គ្រាម ។ រីឯក្រសួងការបរទេសថៃបានកំណត់លក្ខខណ្ឌ៣ចំណុចសម្រាប់កម្ពុជា ទើបថៃបញ្ចប់សង្គ្រាម រួមមាន ៖ ១-ភាគីកម្ពុជាត្រូវប្រកាសឈប់បាញ់ជាមុន, ២-ការឈប់បាញ់ត្រូវតែកើតឡើងជាក់ស្តែង និងជាបន្តបន្ទាប់ និង៣-ភាគីកម្ពុជាត្រូវផ្តល់កិច្ចសហការក្នុងការបោសសម្អាតមីនដោយភាហ្មត់ចត់ និងស្មោះត្រង់ ៕










