ប្រទេសវៀតណាម ៖ វៀតណាមបានបង្ហាញចំនួនភ្ញៀវទេសចរបរទេសដែលមកលេងប្រទេសរបស់ខ្លួនចាប់ពីដើមខែមករា រហូតដល់ពាក់កណ្តាលខែធ្នូ ឆ្នាំ២០២៥ លើសគោលដៅ និងច្រើនជាងបណ្តាឆ្នាំមុនៗ គឺស្មើរហូតដល់២១លាននាក់ បើទោះជាវៀតណាមប្រឈមបញ្ហាធូលីកខ្វក់ និងទឹកជំនន់ខ្លាំងក្តី ។ ភ្ញៀវទេសចរមកលេងវៀតណាមច្រើនជាងគេ គឺភ្ញៀវទេសចរចិន បន្ទាប់មក កូរ៉េខាងត្បូង តៃវ៉ាន់ អាមេរិក និងជប៉ុន ដោយសារវៀតណាមមានទីតាំងជាប់ឆ្នេរសមុទ្រ ធនធានធម្មជាតិសម្បូរបែប និងការចាប់អារម្មណ៍វប្បធម៌-ប្រវត្តិសាស្ត្រ ។
.jpg)
តាមការចុះផ្សាយរបស់សារព័ត៌មានបរទេសកាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាមបញ្ជាក់ថា ភ្ញៀវទេសចរបរទេសមកលេងប្រទេសវៀតណាម ចាប់ពីដើមខែមករា រហូតដល់ពាក់កណ្តាលខែធ្នូ ឆ្នាំ២០២៥ គឺស្មើរហូតដល់២១លាននាក់ ដែលជាចំនួនច្រើនបំផុតទោះជាវៀតណាមប្រឈមនឹងបញ្ហាធូលីកខ្វល់លើអាកាស និងទឹកជំនន់ធ្ងន់ធ្ងរក្តី ។ នេះជាការកើនឡើងចំនួនភ្ញៀវទេសចរបរទេសគួរឱ្យកត់សម្គាល់បន្ទាប់ពីជំងឺកូវីដ-១៩ ឆ្លងរាតត្បាត ដែលធ្វើឱ្យភ្ញៀវទេសចរបរទេសមកវៀតណាមធ្លាក់ចុះ ។.jpg)
បច្ចុប្បន្ន វៀតណាមបានក្លាយជាគោលដៅទេសចរណ៍ដ៏លេចធ្លោទាក់ទាញភ្ញៀវទេសចរបរទេសមកកម្សាន្តក្នុងចំណោមបណ្តាប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ ដោយសារវៀតណាមមានទីតាំងនៅជាប់ឆ្នេរសមុទ្រ ធនធានធម្មជាតិសម្បូរបែប ទេសភាពធម្មជាតិដ៏ស្រស់ស្អាត ព្រមទាំងការចាប់អារម្មណ៍ប្រវត្តិសាស្ត្រ និងវប្បធម៌ពីសំណាក់ភ្ញៀវទេសចរ ។
កាលពីថ្ងៃទី១៥ ខែធ្នូ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាមបានរៀបចំពិធីអបអរមួយនៅកោះ Phu Quoc (កោះត្រល់) ដែលបច្ចុប្បន្ន ស្ថិតនៅខេត្តអានសាង បន្ទាប់ពីភ្ញៀវទេសចរបរទេសមកលេងវៀតណាមរហូតដល់២១លាននាក់ និងលើសគោលដៅកំណត់ត្រឹមតែ២០លាននាក់នៅឆ្នាំ២០២៥ ។ នេះជាឆ្នាំដំបូងដែលវៀតណាមទទួលបានភ្ញៀវទេសចរលើសគោលដៅ និងខ្ពស់ជាងអំឡុងពេលមុនជំងឺកូវីដ-១៩ ឆ្លងរាតត្បាត ។
.jpg)
នៅមុនពេលជំងឺកូវីដ-១៩ ឆ្លងរាតត្បាត វៀតណាមធ្លាប់ទទួលបានភ្ញៀវទេសចរច្រើនបំផុតត្រឹមតែ១៨លាននាក់ប៉ុណ្ណោះ ។ បន្ទាប់មក នៅឆ្នាំ២០២១ ចំនួនភ្ញៀវទេសចរបរទេសបានធ្លាក់ចុះយ៉ាងខ្លាំង គឺភ្ញៀវទេសចរបរទេសមកលេងវៀតណាមមិនដល់១៦ម៉ឺននាក់ទេ ។
ចំនួនភ្ញៀវទេសចរបរទេសមកលេងវៀតណាមនៅឆ្នាំ២០២៥ កើនឡើងលើសឆ្នាំ២០២៤ រហូតដល់១៩.៣% ទោះជានៅឆ្នាំនេះ ទីក្រុងហាណូយមានធូលីកខ្វក់ខ្លាំង និងទីក្រុងវ៉េ ទីក្រុងហយអាន់ និងទីក្រុងញ៉ាចាង ដែលសុទ្ធតែជាទីក្រុងពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរ បានលិចលង់ដោយទឹកជំនន់ធ្ងន់ធ្ងរក្តី ។ តាមសេចក្តីរាយការណ៍ពីការិយាល័យស្ថិតិជាតិ ចាប់ពីមករា ដល់ខែវិច្ឆិកា ឆ្នាំ២០២៥ ភ្ញៀវទេសចរចិនបានមកលេងវៀតណាមច្រើនជាងគេ បន្ទាប់មក ភ្ញៀវទេសចរកូរ៉េខាងត្បូង តៃវ៉ាន់ អាមេរិក និងជប៉ុន ៕










