ប្រទេសថៃ ៖ បន្ទាប់ពីមហាអំណាចចិនចេញមកអំពាវនាវជាថ្មីឱ្យបញ្ចប់សង្គ្រា.មរវាងកម្ពុជា-ថៃ ហើយចិនសង្ឃឹមថា ភាគីទាំងពីរនឹងអត់ធ្មត់ជាអតិបរមា បញ្ឈប់ការប្រយុ.ទ្ធ និងកាត់បន្ថយភាពតានតឹងនៅតាមបណ្តោយព្រំដែន ចិននៅតែរក្សាជំហរតួនាទីស្ថាបនារបស់ខ្លួនដើម្បីជំរុញការចរចាសន្តិភាពរវាងប្រទេសទាំងពីរនោះ រដ្ឋមន្ត្រីក្រសួងការបរទេសថៃបញ្ជាក់ថា ថៃចង់បញ្ចប់សង្គ្រា.មឈ្លានពាននេះ ប៉ុន្តែកម្ពុជាត្រូវតែឈប់បា.ញ់មុន ។
រដ្ឋមន្ត្រីក្រសួងការបរទេស លោក Sihasak Phuangketkeow បានផ្តល់សម្ភាសន៍ជាមួយសារព័ត៌មាននៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ ថា មន្ត្រីការបរទេសថៃបានជួបឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសថៃ ដែលក្នុងជំនួបនេះ ឯកអគ្គរដ្ឋទូតចិនចង់ឃើញកម្ពុជា-ថៃបញ្ចប់សង្គ្រា.ម និងត្រឡប់មកចរចាសន្តិភាព ចិនចង់ឱ្យភាគីទាំងពីរដោះស្រាយជម្លោះដោយសន្តិវិធី ។ ថៃក៏បង្ហាញពីគោលជំហរការបញ្ចប់សង្គ្រា.ម ប្រសិនបើឈប់បា.ញ់ គឺកម្ពុជាត្រូវតែឈប់មុន ទើបឈានដល់ការចរចាគ្នា ។
ចំណែកការចោទប្រកាន់កម្ពុជាប្រើប្រាស់អាវុធថ្មី ឬសង្ស័យកម្ពុជាយកអាវុធរបស់ចិនមកតបតជាមួយថៃក្នុងសង្គ្រាមព្រំដែន រដ្ឋមន្ត្រីក្រសួងការបរទេស លោក Sihasak ថា អាវុធដែលចិនផ្តល់ឱ្យកម្ពុជា គឺជាអាវុធចាស់ ចិនមិនបានផ្តល់អាវុធថ្មីឱ្យកម្ពុជាទេ ថៃអាចតាមដានថា តើកម្ពុជាបានអាវុធពីណា ហើយថៃក៏បានជជែកពីបញ្ហាអាវុធជាមួយចិនផងដែរ ។ ក្រៅពីនេះ លោកបានទាត់ចោលព័ត៌មានដែលចុះផ្សាយថា កម្ពុជាជួលទាហានស៊ីឈ្នួលបរទេសមកជួយប្រយុទ្ធជាមួយថៃ គឺជាព័ត៌មានគ្មានប្រភពច្បាស់លាស់ ។
លោកក៏បានរំលឹកពីការជជែកគ្នាតាមទូរស័ព្ទរវាងនាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul និងប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីពេលកន្លងមកថា នៅថ្ងៃនោះ នាយករដ្ឋមន្ត្រីថៃមិនបានជជែកពីការឈប់បាញ់កម្ពុជាទេ ។ បើឈប់បាញ់ គឺកម្ពុជាត្រូវតែឈប់មុន ព្រមទាំងជជែកគ្នាថា តើនឹងឈប់បាញ់នៅពេលណា និងមានលក្ខខណ្ឌអ្វីខ្លះ ។ លោកប្រធានាធិបតី Trump គំរាមដំឡើងពន្ធគយយ៉ាងខ្លាំងក្លាដើម្បីដោះស្រាយជម្លោះព្រំដែនដែលផ្ទុះឡើងជាថ្មីរវាងកម្ពុជា-ថៃ និងដាក់សម្ពាធឱ្យប្រទេសទាំងពីរបញ្ចប់ជម្លោះប្រដាប់អាវុធ វិលទៅគោរពបទឈប់បាញ់នោះ គឺលោក Trump អាចនឹងរង់ចាំឱ្យប្រទេសទាំងពីរចរចាគ្នាបញ្ចប់សង្គ្រាម ព្រោះមិនបានបញ្ជាក់ពីការបញ្ឈប់ចរចាពន្ធគយ ។
កាលពីថ្ងៃទី១៥ ខែធ្នូ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun និងឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក Wang Wenbin បានស្នើឱ្យកម្ពុជា-ថៃបញ្ឈប់សង្គ្រាម ដោយនិយាយថា អាទិភាពចម្បងបំផុត គឺបញ្ឈប់ការប្រយុទ្ធគ្នា និងការពារអាយុជីវិតជនស៊ីវិល បន្ទាប់ពីចិនមើលឃើញថៃបាននិងកំពុងពង្រីកជម្លោះពីព្រំដែនគោករហូតដល់ដែនទឹក ។ ការអន្តរាគមន៍របស់មហាអំណាចចិន គឺជារឿងល្អ បន្ថែមពីលើការអន្តរាគមន៍របស់ប្រទេសនានា រួមទាំងមហាអំណាចអាមេរិកឱ្យថៃគោរពបទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាព ប៉ុន្តែថៃនៅតែរឹងទទឹង ។
កងទ័ពថៃបានបើកឆាកវាយប្រហារមុនមកលើកម្ពុជា ប៉ុន្តែបែរជាឱ្យកម្ពុជាឈប់បាញ់មុន ។ បើនិយាយពាក្យថា «ឈប់បាញ់» សម្រាប់កម្ពុជាមិនមែនជាអ្នកចាប់ផ្តើមមុនទេ រាល់ការផ្ទុះអាវុធ គឺថៃចាប់ផ្តើមមុនទាំងអស់ ហេតុនេះ ភាគីថៃទៅវិញទេដែលជាអ្នកត្រូវឈប់បាញ់មកលើកម្ពុជា ។ កម្ពុជាមិនចង់មានសង្គ្រាមទេ ពលរដ្ឋកម្ពុជាចង់រស់នៅដោយស្ងប់ស្ងាត់គ្មានការឈ្លានពានពីប្រទេសជិតខាង ប៉ុន្តែថៃនៅតែបន្តបាញ់ប្រហារ ទើបកម្ពុជាចាំបាច់បត្រូវប្រើប្រាស់សិទ្ធិការពារខ្លួន និងទឹកដី ។
គួរបញ្ជាក់ថា ថៃនៅតែផ្គើនបន្តឈ្លានពានមិនព្រមឈប់បាញ់លើកម្ពុជា ទោះជាមានការអំពាវនាវពីមហាអំណាចអាមេរិក មហាអំណាចចិន ម៉ាឡេស៊ីជាប្រធានអាស៊ាន និងប្រទេសជាច្រើនក្តី រហូតមកដល់ថ្ងៃទី១៦ ខែធ្នូ កងទ័ពថៃបានបន្តការបាញ់ប្រហារមកលើកងកម្លាំងកម្ពុជានៅយោធភូមិភាគទី៤ និងយោធភូមិភាគទី៥ ។ វីរកងទ័ពកម្ពុជាបាននិងកំពុងបន្តឈរជើងយ៉ាងរឹងមាំ ស្វាហាប់ មោះមុត និងនៅតែតស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញតតាំងជាមួយសត្រូវឈ្លានពាននៅគ្រប់សមរភូមិទាំងអស់ ក្នុងការបំពេញតួនាទីរបស់ខ្លួនដើម្បីការពារបូរណភាពទឹកដីកម្ពុជា ៕










