ប្រទេសថៃ ៖ រហូតមកដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ កងទ័ពថៃនៅតែសម្រុកវាយប្រ.ហារមកក្នុងដែនអធិបតេយ្យស្របច្បាប់របស់កម្ពុជាទាំងកំរោល និងពង្រីកសមរភូមិប្រ.យុទ្ធនៅតាមបណ្តោយព្រំដែនដោយប្រើប្រាស់សព្វាវុ.ធធុនធ្ងន់គ្រប់ប្រភេទ ផ្សែងពុល យន្តហោះចម្បាំង F-16 និង Gripen ដោយទាត់ចោលការអំពាវនាវរបស់ប្រទេសនានាដែលស្នើឱ្យថៃបញ្ឈប់សង្គ្រា.ម ។ សកម្មភាពឈ្លានពា.នដោយប្រដាប់អាវុ.ធរបស់ថៃបង្កឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរ បើគិតត្រឹមថ្ងៃទី១០ ខែធ្នូ ជនស៊ីវិលកម្ពុជាបានបាត់បង់ជីវិ.តកើនឡើងរហូតដល់៩នាក់ និងរងរបួសជនស្លូតត្រង់៤៦នាក់ ។
កាលពីថ្ងៃទី១០ ខែធ្នូ នាយកដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul បានប្រកាសពីគោលជំហររបស់ខ្លួនទៅកាន់សារព័ត៌មាន គឺនៅតែធ្វើសង្គ្រាមឈ្លានពានកម្ពុជាបន្តទៀត និងបិទការចរចាទោះជាមានការអំពាវនាវពីប្រធានាធិបតីអាមេរិក លោក Donald Trump ក៏ដោយ ។ លោកថា ប្រសិនបើលោកប្រធានាធិបតី Trump ទូរស័ព្ទមកឱ្យថៃបញ្ឈប់សង្គ្រាមងាកមកចរចា គឺមិនព្រមដាច់ខាត លោកនឹងចោទប្រកាន់ លាបពណ៌ និងទម្លាក់កំហុសលើកម្ពុជាគ្រប់បែបយ៉ាងប្រាប់ទៅប្រធានាធិបតីអាមេរិក ។
ការប្រកាន់ជំហររឹងរូស និងបិទការចរចារបស់មេដឹកនាំថៃ បន្ទាប់ពីសារព័ត៌មានបរទេសផ្សាយថា លោកប្រធានាធិបតី Trump នឹងទូរស័ព្ទមកសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីថៃ លោក Anutin ឆាប់ៗនេះ ដើម្បីបញ្ចប់សង្គ្រាមនៅព្រំដែនប្រទេសទាំងពីរដែលបង្កឡើងដោយកងទ័ពថៃ ។ ថៃបានទាត់ចោលកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរ ដែលប្រធានាធិបតីអាមេរិកជាអ្នកផ្តួចផ្តើមឱ្យកម្ពុជា-ថៃចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ។
ពេលផ្តល់សម្ភាសន៍ជាមួយសារព័ត៌មានកាលពីថ្ងៃទី១០ ខែធ្នូ លោក Anutin ថា នឹងបដិសេធការចរចាសន្តិភាពជាមួយកម្ពុជា ប្រសិនបើលោកប្រធានាធិបតី Trump ទូរស័ព្ទមកឱ្យថៃបញ្ឈប់សង្គ្រាម លោកនឹងប្រាប់ប្រធានាធិបតីអាមេរិកពីមូលហេតុដែលថៃបង្កសង្គ្រាមជាថ្មី ។ កងទ័ពថៃនៅតែបន្តការប្រយុទ្ធមិនឈប់ឈរ មិនអាចបញ្ជាក់ពីពេលវេលាបញ្ចប់សង្គ្រាមទេ ពីព្រោះជាការវាយលុកតាមផែនការគ្រោងទុក ។ អាមេរិកមិនអាចដាក់សម្ពាធឱ្យថៃបញ្ឈប់សង្គ្រាមពេលនេះទេ ព្រោះជាបញ្ហារវាងកម្ពុជា-ថៃ ប្រទេសផ្សេងមិនពាក់ព័ន្ធ ។ ថៃនឹងព្យាយាមបំភ័ន្តភ្នែកពិភពលោក ដោយលាបពណ៌កម្ពុជាល្មើសកិច្ចព្រមព្រៀងសន្តិភាព ទើបថៃបើកការវាយប្រហារ និងមិនដោះលែងវីរៈកងទ័ពកម្ពុជាដែលថៃចាប់ខ្លួនដោយខុសច្បាប់ ។
លោក Anutin បានប្រគល់អំណាចឱ្យកងទ័ពជើងគោក ជើងទឹក និងអាកាស បើកការវាយប្រហារកម្ពុជាជាផ្លូវការតាំងពីថ្ងៃទី៧ ខែធ្នូ និងអំពាវនាវឱ្យពលរដ្ឋមានគំនិតជាតិនិយមជ្រុលជួយគាំទ្រសកម្មភាពឈ្លានពានរបស់កងទ័ព ។ កងទ័ពថៃនៅតែបន្តសកម្មភាពវាយប្រហារក្រោមហេតុផលការពារអធិបតេយ្យ និងសុវត្ថិភាពពលរដ្ឋ និងមិនអាចប្រាប់ពីពេលវេលាបញ្ចប់សង្គ្រាម ពីព្រោះជាការសម្ងាត់របស់កងទ័ព ។
គួរបញ្ជាក់ថា មេដឹកនាំថៃតែងតែនិយាយថា កងទ័ពខ្លួនបើកការវាយប្រហារជាថ្មីនេះគ្រាន់តែការពារអធិបតេយ្យ និងសុវត្ថិភាពលរដ្ឋខ្លួន ថៃចង់បានសន្តិភាពជាមួយប្រទេសជិតខាង ។ សំណួរសួរថា បើថៃពិតជាចង់បានសន្តិភាពមែន ហេតុអ្វីបិទការចរចា? បើថៃប្រយុទ្ធដើម្បីការពារពលរដ្ឋខ្លួន ហេតុអ្វីពង្រីកសមរភូមិចូលក្នុងទឹកដីកម្ពុជា? ហេតុអ្វីប្រើប្រាស់យន្តហោះចម្បាំង F-16 របស់អាមេរិក និងយន្តហោះ Gripen របស់ស៊ុយអែត? នេះជាការវាយប្រហារដ៏កំរោលមិនរើសគោលដៅរបស់កងទ័ពថៃ និងបំពានច្បាប់មនុស្សធម៌អន្តរជាតិ ។
កម្ពុជាសូមអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសយ៉ាងម៉ឺងម៉ាត់ចំពោះការរំលោភបំពានសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា-ថៃ និងសកម្មភាពឧក្រិដ្ឋកម្មសង្គ្រាម ខុសច្បាប់របស់ថៃម្តងហើយម្តងទៀត ដោយទាមទារឱ្យថៃទទួលខុសត្រូវទាំងស្រុងចំពោះការរំលោភបំពានដ៏កំរោលនេះ ៕










