ប្រទេសថៃ ៖ បន្ទាប់ពីមានការប៉ះទង្គិចដោយអាវុ.ធជាបន្តបន្ទាប់នៅមីយ៉ាន់ម៉ារវាងកងទ័ពរដ្ឋាភិបាល និងក្រុមប្រឆាំង ដែលស្ថិតនៅទល់មុខខេត្តតាក ប្រទេសថៃ បណ្តាលឱ្យពលរដ្ឋថៃ៤នាក់រងរបួស ខូចខាតផ្ទះសម្បែង និងមានគ្រាប់កាំភ្លើ.ងធំធុនធ្ងន់៥គ្រាប់ធ្លាក់ចូលទឹកដីថៃ ហើយកងទ័ពថៃក៏បា.ញ់ទៅមីយ៉ាន់ម៉ាវិញ ប៉ុន្តែមីយ៉ាន់ម៉ាមិនខ្វល់នឹងការបា.ញ់តបតរបស់កងទ័ពថៃ ព្រមទាំងមើលឃើញការប្រយុទ្ធគ្នានៅមីយ៉ាន់ម៉ាមិនថមថយ ថៃក៏សម្រេចចិត្តដកថយ និងបិទព្រំដែនជាបណ្តោះអាសន្នជាមួយមីយ៉ាន់ម៉ាដើម្បីការពារអាយុជីវិតពលរដ្ឋ ។ ទោះមានគ្រា.ប់កាំភ្លើ.ងធ្លាក់ចូលក្តី ថៃមិនថ្កោលទោសមីយ៉ាន់ម៉ាទេ បែរជាបារម្ភពីព្រំដែនជាប់កម្ពុជាទៅវិញ ។

នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោក Natthaphon Narkphanit បានផ្តល់សម្ភាសន៍ជាមួយសារព័ត៌មានថា ថៃតាមដានស្ថានការណ៍ប៉ះទង្គិចដោយអាវុធនៅមីយ៉ាន់ម៉ាគ្រប់ពេលវេលា ប៉ុន្តែវាមិនគួរឱ្យបារម្ភដូចនៅព្រំដែនជាប់កម្ពុជាទេ ។ ថៃបានបិទព្រំដែនខេត្តតាកជាប់មីយ៉ាន់ម៉ាក្រោយពីមានការប្រយុទ្ធគ្នាជាបន្តបន្ទាប់ ទោះជាថៃមិនរងផលប៉ះពាល់ធ្ងន់ធ្ងរ ប៉ុន្តែមិនមើលស្រាលស្ថានការណ៍ គឺត្រៀមខ្លួនជានិច្ច ។

នៅវិមានរដ្ឋាភិបាល រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Natthaphon បាននិយាយពីការបិទព្រំដែនមីយ៉ាន់ម៉ា-ថៃ នៅស្រុកមេស៊ត ខេត្តតាក រយៈពេល៧ថ្ងៃ ក្រោយការប្រយុទ្ធគ្នារវាងកងទ័ពរដ្ឋាភិបាលមីយ៉ាន់ម៉ា និងក្រុមប្រឆាំងថា ថៃការពារខ្លួនរហូតមក បច្ចុប្បន្ន ថៃមានបញ្ហាព្រំដែននៅខាងកើត (ជាប់កម្ពុជា) និងខាងលិច (ជាប់មីយ៉ាន់ម៉ា) ប៉ុន្តែសង្គមថៃចាប់អារម្មណ៍តែព្រំដែនខាងកើតច្រើនជាង ខណៈព្រំដែនខាងលិចមានបញ្ហារហូតមករវាងកងទ័ពរដ្ឋាភិបាលមីយ៉ាន់ម៉ា និងក្រុមប្រឆាំង ។

ការប្រយុទ្ធគ្នានៅមីយ៉ាន់ម៉ាធ្វើឱ្យពលរដ្ឋថៃនៅព្រំដែនខាងលិចរងផលប៉ះពាល់ ហើយកងទ័ពថៃនៅព្រំដែនខាងលិចបានត្រៀមខ្លួនជានិច្ច បើមានគ្រាប់កាំភ្លើងធ្លាក់ចូលទឹកដីថៃពេលណា ថៃនឹងបាញ់ជូនដំណឹងវិញ ។ ដូចគ្នានេះ ប្រសិនបើមានការល្មើសអធិបតេយ្យនៅព្រំដែនខាងកើត (ជាប់កម្ពុជា) ថៃនឹងតបតភ្លាមៗដែរ ។

រដ្ឋមន្ត្រីក្រសួងការពារជាតិថៃបន្តថា ព្រំដែនខេត្តតាកជាប់មីយ៉ាន់ម៉ា មិនគួរឱ្យបារម្ភដូចនៅព្រំដែនជាប់កម្ពុជាទេ ពីព្រោះគ្មានការល្មើសអធិបតេយ្យ គ្រាន់តែកន្លងមក ការប្រយុទ្ធគ្នារវាងកងទ័ពរដ្ឋាភិបាលមីយ៉ាន់ម៉ា និងក្រុមប្រឆាំង បណ្តាលឱ្យគ្រាប់កាំភ្លើងធ្លាក់ចូលទឹកដីថៃ ។ ថៃមិនដឹងថា តើគ្រាប់កាំភ្លើងដែលធ្លាក់នោះជារបស់ភាគីណា កងទ័ពថៃក៏បាញ់ជូនដំណឹងទៅមីយ៉ាន់ម៉ាវិញ និងត្រៀមខ្លួនជម្លៀសពលរដ្ឋ ។ មីយ៉ាន់ម៉ាគ្មានចេតនាបាញ់ចូលទឹកដីថៃទេ ពីព្រោះពួកគេប្រយុទ្ធគ្នាឯងនៅលើទឹកដីមីយ៉ាន់ម៉ា ។

ក្រសួងមហាផ្ទៃបានត្រៀមខ្លួនជានិច្ចក្នុងការជម្លៀសពលរដ្ឋថៃនៅព្រំដែនជាប់មីយ៉ាន់ម៉ាចេញពីតំបន់គ្រោះថ្នាក់ ខណៈអភិបាលខេត្តតាកឱ្យពលរដ្ឋហ្វឹកហាត់ការជម្លៀស បើការប្រយុទ្ធគ្នានៅមីយ៉ាន់ម៉ាធ្ងន់ធ្ងរ ។ កងទ័ពថៃបង្កើនការប្រុងប្រយ័ត្នទាំងព្រំដែនជាប់កម្ពុជា ទាំងព្រំដែនជាប់មីយ៉ាន់ម៉ា ហើយលោក Natthaphon នឹងទៅពិនិត្យស្ថានការណ៍ព្រំដែនជាប់មីយ៉ាន់ម៉ា នៅខេត្តតាក និងខេត្តមេហុងសន ។

គួរបញ្ជាក់ថា ទាំងរដ្ឋាភិបាលថៃ និងកងទ័ពថៃ ខ្លាចញញើតមិនហ៊ានថ្កោលទោសមីយ៉ាន់ម៉ាទេ បើទោះជាការប្រយុទ្ធរវាងកងទ័ពរដ្ឋាភិបាលមីយ៉ាន់ម៉ា និងក្រុមប្រឆាំង បណ្តាលឱ្យគ្រាប់កាំភ្លើងតូច កាំភ្លើងធំ ធ្លាក់ចូលទឹកដីថៃជាបន្តបន្ទាប់ រហូតខូចខាតផ្ទះសម្បែង និងជនស៊ីវិលថៃរងបួសក្តី កងទ័ពថៃគ្រាន់តែបាញ់ជូនដំណឹងទៅវិញប៉ុណ្ណោះ ។ រដ្ឋមន្ត្រីក្រសួងការពារជាតិថៃថា មីយ៉ាន់ម៉ាគ្មានចេតនាបាញ់ចូលទឹកដីថៃ ប៉ុន្តែបើជាមួយប្រទេសជិតខាងផ្សេងវិញ ថៃថ្កោលទោសមិនឈប់ឈរ គំរាមធ្វើសង្គ្រាម ចោទប្រកាន់បង្កប់មីនថ្មី លាបពណ៌ ទម្លាក់កំហុស និងរករឿងគ្មានទីបញ្ចប់ ៕